សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណលោក Marc Bernhard សមាជិករដ្ឋសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលផ្ញើលិខិតជូនពរសម្ដេច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

24-04-2026 21:16

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណជូនលោក Marc Bernhard សមាជិករដ្ឋសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រធានក្រុមសមាជិកសភាភូមិភាគ Baden-Wuerttemberg គណបក្ស AfD ប្រធានគណៈកម្មការគោលនយោបាយលំនៅឋាន នៃក្រុមសមាជិកសភា នៃគណបក្ស AfD ដែលបានផ្ញើលិខិតជូនពរសម្ដេច ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរកន្លងទៅ។

ក្នុងលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ចំពោះសារលិខិតអបអរសាទរប្រកបដោយពាក្យពេចន៍ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ និងសមានចិត្តជូនចំពោះខ្ញុំ និងប្រជាជនកម្ពុជា ជាទីស្រឡាញ់របស់ខ្ញុំ ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លា នៃពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ។

ក្នុងនាមយើងជាអ្នកស្នេហាជាតិ និងសមាជិកសភា យើងគួរតែត្រៀមធ្វើការរួមគ្នា ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ក្នុងការធ្វើយុវកម្មកម្លាំង និងកិច្ចខិតខំប្រឹងប្រែងរួមរបស់យើង និងក្នុងការបំពេញនូវការប្តេជ្ញាចិត្តរួមគ្នារបស់យើង ដើម្បីបម្រើឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ កម្ពុជា-អាល្លឺម៉ង់។

ក្នុងឱកាសដ៏សប្បាយរីករាយនេះ ខ្ញុំក៏សូមប្រសិទ្ធពរជ័យជូន ឯកឧត្តម បន្តទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងនាមជាសមាជិកសភា ដើម្បីបម្រើប្រជាជន និងប្រទេសអាល្លឺម៉ង់ ទទួលបាននូវវិបុលភាព និងសុខុមាលភាពកាន់តែខ្លាំងក្លាថែមទៀត។ សូម ឯកឧត្តម ទទួលនូវសេចក្តីគោរពរាប់អានដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ»៕