សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណលោក ត្រឹន ថាញ់ម៉ាន់ ប្រធានរដ្ឋសភាវៀតណាម ដែលផ្ញើលិខិតជូនពរសម្ដេច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកន្លងទៅ

24-04-2026 21:08

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណជូនលោក ត្រឹន ថាញ់ម៉ាន់ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ញើលិខិតជូនពរសម្ដេច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកន្លងទៅ។

ក្នុងលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះសរចំពោះសព្ទសាធុការពររបស់ឯកឧត្ដម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរជូន រូបខ្ញុំ ព្រឹទ្ធសភា និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពាក្យពេចន៍ប្រកបដោយសមានចិត្ត អំពីសមិទ្ធផលរបស់កម្ពុជា ក្នុងការកសាងជាតិ និងការអភិវឌ្ឍដោយសារការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំកម្ពុជា។

ខ្ញុំមានជំនឿជឿជាក់លើទំនាក់ទំនងប្រកបដោយផ្លែផ្ការបស់យើង និងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹងចំណងមិត្តភាពសភារបស់យើងបន្ថែមទៀត ក្នុងស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដែលនឹងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងដ៏ល្អប្រសើរដែលមានស្រាប់ រវាងប្រជាជាតិយើងទាំងពីរ ដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនយើងទាំងពីរ។

ជាថ្មីម្ដងទៀត សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅបំផុត និងសព្ទសាធុការពរពីខ្ញុំ សូមសមប្រកបដោយសុខភាពល្អបរិបូរ និងជោគជ័យ»៕