នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង ផ្ញើសារថ្លែងអំណរគុណជូនសម្ដេចតេជោ ហ៊ុន សែន ដែលជូនពរលោកក្រោយជាប់ជាប្រធានាធិបតីមីយ៉ាន់ម៉ា និងបញ្ជាក់ជំហរពង្រឹងទំនាក់ទំនងជាមួយកម្ពុជា គ្មានអ្វីបំបែកបាន

24-04-2026 21:19

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង ប្រធានាធិបតីជាប់ឆ្នោត និងជាប្រធានគណៈកម្មាធិការសន្តិសុខ និងសន្តិភាពរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានផ្ញើសារថ្លែងអំណរគុណជូនសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា ដែលបានផ្ញើសារជូនពរលោកក្រោយជាប់ជាប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងបញ្ជាក់ជំហរក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ដោយគ្មានអ្វីមកបំបែកបានឡើយ។

ក្នុងលិខិតផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំសូមសម្តែងនូវការដឹងគុណដោយស្មោះចំពោះលិខិតអបអរសាទរប្រកបដោយអត្ថន័យរបស់សម្តេច ក្នុងឱកាសដែលរូបខ្ញុំទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជាប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ពាក្យពេចន៍ប្រកបដោយសមានចិត្តរបស់សម្តេច មិនត្រឹមតែឆ្លុះបញ្ចាំងពីសុឆន្ទៈផ្ទាល់ខ្លួនរវាងយើងទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូប នៃចំណងមិត្តភាពដ៏ឋិតថេរ និងមិនអាចបំបែកបាន ដែលផ្សាភ្ជាប់ប្រទេសយើងទាំងពីរផងដែរ។

មីយ៉ាន់ម៉ា តែងតែគោរពដ៏ខ្ពង់ខ្ពស់បំផុត និងចាត់ទុកព្រះរាជាណាចក្រកម្ពុជា ជាដៃគូដ៏សំខាន់ និងមិនអាចខ្វះបាននៅក្នុងអាស៊ាន។ ការរីកចម្រើនជាលំដាប់ នៃទំនាក់ទំនងទ្វេភាគីរបស់យើង ក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងមក ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការ គឺជាសក្ខីភាពដ៏រឹងមាំ នៃចក្ខុវិស័យរួមរបស់យើងសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ខ្ញុំប្តេជ្ញាចិត្តមិនងាករេ ក្នុងការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករបស់យើងឱ្យកាន់តែប្រសើរឡើងថែមទៀត។

ខ្ញុំសូមយកឱកាសនេះ គោរពជូនពរ សម្ដេច ទទួលបាននូវសុខុមាលភាពល្អបរិបូរ និងជោគជ័យបន្តបន្ទាប់ ព្រមទាំងសម្តែងការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ»៕