រដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនបារាំង BRL Ingénierie
24-04-2026 12:35
(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Gilles Rocquelain នាយកប្រតិបត្តិនៃក្រុមហ៊ុនបារាំង BRL Ingénierie និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់ពីកាលានុវត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានទឹក និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។
ក្នុងកិច្ចជំនួបនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក Gilles Rocquelain និងប្រតិភូក្រុមហ៊ុន BRL Ingénierie ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះបំណងពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តវិស័យអាទិភាព សំដៅជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋ តាមរយៈការបង្កើនការចូលរួមពីវិស័យឯកជន។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនគណៈប្រតិភូអំពីទិសដៅការងារអាទិភាពរបស់ក្រសួង ក្នុងការបន្តកសាង និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធធនធានទឹក និងឧតុនិយម ព្រមទាំងបានបញ្ជាក់ពីតម្រូវការហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធជាច្រើនទៀត ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ និងធានាឱ្យបាននូវសន្តិសុខទឹកប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា ក្រុមហ៊ុន BRL Ingénierie គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ និងវិស្វកម្មដ៏ល្បីល្បាញរបស់បារាំង ដែលមានឯកទេសខ្ពស់លើការគ្រប់គ្រងធនធានទឹក កសិកម្ម និងសេវាកម្មបរិស្ថាន។ បច្ចុប្បន្ន ក្រុមហ៊ុនបាននិងកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង ១០០ ជុំវិញពិភពលោក និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Compagnie Nationale d'Aménagement de la Région du Bas Rhône et du Languedoc ដែលមានបទពិសោធន៍តាំងពីឆ្នាំ១៩៥៥ មកម៉្លេះ៕












