ប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងអភិបាលរងស្រុកឆែប, អភិបាលរងខេត្តព្រះវិហារ ណែនាំមន្ត្រីទាំងអស់បន្តរួមសហការ សាមគ្គីគ្នា ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព
23-04-2026 21:20
(ព្រះវិហារ)៖ អភិបាលរងថ្មីស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានប្រកាសផ្ទេរភារកិច្ច និងចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមវត្តមានលោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង លោក ឃិត សុធារ៉ា អភិបាលស្រុកឆែប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុកឆែប និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។
នៅក្នុងពិធីនោះត្រូវបានប្រកាសផ្ទេរភារកិច្ចលោកស្រី អុឹង សុទ្ធា អតីតអភិបាលរងស្រុករវៀង ឱ្យមកកាន់មុខតំណែងជាអភិបាលរងស្រុកឆែប ខេត្តព្រះវិហារ ដើម្បីបន្តបម្រើការងារជូនប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែរីកចម្រើន។
ថ្លែងក្នុងឱកាសនោះ លោក មិន ស៊ីថា បានថ្លែងអរគុណចំពោះការខិតខំបំពេញភារកិច្ចរបស់មន្ត្រីពាក់ព័ន្ធទាំងអស់កន្លងមក និងបានលើកទឹកចិត្តដល់លោកស្រី អុឹង សុទ្ធា ឲ្យបន្តខិតខំបំពេញតួនាទីថ្មីដោយមានទំនួលខុសត្រូវខ្ពស់ ស្មោះត្រង់ និងបម្រើផលប្រយោជន៍សាធារណៈជាអាទិភាព។
ជាមួយគ្នានេះ លោកអភិបាលរងខេត្តព្រះវិហារ ក៏បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងអស់បន្តរួមសហការគ្នាឲ្យបានល្អ ប្រកបដោយសាមគ្គីភាព ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលា៕













