សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណលោក តូ ឡឹម ប្រធានរដ្ឋវៀតណាម ដែលផ្ញើលិខិតជូនពរ និងភួងផ្កាជូនសម្ដេច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកន្លងទៅ

24-04-2026 20:57

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណជូនលោក តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្ដវៀតណាម និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ញើលិខិតជូនពរ និងភួងផ្កាដ៏ស្រស់ស្អាតជូនសម្ដេច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកន្លងទៅ។

ក្នុងលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះសរ ចំពោះសារលិខិតជូនពរ និងអបអរសាទររួមនឹងភួងផ្កាដ៏ស្រស់ស្អាតរបស់ឯកឧត្តម ចំពោះរូបខ្ញុំ គ្រួសារ ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតរបស់គណបក្សប្រជាជនកម្ពុជា និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

ខ្ញុំសូមផ្ដល់តម្លៃខ្ពស់ចំពោះមនោសញ្ចេតនាជាបងប្អូនរបស់ឯកឧត្តម និងថ្នាក់ដឹកនាំដទៃទៀត នៃគណបក្សកុម្មុយនីស្តវៀតណាម រដ្ឋាភិបាល និងប្រជាជនវៀតណាម ព្រមទាំងចំពោះការគាំទ្រ និងទំនុកចិត្ត លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងឡើងវិញ និងអភិវឌ្ឍប្រទេសនាពេលកន្លងមក។ តាមពិត សមិទ្ធផលរបស់យើងខ្ញុំ មិនអាចកាត់ផ្តាច់ចេញពីជំនួយដ៏សប្បុរសរបស់គណបក្សកុម្មុយនីស្តវៀតណាម រដ្ឋាភិបាល និងប្រជាជនវៀតណាមបានទេ។

ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជនរបស់យើងទាំងពីរ ដែលនឹងត្រូវបានពង្រឹងបន្ថែមទៀតក្រោមពាក្យស្លោក «អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រទេស និងប្រជាជនយើងទាំងពីរ។

ខ្ញុំក៏សូមសម្តែងនូវអំណរគុណដោយស្មោះអស់ពីដួងចិត្តផងដែរ ចំពោះពាក្យពេចន៍ជូនពរ និងការសួរសុខទុក្ខដ៏កក់ក្តៅបំផុត និងចំពេលវេលារបស់ឯកឧត្ដម ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលការគ្រងរាជសម្បត្តិប្រកបដោយព្រះមេត្តាករុណាធម៌របស់ ព្រះអង្គ បាននាំមកនូវសុភមង្គល និងវិបុលភាព ជូនដល់ប្រជាជននៃព្រះរាជាណាចក្រកម្ពុជា។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងជូនពរមានសុខភាពល្អ និងជោគជ័យជាបន្តបន្ទាប់»៕