ស្ដ្រីដែលតបតប្រឆាំងការប្រើហិង្សាពីសំណាក់ប្ដី រហូតជ្រុលដៃប្ដីបាត់បង់ជីវិត នៅស្រុកបទុមសាគរ ខេត្តកោះកុង ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំ
24-04-2026 15:35
(កោះកុង)៖ ស្ដ្រីម្នាក់ដែលតបតប្រឆាំងការប្រើអំពើហិង្សាពីសំណាក់ប្ដីដែលស្រវឹងជោគជាំ រហូតជ្រុលដៃបណ្ដាលឲ្យប្ដីដែលជាអ្នកបង្កបាត់បង់ជីវិត នៅស្រុកបទុមសាគរ ខេត្តកោះកុងនោះ ត្រូវបានសាលាដំបូងខេត្តកោះកុង សម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកោះកុង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខៈ១២៧ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ របស់អយ្យការអមសាលាដំបូងខេត្តកោះកុង តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខៈ១១៣ អ.យ/២៦ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ សម្រេចចោទប្រកាន់ជនត្រូវចោទ ឈ្មោះ ពៅ ណឹម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារមរណភាព នៃជនរងគ្រោះ» បញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៧៖៣០នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាព នៃជនរងគ្រោះ ចំនួន១ករណី ដែលបង្កឡើងដោយជនត្រូវចោទ ឈ្មោះ កៅ ណឹម ភេទស្រី អាយុ៣៣ឆ្នាំ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង មូលហេតុបណ្ដាលមកពីជនរងគ្រោះ ត្រូវជាប្ដីរបស់ជនត្រូវចោទ បានផឹកស៊ីស្រវឹងមកដល់ផ្ទះរករឿងជនត្រូវចោទ ត្រូវជាប្រពន្ធឈ្មោះ កៅ ណឹម ក៏មានទំនាស់ពាក្យសម្ដី និងឈ្លោះប្រកែកគ្នាពីរនាក់ប្ដីប្រពន្ធ ហើយបានប្រតាយប្រតបគ្នា ព្រមទាំងបានច្របាច់ករបស់ជនត្រូវចោទ ដែលត្រូវជាប្រពន្ធឈ្មោះ កៅ ណឹម។
បន្ទាប់មកជនរងគ្រោះជាប្ដី បានយកដំបងឈើបួនជ្រុងវាយទៅលើក្បាលជនត្រូវចោទចំនួនមួយដំបង ត្រូវចំខាងឆ្វេងបែកក្បាលរបួសធ្ងន់ ឃើញបែបនេះជូនត្រូវចោទត្រូវជាប្រពន្ធ ទ្រាំមិនបានក៏ដណ្ដើមដំបងឈើនោះ ពីជនរងគ្រោះត្រូវជាប្ដីវិញ ហើយក៏បានវាយទៅលើជនរងគ្រោះត្រូវចំក្បាលចំនួន២ដំបង ឈើជ្រុង (រងរបួសធ្ងន់)។
ក្រោយពីបានឃើញជនរងគ្រោះ ត្រូវជាប្ដីរងរបួសជនត្រូវចោទ បានស្រែកហៅគេឲ្យជួយជូនប្ដីរបស់ខ្លួនទៅព្យាបាលនៅភ្នំពេញ ប៉ុន្តែដោយសារតែជនរងគ្រោះរបួសធ្ងន់ធ្ងរពេក បណ្ដាលឲ្យដាច់ខ្យល់ស្លាប់ពាក់កណ្ដាលផ្លូវ បន្ទាប់មកជនរងគ្រោះត្រូវចោទ ក៏ត្រូវបានដឹកសពជនរងគ្រោះត្រឡប់ទៅវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី។
ចៅក្រមស៊ើបសួរ បានយកចិត្តទុកដាក់ក្នុងការបំពេញកិច្ចការស៊ើបសង្កេតទាំងដោះបន្ទុក ស្របតាមនីតិវិធីច្បាប់ ដោយយោងលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងនានា នៅក្នុងសំណុំរឿងយល់ឃើញថា ជនរងគ្រោះដែលត្រូវជាប្ដីរបស់ជនត្រូវចោទជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន និងជាមនុស្សញៀនស្រាជាប្រចាំ ដោយរាល់ពេលស្រវឹងជនរងគ្រោះជាប្ដី តែងតែរករឿង និងប្រើអំពើហិង្សាទៅលើកូនប្រពន្ធ ជាញឹកញាប់ថែមទាំង គំរាមសម្លាប់កូនប្រពន្ធ ព្រមទាំងមិនឲ្យកូនប្រពន្ធប្ដឹងសមត្ថកិច្ចថែមទៀតផង។
ម្យ៉ាងទៀត ជនត្រូវចោទមានរបួសស្នាម ដោយសារជនរងគ្រោះជាប្ដី ជាអ្នកបង្កឡើងដោយប្រើប្រាស់ដំបងវាយលើជនត្រូវចោទជាប្រពន្ធ។ បន្ថែមពីនេះជនត្រូវចោទមានកូននៅក្នុងបន្ទប់ រហូតដល់៦នាក់ ដែលសុទ្ធសឹងតែជា អនីតិជនត្រូវការម្ដាយ ដើម្បីចិញ្ចឹមបីបាច់ថែរក្សាទំនុកបម្រុង មើលថែជាប្រចាំថែមទៀត។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ស្ដាប់ចម្លើយសាក្សី និងការពិនិត្យរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងពិនិត្យភស្តុតាងនានានៅក្នុងសំណុំរឿងខាងលើរួចមក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង បានពិចារណាយល់ឃើញអំពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គម និងផលលំបាក នៃជីវភាពនៅក្នុងគ្រួសាររបស់ជនត្រូវចោទ ហេតុនេះសម្រេចចេញដីកាសម្រេចមិនឃុំខ្លួនលើជនត្រូវចោទ និងសម្រេចដាក់ជនទៅចោទឲ្យស្ថិតនៅ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់៕







