មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម៖ កម្ពុជាទទួលបានជោគជ័យជាប្រវត្តិសាស្រ្តក្នុងឆ្នាំ២០២៥ ដោយពុំមានករណីផ្សោតស្លាប់, នេះជាវិញ្ញាសាររបស់មន្ត្រី ដើម្បីរក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី
24-04-2026 12:22
(ក្រចេះ)៖ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានថ្លែងថាកម្ពុជាទទួលបានជោគជ័យជាប្រវត្តិសាស្រ្តក្នុងឆ្នាំ២០២៥ ដោយពុំមានករណីផ្សោតស្លាប់, នេះជាវិញ្ញាសាររបស់មន្ត្រី ដើម្បីរក្សាសមិទ្ធផលចាស់ បង្កើនសមិទ្ធផលថ្មី។
ការថ្លែងរបស់កញ្ញា បានធ្វើឡើងនាឱកាសដែលកញ្ញាដឹកនាំក្រុមការងារអភិរក្សជលផល និងខណ្ឌជលផលខេត្តក្រចេះ និងអង្គការដៃគូ ជួបសំណេះសំណាលជាមួយមន្រ្តីឆ្មាំទន្លេ ដើម្បីពង្រឹងនិងបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រង ការពារ អភិរក្សសត្វផ្សោត និងកន្ធាយក្បាលកង្កែប នៅតំបន់ទន្លេមេគង្គ។
កិច្ចប្រជុំនេះធ្វើឡើងនៅទីស្នាក់ការអភិរក្សសត្វផ្សោត ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការចូលរួម ពីលោកបណ្ឌិត អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល លោក ផៃ សុម៉ានី លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ លោក នេត្រ វិបុល នាយករងអង្គការអភិរក្សសត្វព្រៃ (WCS) និងលោក អៀម សំអ៊ន់ ប្រធានកម្មវិធីតំណាងអង្គការ WWF កម្ពុជា និងមន្រ្តីឆ្មាំទន្លេ សរុបអ្នកចូលរួមប្រមាណ៤០នាក់។
កញ្ញាអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជំនួបប្រចាំខែ គឺជាការផ្តល់ឱកាសដល់មន្រ្តីឆ្មាំទន្លេ ក្រុមការងារបច្ចេកទេសអភិរក្ស អង្គការដៃគូរួមមាន អង្គការ WWF និងអង្គការ WCS ពិនិត្យឡើងវិញនូវលទ្ធផលនៃការងារដែលសម្រេចបាននាពេលកន្លងមក និងពិភាក្សាលើកផែនការការងារបន្ត ក្នុងគោលដៅធ្វើយ៉ាងណា គ្រប់គ្រង ការពារ និងអភិរក្ស សត្វផ្សោត និងសត្វកន្ធាយក្បាលកង្កែប ដែលជាប្រភេទសត្វកម្រជិតផុតពូជ ក្នុងដែនអភិរក្សនៃខេត្តក្រចេះ។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ, នៅក្នុងឆ្នាំ២០២៥កន្លងទៅ កម្ពុជាទទួលបានជោគជ័យជាប្រវត្តិសាស្រ្ត ដោយពុំមានករណីផ្សោតស្លាប់ពេញ១ឆ្នាំ គិតក្នុងកំណត់ត្រារយៈពេលជាង២០ឆ្នាំចុងក្រោយ។ ជោគជ័យនៅក្នុងឆ្នាំកន្លងទៅ គឺជាវិញ្ញាសាឆ្នាំថ្មី ឆ្នាំ២០២៦ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណារក្សាឲ្យបានជាដាច់ខាតនូវសមិទ្ធផលចាស់ និងបង្កើនសមិទ្ធផលថ្មី។
ទន្ទឹមនឹងនោះកញ្ញា អ៊ឹម រចនា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ដល់មន្ដ្រីជំនាញអភិរក្ស អង្គការ WWF ដែលបាននិងកំពុងប្រឹងប្រែងបន្តជួយទ្រទ្រង់ការងារល្បាតរបស់បងពូឆ្មាំទន្លេ។ ឆ្លើយតបតាមសំណូមពររបស់ឆ្មាំទន្លេល្បាតផ្សោតទន្លេមេគង្គ លោករដ្ឋមន្ដ្រី ឌិត ទីណា បានសម្រេចផ្ដល់ម៉ាស៊ីនទូកចំនួន ២គ្រឿង ដើម្បីជំនួសម៉ាស៊ីនទូកចាស់។ ចំណែកអង្គការ WWF ក៏បានផ្ដល់ម៉ាស៊ីនទូកដូចគ្នាចំនួន ២គ្រឿងបន្ថែមទៀត ជូនដល់ឆ្មាំទន្លេ ដើម្បីឲ្យការងារល្បាតនិងបង្ក្រាបបទល្មើសនេសាទ ដំណើរការបានកាន់តែរលូន មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕














