គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ និងម៉ូតូ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
24-04-2026 14:33
(មណ្ឌលគិរី)៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រវាងម៉ូតូ ជាមួយរថយន្ដ ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យអ្នកជិះម៉ូតូ២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោកវរសេនីយ៍ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ បានឲ្យដឹងថា មធ្យោបាយទាំង២គ្រឿង ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា លុះមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងតែម្ដង។ ក្នុងនោះ យុវជនដែលជិះម៉ូតូបានបាត់បង់ជីវិតទាំង២នាក់ ដោយម្នាក់មានទីលំនៅខេត្តកណ្តាល និងម្នាក់ទៀតនៅខេត្តមណ្ឌលគិរី។ ចំណែកម្ចាស់រថយន្តជាអាជីវករម្នាក់ រស់នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោកអធិការ បានធ្វើការសំណូមពរដល់អ្នកបើកបរទាំងអស់ដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជៀសវាងការធ្វេសប្រហែសដែលបណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកដ៍ទៃ។
ជាមួយគ្នានេះ លោកវរសេនីយ៍ឯក យឹម ចិន្តា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ខណៈសពកំពុងចាត់ចែងប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕







