វិទ្យាល័យ ហ៊ុនសែន ពញាពន់ ទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគក្រោយទទួលបានជ័យលាភីលេខ២ ក្នុងកម្មវីធី «សាលារៀនទឹកភ្លៀង»
24-04-2026 16:11
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជ័យលាភីលេខ២ ក្នុងកម្មវីធីប្រកួតប្រជែង «សាលារៀនទឹកភ្លៀង» កាលពីឆ្នាំ២០២៥ វិទ្យាល័យ ហ៊ុនសែន ពញាពន់ ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានទទួលប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ ដោយផ្តល់លទ្ធភាពទទួលបានទឹកស្អាត ដែលមានគុណភាពខ្ពស់ រួមចំណែកដោះស្រាយបញ្ហាបរិស្ថាន និងសុខភាព នៅក្នុងសហគមន៍ ក៏ដូចជាលើកកម្ពស់ការប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព។
ពិធីប្រគល់ និងទទួលប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមវត្តមានលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា, តំណាងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ, លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត។
នាឱកាសនោះដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ដើម្បីទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនេះ នៅតាមសាលាគោលដៅទាំងអស់ ត្រូវឆ្លងកាត់ការប្រកួតប្រជែងដោយស្មើភាព និងមានតម្លាភាពបំផុត។ ខណៈនៅឆ្នាំ២០២៦នេះ គម្រោងបានរកឃើញសាលារៀនចំនួន១០ ហើយ ដើម្បីបំពាក់ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនេះ។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ការផ្តល់ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ ដើម្បីប្រមូលទឹកភ្លៀងយកមកប្រើប្រាស់វិញ ដើម្បីទទួលបានទឹកស្អាតសម្រាប់សិស្សានុសិស្សបរិភោគ ការបង្កើតទស្សនវិជ្ជាស្រឡាញ់បរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសកាត់បន្ថយការចំណាយរបស់កូនសិស្សលើថ្លៃទិញទឹកបរិសុទ្ធជាដើម។
ជាមួយគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា គម្រោងកសាងសាលារៀនទឹកភ្លៀង គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់សិស្សានុសិស្សដែលជាយុវជន ដើម្បីបណ្តុះស្មារតីស្រឡាញ់បរិស្ថាន ស្រឡាញ់អរិយធម៌ខ្មែរតាំងពីសម័យអង្គរ ដែលបុព្វបុរសខ្មែរ បានផ្សារភ្ជាប់ជីវិតរស់នៅជាមួយនឹងប្រភពទឹកជានិច្ច។ ចំពោះគម្រោងទាំង១០សាលារៀន សម្រាប់ឆ្នាំ២០២៦នេះ គឺបានចុះបញ្ជីក្នុងរបស់អង្គការសុខភាពពិភពលោករួចហើយ។
បើតាមលោក ហ៊ាង ឡាឌី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានថ្លែងថា ការប្រគល់ប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគនៅសាលារៀននេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិស្សានុសសិស្សចំពោះបញ្ហាគុណភាពទឹកសម្រាប់ផឹក ខណៈចំណុចនេះជាការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាសុខុមាលភាពរបស់ប្រជាពលរដ្ឋជាធំ។
មន្ត្រីផ្នែកអប់រំរូបនេះ បានបញ្ជាក់ថា ចំពោះប្រព័ន្ធប្រមូលទឹកភ្លៀង និងចម្រុះដោយម៉ាស៉ីន គឺមានគុណខ្ពស់កម្រិត ISO ដូច្នេះ ការប្រើប្រាស់ទឹកចម្រុះនេះបានចូលរួមចំណែកកាត់បន្ថយការចំណាយរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ លើថ្លៃទឹកស្អាតសម្រាប់បរិភោគ នៅក្នុងសាលារៀន។ បន្ថែមពីនេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តោតសំខាន់លើការសុខភាពរបស់កូនសិស្សនៅទូទាំងប្រទេស។ ជាក់ស្តែង កាលណាកូនសិស្សមានសុខភាពល្អ ច្បាស់ណាស់នឹងធ្វើឱ្យការសិក្សាបានកាន់តែល្អចំណុចនេះជាការរួមចំណែកលើកកម្ពស់គុណភាពអប់រំ។
លោក ហ៊ាង ឡាឌី បានលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមលើកម្ពស់សុខុមាលភាពសិស្សានុសិស្សកម្ពុជា នឹងចូលរួមចំណែកពង្រីក ពង្រឹងចំណងមិត្តភាពកម្ពុជា-កូរ៉េ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ លោកក៏សម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាល័យ ហ៊ុនសែន ពញាពន់ ដែលបានចូលរួមប្រកួតប្រជែងរហូតទទួលបានជ័យលាភីលេខ២ សម្រាប់ឆ្នាំ២០២៥។
សម្រាប់បណ្ឌិត ម៉ម សារិត ប្រធានគម្រោងកសាងសាលារៀនទឹកភ្លៀងក្នុងតំបន់មេគង្គ បានឱ្យដឹងថា គម្រោងកសាងសាលារៀនទឹកភ្លៀងនេះ មានរយៈពេល២ឆ្នាំ ដោយអនុវត្តចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦ ជាគម្រោងមេគង្គ-កូរ៉េ និងជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រលើវិស័យទឹកស្អាត ដោយផ្តោតសំខាន់លើទឹកភ្លៀង។ សម្រាប់គម្រោង គឺត្រូវយ៉ាងណាផ្តល់នូវទឹកស្អាត និងមានគុណភាពខ្ពស់ដល់សិស្សានុសិស្ស តាមរយៈការតម្លើងឧបករណ៍ប្រមូលទឹកភ្លៀង នៅតាមសាលារៀនដែលទទួលបានជ័យលាភីពីការប្រកួតប្រជែង។ បន្ថែមពីនេះគម្រោងនឹងចូលរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈសកម្មភាពនានាជាដើម។
ចំណែកយុវសិស្សឈ្មោះ លី ហួរ សិក្សានៅវិទ្យាល័យ ហ៊ុនសែន ពញាពន់ បានបង្ហាញការសប្បាយរីយរាយបន្ទាប់ពីទទួលបានប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់បរិភោគ។ វានឹងជួយផ្តល់នូវទឹកស្អាត និងមានគុណភាពសម្រាប់កូនសិស្សបរិភោគ ជាពិសេសការកាត់បន្ថយលើការចំណាយរបស់ពួកគាត់លើថ្លៃទិញទឹកបរិសុទ្ធ ព្រមទាំងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលបន្សល់ពីសំបកដងទឹកបរិសុទ្ធក្រោយប្រើប្រាស់រួចជាដើម។
គួរឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា រាជបណ្ឌិត្យសភាកម្ពុជា (RAC) និងសាកលវិទ្យាល័យជាតិសេអ៊ូល (SNU) បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការកសាងសាលារៀនទឹកភ្លៀងចំនួន ១០០០សាលា នៅប្រទេសកម្ពុជា» ដើម្បីផ្តល់ទឹកស្អាតដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្ស និងសហគមន៍សាលារៀន។ គោលបំណងសហការសាងសង់សាលាទឹកភ្លៀងចំនួន ១,០០០សាលារៀន នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយដោះស្រាយនូវវិបត្តិអាកាសធាតុ និងប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំតាមរបៀបវារៈរបស់អង្គការសហប្រជាជាតិ។
គម្រោងនេះដើម្បីកែតម្រូវនៃការយល់ខុសជាសាធារណៈអំពីទឹកភ្លៀង ដោយផ្តល់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសដល់វិស្វករ សាធារណជន និងសិស្សានុសិស្ស និងណែនាំការច្នៃប្រឌិតនូវ បច្ចេកទេសល្អៗ និងសាមញ្ញ ដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមក្នុងការបង្កើតប្រព័ន្ធប្រមូលទឹកភ្លៀងសម្រាប់ផឹកដោយផ្អែកលើសហគមន៍នៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះនឹងរួមចំណែកដោះស្រាយបញ្ហាខ្វះទឹកស្អាតនៅតាមសាលារៀន ជាពិសេសសាលារៀននៅតាមជនបទជាច្រើនខ្វះលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់។
គួរជម្រាបថា តាមរយៈគម្រោងនេះភាគីកម្ពុជា និងកូរ៉េខាងត្បូងនឹងចែករំលែកនូវចំណេះដឹងអំពីអាកាសធាតុជាសកល ជាពិសេសការរួមបញ្ចូលគ្នានូវបទពិសោធន៍ពីប្រទេសកម្ពុជា និងប្រទេសកូរ៉េ ជាមួយនឹងបច្ចេកវិទ្យាទំនើប និងបង្កើតបណ្តាញសាលាទឹកភ្លៀងអន្តរជាតិផងដែរ៕




















