Fresh Exclusive: ល្បែងយុទ្ធសាស្ត្រ Poker ឬ ជាការពិតមុនការវាយប្រហារ? ៖ តើការបន្ថែមកម្លាំងមកថ្មីជាការសម្លុត ឬ ដំណាក់កាលចុងក្រោយនៃការផ្ទុះសង្គ្រាម?
24-04-2026 16:54
(ភ្នំពេញ)៖ នៅពេលដែលនាវាចម្បាំងផ្ទុកយន្តហោះអាមេរិកចំនួន៣គ្រឿង ត្រូវបានបញ្ជូនចូលទៅកាន់មជ្ឈិមបូព៌ា សំណួរដ៏ធំមួយកំពុងកើតឡើង៖ តើនេះជាការបង្ហាញកម្លាំងដើម្បីបង្ខំឱ្យចរចា ឬជាជំហានចុងក្រោយមុនសង្គ្រាមពិតប្រាកដ?
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់នេះ
នៅពេលដែលការបិទផ្លូវសមុទ្រ មិនអាចបង្ខំអ៊ីរ៉ង់ឱ្យដួលរលំបានភ្លាមៗ និងការចរចាកំពុងជាប់គាំង ការបញ្ជូននាវាចម្បាំងផ្ទុកយន្តហោះ៣គ្រឿងរបស់សហរដ្ឋអាមេរិកទៅតំបន់មជ្ឈិមបូព៌ា មិនមែនជាការបង្ហាញកម្លាំងធម្មតាទេ។ វាអាចជាសញ្ញាថា សង្គ្រាមអាចនឹងផ្ទុះឡើង ប៉ុន្តែក៏អាចជាសញ្ញាថាជាល្បែងនៃយុទ្ធសាស្ត្រ Poker ដើម្បីបំបាក់ស្មារតីគូសត្រូវឱ្យភ័យខ្លាច។ នាវាផ្ទុកយន្តហោះទីបីរបស់សហរដ្ឋអាមេរិក USS George HW Bush បានមកដល់មជ្ឈិមបូព៌ាដើម្បីចូលរួមជាមួយនាវា USS Gerald R Ford និងនាវា USS Abraham Lincoln ដែលជាការបង្កើនកម្លាំងកងទ័ពជើងទឹកកាន់តែខ្លាំង ខណៈភាពទ័លច្រកនៃការចរចា នៅតែមិនអាចបង្ខំឱ្យអ៊ីរ៉ង់ចូលមកក្នុងតុចរចាក្នុងជុំទី២បានឡើយ។
* នៅពេលការប្រើសម្ពាធមិនទទួលបានលទ្ធផល
យុទ្ធសាស្ត្រសំខាន់របស់ Donald Trump ក្នុងវិបត្តិនេះ គឺការប្រើ «សម្ពាធអតិបរមា» តាមរយៈការបិទខ្ទប់ច្រកដឹកជញ្ជូនសមុទ្រ ការគ្រប់គ្រងច្រក Hormuz និងការកាត់ផ្តាច់ប្រាក់ចំណូលប្រេងរបស់អ៊ីរ៉ង់។ ប៉ុន្តែសេចក្តីរាយការណ៍បង្ហាញថា វិធានការនេះ មិនទាន់អាចបង្កឲ្យមានការដួលរលំភ្លាមៗបានឡើយ ខណៈអ៊ីរ៉ង់នៅតែអាចរក្សាលំហូរចំណូលសម្រាប់ទ្រទ្រង់សកម្មភាពរបស់ខ្លួនបានរយៈពេលខ្លះទៅមុខ។
អតីតអ្នកវិភាគអ៊ីរ៉ង់ លោក Kenneth Katzman នៃមជ្ឈមណ្ឌលស្រាវជ្រាវសភា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ជាក់ថា ទោះបីអ៊ីរ៉ង់ មិនបាននាំចេញប្រេងថ្មីក្រោមការបិទខ្ទប់របស់សហរដ្ឋអាមេរិកក៏ដោយ ក៏ទីក្រុងតេហេរ៉ង់នៅតែមានប្រេងប្រមាណពី ១៦០ដល់១៧០ លានបារ៉ែល ដែលដាក់ស្តុកលើនាវាដឹកប្រេងជាច្រើននៅជុំវិញពិភពលោក។ ប្រេងទាំងនេះបានឆ្លងកាត់ច្រក Hormuz មុនពេលការបិទផ្លូវ ត្រូវបានអនុវត្តហើយបច្ចុប្បន្នស្ថិតលើនាវារង់ចាំការដឹកជញ្ជូន។
ប្រភពមួយផ្សេងទៀតបានបញ្ជាក់ប្រាប់ថា ដោយផ្អែកលើបរិមាណស្តុកនេះ អ៊ីរ៉ង់អាចបន្តរក្សាប្រាក់ចំណូលរហូតដល់ខែសីហា ទោះបីស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក៏ដោយ។ លោក Katzman បានបន្ថែមថា នេះជារយៈពេលដែលមិនខ្លីទេ ហើយសម្រាប់អាមេរិក វាកំពុងបង្កើតសំណួរថា តើអាមេរិក មានពេលវេលាគ្រប់គ្រាន់ដើម្បីរង់ចាំដែរឬអត់?
ក្នុងបរិបទនេះ ការបង្កើនវត្តមាននាវាចម្បាំងនៅមជ្ឈិមបូព៌ា បង្ហាញថា នៅពេលសម្ពាធសេដ្ឋកិច្ចមិនអាចសម្រេចគោលដៅបានភ្លាមៗ កម្លាំងយោធាអាចក្លាយជាជម្រើសបន្ទាប់ ដែលវាជាជំហានមួយ បង្កើនហានិភ័យនៃការប៉ះទង្គិច។
* នាវាផ្ទុកយន្តហោះទាំងបី មានឥទ្ធិពលយ៉ាងណា?
សហរដ្ឋអាមេរិក មាននាវាផ្ទុកយន្តហោះសកម្មប្រមាណ១១គ្រឿង។ នាវានីមួយៗអាចដឹកយន្តហោះប្រយុទ្ធប្រមាណពី ៦០ដល់៧៥គ្រឿង និងដំណើរការជាមួយកងនាវាពិឃាត និងគាំទ្រដូចជា Destroyers និងនាវាមុជទឹក Submarines ជាច្រើនគ្រឿង រួមទាំងកងទ័ពរាប់ពាន់នាក់។ នេះមានន័យថា នាវាមួយគ្រឿង គឺជាមូលដ្ឋានអាកាសចល័ត ដែលអាចបើកប្រតិបត្តិការបានដោយខ្លួនឯង នៅគ្រប់ទីកន្លែងលើសមុទ្រ។ ការបញ្ជូននាវាផ្ទុកយន្តហោះ ៣គ្រឿងធំៗដូចចា USS Gerald R. Ford, USS Abraham Lincoln និង USS George H. W. Bush មិនមែនជាចលនាធម្មតាទេ។ ការប្រមូលកម្លាំងបែបនេះផ្តល់សមត្ថភាពវាយប្រហារភ្លាមៗ និងអាចគ្រប់គ្រងដែលអាកាសនៅតំបន់ធំមួយបានក្នុងរយៈពេលខ្លី។
ប្រវត្តិសាស្ត្របង្ហាញថា កម្លាំងប្រភេទនេះត្រូវបានប្រើជាគន្លឹះក្នុងប្រតិបត្តិការធំៗ ដូចជាសង្គ្រាមអ៊ីរ៉ាក់ឆ្នាំ២០០៣ និង សង្គ្រាមអាប់កានីស្ថាន ឆ្នាំ២០០១-២០២១ ដែលនាវាផ្ទុកយន្តហោះមានតួនាទីជាមូលដ្ឋានវាយប្រហារចម្បងពីក្នុងសមុទ្រ។ ទោះជាយ៉ាងណា ការប្រើកម្លាំងកម្រិតខ្ពស់ដូចគ្នានេះ មិនសុទ្ធសឹងតែនាំទៅធ្វើសកម្មភាពវាយប្រហារដែរ។ នៅឆ្នាំ២០១៧ ក្នុងវិបត្តិកូរ៉េខាងជើង, លោក Donald Trump បានបញ្ជូននាវាផ្ទុកយន្តហោះច្រើនគ្រឿងដូចគ្នា ប៉ុន្តែមិនមានការបើកប្រតិបត្តិការវាយប្រហារឡើយ ពីព្រោះគោលបំណងសំខាន់គឺបង្កើនសម្ពាធ និងសម្លុតផ្នែកចិត្តសាស្ត្រ។
ដូច្នេះការប្រមូលនាវា ៣គ្រឿងក្នុងពេលតែមួយក្នុងពេលនេះ អាចមានន័យពីរដំណាក់កាលគឺ ប្រើប្រាស់ជាឧបករណ៍វាយប្រហារដែលអាចដំណើរការភ្លាមៗ និងប្រើជាឧបករណ៍សម្លុត ដើម្បីបង្ខំឱ្យគូសត្រូវត្រូវពិចារណាឡើងវិញ។ នេះហើយជាមូលហេតុ ដែលការបន្ថែមកម្លាំងបែបនេះ តែងតែបង្កើតសំណួរដ៏ធំមួយថា វាជាការត្រៀមប្រតិបត្តិការ ឬជាការលេងយុទ្ធសាស្ត្រសម្លុតដើម្បីគ្រប់គ្រងស្ថានការណ៍?
* តើជាល្បែងយុទ្ធសាស្ត្រ Poker៖ សម្លុត ឬ ក៏មែនទែន?
អ្នកវិភាគមួយចំនួន បានពិពណ៌នាស្ថានការណ៍នេះថា ស្រដៀងនឹងការលេង Poker ដែលមានគោលបំណងចម្បង៣ គឺបង្ហាញកម្លាំងធំ បង្កើនសម្ពាធលើគូប្រកួត និងបង្ខំឱ្យសត្រូវដកខ្លួន (fold) ដោយមិនចាំបាច់ការប៉ះទង្គិច។ ប៉ុន្តែយុទ្ធសាស្ត្របែបនេះ ក៏មានហានិភ័យមួយសំខាន់ផងដែរ។ បើគូប្រកួតមិនជឿការសម្លុត និងសម្រេចបន្តប្រឈមមុខ និយាយតាមភាសា Poker គឺ call the bluff នោះភាគីដែលបានគំរាម នឹងត្រូវបង្ហាញកម្លាំងពិត និងបន្តដំណើរទៅមុខ ដោយមិនងាយថយក្រោយបានឡើយ។ ក្នុងបរិបទនេះ ប្រសិនបើអ៊ីរ៉ង់មិនចុះចាញ់សម្ពាធ អាមេរិកអាចត្រូវប្រឈមជម្រើសដ៏លំបាកមួយ៖ តើត្រូវបន្តដំណាក់កាលប្រតិបត្តិការ ឬបន្ថយសម្ពាធ ដែលនឹងប៉ះពាល់ដល់ភាពជឿជាក់នៃយុទ្ធសាស្ត្ររបស់ខ្លួន។
* ច្រកហ័រមូស គន្លឹះនៃវិបត្តិសកល
ច្រក Hormuz គឺជាច្រកសំខាន់បំផុតសម្រាប់ថាមពលពិភពលោក ដែលដឹកជញ្ជូនប្រហែល ២០% នៃប្រេង និងឧស្ម័ន។ ការបិទច្រកនេះបានធ្វើឱ្យតម្លៃប្រេងឡើងលើស ១០០ដុល្លារ, ការដឹកជញ្ជូន បានធ្លាក់ចុះយ៉ាងខ្លាំង និងកំពុងបង្កសម្ពាធលើសេដ្ឋកិច្ចពិភពលោក។ យោងតាមអាល់ហ្សាស៊ីរ៉ា តម្លៃប្រេងឆៅប្រភេទ Brent មានតម្លៃ ១០៦.៨០ដុល្លារ គិតត្រឹមតម្លៃបិទនៅថ្ងៃពុធ ដែលកើនលើសជិត ៥ដុល្លារហើយក្នុងមួយបារ៉ែល ជាលើកដំបូងក្នុងរយៈពេលពីរសប្តាហ៍។ ភាគហ៊ុនអាមេរិកបានធ្លាក់ចុះពេញមួយយប់ ដោយសន្ទស្សន៍ភាគហ៊ុន S&P ៥០០ធ្លាក់ចុះ ០.៤១ភាគរយ និងសន្ទស្សន៍ភាគហ៊ុន Nasdaq Composite ដែលផ្តោតលើបច្ចេកវិទ្យា ធ្លាក់ចុះ ០.៨៩ភាគរយ។
ការដឹកជញ្ជូនទំនិញនៅច្រកសមុទ្រ Hormuz ដែលជាធម្មតាដឹកជញ្ជូនប្រហែលមួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរបស់ពិភពលោក នៅតែជាប់គាំង ខណៈដែលអ៊ីរ៉ង់បន្តទាមទារសិទ្ធិក្នុងការសម្រេចចិត្តថា នាវាណាដែលអាចឆ្លងកាត់បាន ខណៈសហរដ្ឋអាមេរិករារាំងការធ្វើពាណិជ្ជកម្មតាមសមុទ្ររបស់អ៊ីរ៉ង់។ ភាពតានតឹងនេះ មានន័យថា វិបត្តិនេះមិនមែនជាបញ្ហាតំបន់ទេ ប៉ុន្តែកំពុងផ្លាស់ប្តូរទៅជាវិបត្តិសកល ព្រោះគ្រាន់តែការរាំងស្ទះនៅច្រកតូចមួយ ក៏អាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលបាន។
* សេចក្តីសន្និដ្ឋាន៖ ការបញ្ជូននាវាអាកាសយានដ្ឋាន៣គ្រឿង បង្ហាញថា សហរដ្ឋអាមេរិកកំពុងឈានចូលទៅកាន់ដំណាក់កាលមួយ ដែលមិនអាចត្រឹមតែគំរាមប៉ុណ្ណោះទេ ប៉ុន្តែជាសម្ពាធមួយដែលប៉ះ ពាល់ដល់វិបត្តិសេដ្ឋកិច្ចពិភពលោកផងដែរ។ លោក Donald Trump នៅជាមួយគ្នានេះ ថែមទាំងបាននិយាយសម្លុតទៀតថា ពេលវេលារបស់អ៊ីរ៉ង់ កាន់តែអស់បន្តិចម្តងៗហើយ «Iran’s clock is ticking»។ ប៉ុន្តែសម្តីគំរាមរបស់លោក ដូណាល់ ត្រាំ មិនមែនតែលើកនេះទេ, សម្តីគំរាមត្រូវបានគេឮ ដូចជាធម្មតាទៅហើយ។ ដូច្នេះសំណួរចុងក្រោយក្នុងពេលនេះ គឺថាតើការបន្ថែមកម្លាំងរបស់សហរដ្ឋអាមេរិកនេះ ជាល្បែងយុទ្ធសាស្ត្រ Poker ឬជាការពិតមែនទែននៅមុនការវាយប្រហារ?

















