តុលាការខេត្តកំពត សម្រេចឃុំខ្លួនមន្ដ្រីនគរបាលម្នាក់ ដែលគប់កែវស្រាលើអ្នកដទៃក្នុងហាងផឹកស៉ី ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀន»
24-04-2026 15:58
(កំពត)៖ លោក សេង ម៉ាឡាប ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនមន្ដ្រីនគរបាលម្នាក់ ដាក់ពន្ធនាគារក្រោយបង្កដោយសារលើអ្នកដទៃ បណ្ដាលឲ្យរងរបួស ក្នុងហាងផឹកស៉ី ដោយគប់កែវលើអ្នកចាប់ទឹកកក ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់គ្រឿងញៀន»។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួនបានបញ្ជាក់ថា មន្ដ្រីនគរបាលឈ្មោះ ទេព សុខផេង ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅចំណុចបុរីកោសល្យ-ម៉ី ស្ថិតនៅភូមិអណ្តូងខ្មែរ សង្កាត់ អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏បានអះអាងថា ក្រុមប្រឹក្សាវិន័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពត និងធ្វើរបាយការណ៍ និងសំណើទៅនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងកាត់ឈ្មោះមន្ត្រីដែលមានឈ្មោះ ទេព សុខផេង ចេញពីក្របខ័ណ្ឌនគរបាលជាតិបន្ថែមទៀត។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសង្កត់ធ្ងន់ថា មន្ត្រីជាអ្នកអនុវត្តច្បាប់ និងត្រូវមានសីលធម៌ល្អ ជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាមន្ត្រីមិនមែនជាអ្នកគៀបសង្កត់លើប្រជាពលរដ្ឋនោះទេ ហើយសម្រាប់មន្ត្រីនគរបាលជាតិទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត មិនត្រូវយកគំរូតាមបុគ្គលខាងលើនេះជាដាច់ខាត៕





