នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា៖ កិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នា លេខ៤៤ និង អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់ សមុទ្រ គឺមានភាពស្មុគស្មាញខ្លាំងណាស់ ហើយមិនងាយនឹងពន្យល់បានឡើយថា អាចនាំមកនូវផលវិជ្ជមាន ឬអវិជ្ជមាន សម្រាប់ប្រទេសណាមួយទេ
24-04-2026 17:55
(ភ្នំពេញ)៖ បើយើងក្រឡេកទៅកាន់ទិដ្ឋភាពបច្ចុប្បន្ននៃសកម្មភាពរបស់រដ្ឋាភិបាលថៃ យើងឃើញថា រដ្ឋាភិបាលនេះកំពុងព្យាយាមបំបែកឱ្យដាច់ពីគ្នារវាង បញ្ហាជម្លោះជាមួយកម្ពុជាលើការកំណត់ព្រំដែនសមុទ្រ និងបញ្ហានៃការរុករកធនធានរួមគ្នា។ ការផ្តល់អាទិភាពលើការកំណត់ព្រំដែន គឺដើម្បីបម្រើដល់ផលប្រយោជន៍ជាតិនិយមរបស់ប្រជាជនថៃ ខណៈដែលការផ្តោតទៅលើការរុករកធនធានរួមគឺដើម្បីបម្រើដល់ផលប្រយោជន៍របស់អ្នកមានអំណាចថៃ ដែលមិនសូវខ្វល់ខ្វាយអំពីជាតិនិយម ប៉ុន្តែខ្វល់ខ្វាយខ្លាំងចំពោះការរកប្រាក់ចំណេញ។
អនុស្សរណៈនៃការយោគយល់គ្នាលេខ៤៤ ហាក់ដូចជាគាំទ្រចំពោះផលប្រយោជន៍ជាតិនិយម ពីព្រោះការរុករក និងការអភិវឌ្ឍធនធាននៅក្នុងសមុទ្ររួមគ្នា អាចប្រព្រឹត្តទៅបាន គឺទាមទារឱ្យមានការដោះស្រាយវិវាទជាលក្ខខណ្ឌអាទិភាព។ កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ នៅក្នុងខែមករា ឆ្នាំ ២០២៦រួចហើយ ដូច្នេះការដែលប្រទេសថៃងាកទៅរកអនុសញ្ញានេះគឺមិនប្រាកដថាជាទង្វើបង្កជាការខាតប្រយោជន៍ឡើយ ប៉ុន្តែនេះអាចជាយុទ្ធសាស្ត្រមួយរបស់ថៃ ដើម្បីសម្របសម្រួលដល់ក្រុមអ្នកមានអំណាចរបស់ខ្លួន។
រាល់ការសន្និដ្ឋានទាំងនេះ មិនទាន់មានអ្វីដែលច្បាស់លាស់ជាផ្លូវការនៅឡើយទេ ហើយការវិភាគបន្ថែមទៀតគឺពិតជាចាំបាច់ ដើម្បីតាមដានមើលថាតើកិច្ចខិតខំប្រឹងប្រែងរបស់ថៃនឹងវិវត្តទៅជាផ្លូវការក្នុងកម្រិតណា។
ឆាំង យុ
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦





