ប័ណ្ណកម្មសិទ្ធិជាង ៥ពាន់ប័ណ្ណ ត្រូវបានប្រគល់ជូនដៃប្រជាពលរដ្ឋឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដើម្បីធានាសុវត្ថិភាពដីធ្លី និងការអភិវឌ្ឍ

24-04-2026 11:14

(ពោធិ៍សាត់)៖ ក្រោមម្លប់នៃសន្តិភាព និងការយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) សរុប៥,២៩៦ប័ណ្ណ ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន៤ភូមិ ក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

ពិធីនេះត្រូវបានរៀបចំឡើង នៅបរិវេណវត្តឧត្តមប្រិយជា ហៅវត្តច្រាបប្រជា ស្ថិតក្នុងភូមិក្រញាំ ឃុំផ្ទះរុង ដោយមានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលអញ្ជើញជាអធិបតី និងបានគាំទ្រទាំងស្មារតី ថវិកា និងសម្ភារ ដល់ការអភិវឌ្ឍ ក្នុងស្រុកតាលោសែនជ័យទាំងមូល។

លោកបានជម្រាបជូនថា ស្រុកតាលោសែនជ័យ គឺជាស្រុកថ្មី ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៩ មាន២ឃុំ និង៣៥ភូមិ, មានប្រជាជនសរុប៤៧,៤៨៥នាក់ ដែលក្នុងនោះ៧៩% ជាកសិករ។ ចំពោះស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់ មានភាពល្អប្រសើរ ក្រោមការយាមល្បាតយ៉ាងសកម្មពីកងកម្លាំងប្រដាប់អាវុធ និងកម្លាំងប្រជាការពារ។ ស្រុកតាលោសែនជ័យ បានសម្រេចការវាស់វែង និងវិនិច្ឆ័យដីធ្លីបាន១០០% លើផ្ទៃដីទាំង៣៥ភូមិ។ លោកបានសំណូមពរឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងភូមិទាំង៤ ទាំងអ្នកនៅជិត និងនៅឆ្ងាយ សូមរួសរាន់មកទទួលប័ណ្ណកម្មសិទ្ធិឱ្យបានគ្រប់ៗគ្នា។

លោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការងារចុះបញ្ជីដីធ្លីជាប្រព័ន្ធក្នុងខេត្ត ត្រូវបានអនុវត្តដោយកម្លាំងសរុប១៥០នាក់ ចែកចេញជា០៦ក្រុម ដែលក្នុងនោះមាន មន្ត្រីក្របខណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងនិស្សិតស្ម័គ្រចិត្ត។

លទ្ធផលការងារទូទាំងខេត្ត គិតត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ខេត្តពោធិ៍សាត់មានក្បាលដីប៉ាន់ស្មានសរុប ៤៥៤,៥៦០ក្បាលដី ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ លើការវាស់វែង និងវិនិច្ឆ័យសម្រេចបាន១០០% ស្នើនឹង៤៤៦,៥៦០ក្បាលដី។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា នៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ក្រុមការងារសម្រេចបានការវាស់វែង និងវិនិច្ឆ័យបាន៤៣,១២០ក្បាលដី និងចេញប័ណ្ណបាន១១,១០៦ប័ណ្ណ។ ថ្ងៃនេះមានការចែកប័ណ្ណសរុប៥,២៩៦ប័ណ្ណ ក្នុងភូមិចំនួន៤ រួមមានភូមិកោះស្វាយ, ភូមិតាសាស់, ភូមិក្រញាំ និងភូមិព្រៃកន្លង់ ដែលភាគច្រើននៃក្បាលដី គឺជាប្រភេទដីអំណោយពីរដ្ឋ។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានសង្កត់ធ្ងន់ថា ការចែកប័ណ្ណកម្មសិទ្ធិនាថ្ងៃនេះ មិនមែនគ្រាន់តែជាការប្រគល់ក្រដាសមួយសន្លឹកនោះទេ ប៉ុន្តែវាគឺជាការផ្តល់នូវសិទ្ធិអំណាច និងសុវត្ថិភាពផ្លូវច្បាប់យ៉ាងរឹងមាំ ជូនដល់បងប្អូនប្រជាពលរដ្ឋ។ នេះគឺជាផ្លែផ្កាដែលកើតចេញពីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការងារកែទម្រង់ដីធ្លី ដើម្បីឈានទៅលុបបំបាត់វិវាទ និងបង្កើនសេដ្ឋកិច្ចគ្រួសារ។

លោកបានបន្តលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ សូមរក្សាប័ណ្ណនេះឱ្យបានល្អ ព្រោះវាជាទ្រព្យសកម្ម ដែលបងប្អូនអាចយកទៅប្រើប្រាស់ជាទុន សម្រាប់ពង្រីកមុខរបរ ឬទុកជាមរតកសម្រាប់កូនចៅ ដោយគ្មានការភ័យខ្លាច។ ជាមួយគ្នានោះ សូមលើកទឹកចិត្តឱ្យបងប្អូន ខិតខំបង្កបង្កើនផលលើដីដែលខ្លួនមានកម្មសិទ្ធិ ដើម្បីលើកកម្ពស់ជីវភាព។ ត្រូវបន្តគាំទ្រ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលតែងតែនៅកៀកកិត និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានផ្ទាល់។

ប្រជាពលរដ្ឋដែលមកទទួលប័ណ្ណ បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ដែលបានជួយសម្របសម្រួល បញ្ចប់ការវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់បានយ៉ាងលឿន និងមានតម្លាភាព ដែលធ្វើឱ្យពួកគាត់លែងមានការព្រួយបារម្ភលើបញ្ហាទំនាស់ដីធ្លីទៀតហើយ៕