សម្តេចតេជោ ហ៊ុន សែន ចុះជួបមន្ត្រីក្រុមប្រឹក្សា តាមរាជធានី ខេត្ត ជំរុញប្រសិទ្ធភាពការងារតាមមូលដ្ឋាន

24-04-2026 19:27

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្ស​ប្រជា​ជន​កម្ពុជាផងដែរនោះ បានដាក់ចុះកម្មវិធីចុះជួបមន្ត្រីជាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០​២៦​នេះ​តទៅ។ ខេត្តដែលសម្តេចតេជោ ហ៊ុន សែន បានជ្រើសចាប់ផ្តើមកម្មវិធីនៃជំនួបនេះ គឺ​ខេត្ត​​កំពង់ចាម បន្ទាប់មក គឺខេត្តត្បូងឃ្មុំ នឹងខេត្តដទៃទៀតជាបន្តបន្ទាប់។

ការចុះជួបមន្ត្រីរាជការជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ មិនមែនជារឿងថ្មីនោះទេសម្រាប់សម្តេចតេជោ ហ៊ុន សែន។ កាលពីឆ្នាំ២០១៦ ក្នុងពេលនៅជាកាន់ការងារជានាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញ​ចុះ​ជួបមន្ត្រីរាជការសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់បែប​នេះ​។

កម្មវិធីជួបក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ដែលសុទ្ធជាមន្ត្រី​សមាជិកបក្ស និងជាមន្ត្រីគ្រប់គ្រង ដឹកនាំ និងផ្តល់សេវានៅមូលដ្ឋាននេះ គឺជាវេលាដ៏​មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់​មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហា​ទាំង​ឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានប្រាប់ Fresh News ថា ក្រោយទទួលបានការគាំទ្រក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយពីរសំខាន់ គឺសភាការទូត និងការធ្វើគណនេយ្យភាព​រវាង​​អង្គ​បោះ​ឆ្នោត ជាមួយសមាជិកព្រឹទ្ធសភា។

លោក ជា ធីរិទ្ធ បានបន្ថែមថា ដំណើររបស់សម្ដេចតេជោ ចុះតាមខេត្តជួបជាមួយ​សមា​ជិក​ក្រុមប្រឹក្សា គឺជាការអនុវត្តទៅតាមអ្វីដែលជាការប្ដេជ្ញា​របស់សម្ដេចតេជោ គឺធ្វើ​យ៉ាង​ណាឱ្យ​សមាជិកព្រឹទ្ធសភា មានការងារកាន់តែសកម្មជាមួយអង្គបោះឆ្នោត។ ជា​ពិសេស​សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា។ ដូច្នេះដំណើររបស់សម្តេចតេជោ ចុះជួបមន្ត្រីក្រុមប្រឹក្សានាពេលនេះ គឺធ្វើយ៉ាងណាឱ្យ​អង្គ​បោះ​ឆ្នោតមានភាព​ជិតស្និទ្ធជាមួយសមាជិកព្រឹទ្ធសភា។

បើតាមលោក ជា ធីរិទ្ធ ក្រៅតែពីការបង្កើនភាពសិទ្ធស្នាលជាមួយអង្គបោះឆ្នោត​រប​ស់​ព្រឹទ្ធសភាហើយនោះ ដំណើរសម្តេចតេជោ ហ៊ុន សែន ចុះជួបមន្ត្រីក្រុមប្រឹក្សារនា​ពេល​នេះ ក៏ជាការឱកាស​ក្រើនរំលឹក និងជំរុញបន្ថែម​ទៀត ឱ្យអង្គបោះឆ្នោតបានធ្វើការ​បម្រើ​ប្រជាជនកាន់​តែសកម្ម និងកាន់តែល្អក្នុងការ​ផ្ដល់​សេវានានា។​

«នៅពេលសម្តេចលោកជួប លោកនឹងមានការណែនាំ និងដាក់ចេញនូវ​គោលការណ៍ ក៏​ដូចជាផែនការមួយចំនួន ក្នុងទិសដៅបម្រើផលប្រយោជន៍ជាតិ និងប្រជាជន និងការ​ដោះ​ស្រាយបញ្ហានានា ដែលជាកង្វល់របស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ជា ធីរិទ្ធ។

លោក ជា ធីរិទ្ធ ក៏បានរំលឹកផងដែរនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាពេល​កន្លង​ទៅ។ លោក ធីរិទ្ធ បានរំលឹកថា ក្នុងឋានៈជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ តែងតែជំរុញឱ្យសមាជិកព្រឹទ្ធសភាទាំង៦២រូប បន្តចុះទៅមូលដ្ឋានជួបជាមួយ​អង្គបោះ​ឆ្នោត​បានសកម្ម​ មិនអាចឱ្យសមាជិកព្រឹទ្ធសភាអង្គុយធ្វើការនៅភ្នំពេញ នៅការិយា​ល័យ​ចាំបើកតែប្រាក់ខែនោះទេ គឺត្រូវធ្វើការនៅមូលដ្ឋានចុះជាមួយអង្គបោះឆ្នោត​ ជួបជាមួយ​ពលរដ្ឋ ដែលជាការងារសំខាន់។

យោងតាម Fresh AI បានឱ្យដឹងថា ខេត្តកំពង់ចាម គឺជាខេត្តប្រវត្តិសាស្ត្រមួយ​ស្ថិតនៅ​តាម​ដងទន្លេមេគង្គ ដែលមានផ្ទៃក្រឡា ៤.៥៤៨,០៩ គីឡូម៉ែត្រការ៉េ និងមានប្រជាជន ១.០៦២.៩១៤នាក់ គិតត្រឹមឆ្នាំ២០២៤។ ខេត្តនេះសម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ សំណង់បុរាណ និងធនធានធម្មជាតិដ៏ស្រស់ស្អាត ដែលជាសក្តានុពលសម្រាប់វិស័យ​ទេស​ចរណ៍ ដូចជាប្រាសាទនគរបាជ័យ ភ្នំប្រុស ភ្នំស្រី និងឆ្នេរខ្សាច់កោះប៉ែនជាដើម។ បច្ចុប្បន្នខេត្តកំពង់ចាម មានរដ្ឋបាលបែងចែកជា ១ក្រុង ៩ស្រុក ១០៥ឃុំ ៤សង្កាត់ និង ៩៤៧ភូមិ ហើយមានព្រំប្រទល់ជាប់ខេត្តត្បូងឃ្មុំ កំពង់ឆ្នាំង កណ្ដាល ព្រៃវែង កំពង់ធំ និងក្រចេះ។

ដោយឡែកខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ដោយព្រះ​រាជក្រឹត្យ កាត់បំបែកចេញពីខេត្តកំពង់ចាម។ ខេត្តនេះរួមមាន ១ក្រុង ៦ស្រុក ៦២ឃុំ ២សង្កាត់ និង៨៧៥ភូមិ។ ខេត្តត្បូងឃ្មុំមានផ្ទៃក្រឡា ៥,២៥០.៥១គីឡូម៉ែត្រការ៉េ ស្ថិតនៅខាងកើតទន្លេមេគង្គ មានលក្ខណៈភូមិសាស្ត្រជាដីខ្ពង់រាបនិងទំនាប ព្រមទាំងមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ខាងលិចជាប់ខេត្តកំពង់ចាម ខាងជើងជាប់ខេត្តក្រចេះ និងខាងត្បូងជាប់ខេត្តព្រៃវែង។

គិតត្រឹមឆ្នាំ២០២៤ ខេត្តនេះមានប្រជាជនប្រមាណ ៨៨៩,៩៧០នាក់ និងមានច្រក​ព្រំដែន​អន្តរជាតិ និងទ្វេភាគីសំខាន់ៗមួយចំនួនដូចជា ច្រកត្រពាំងផ្លុង ដារ និងទន្លេ​ចាម៕