រដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យមានការសហការពីអន្តរជាតិ និងចែករំលែកព័ត៌មានឱ្យទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
24-04-2026 17:24
(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវឱ្យមានការសហការពីអន្តរជាតិបន្ថែម ដោយផ្អែកលើគោលការណ៍ទំនួលខុសត្រូវរួម និងការចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលជាបញ្ហារួមរបស់តំបន់។
តាមរយៈបានចេញសេចក្តីព័ត៌មានស្តីពី ការប្តេជ្ញាចិត្តនិងសកម្មភាពជាក់ស្តែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) បានអះអាងថា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈឆ្លងដែន រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសជាដៃគូ អង្គការអន្តរជាតិ និងយន្តការពហុភាគីពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងបច្ចេកទេសរួមគ្នា។
ជាមួយគ្នានេះដែរ កម្ពុជាបានសហការយ៉ាងសកម្មក្នុងការស្រាវជ្រាវ បង្ក្រាប និងបញ្ជូនជនសង្ស័យ ព្រមទាំងការជួយសង្គ្រោះជនរងគ្រោះ ដែលពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា។ ការចូលរួមយ៉ាងសកម្មនេះបង្ហាញថា កម្ពុជាមិនត្រឹមតែការពារផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងទូលំទូលាយ ក្នុងការពង្រឹងសន្តិសុខឌីជីថលក្នុងតំបន់ និងសកលលោក។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើការងារយ៉ាងសកម្មក្នុងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយសម្រេចបានលទ្ធផលធំៗជាច្រើន។
ទន្ទឹមនឹងនេះ សម្តេចវរធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសនេះដោយគ្មានបង្អង់ដៃឡើយ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ច្បាប់មានហើយ ដូច្នេះត្រូវតែអនុវត្តឱ្យបានម៉ត់ចត់ និងឱ្យមានប្រសិទ្ធភាពដោយមិនបន្ធូរដៃ និងដោយគ្មានការលើកលែងឡើយ ពោលគឺមិនបញ្ឈប់ត្រឹមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ដូចដែលមានមតិមួយចំនួនបានលើកឡើងនោះឡើយ៕







