លោក AUNG LIN DWE ផ្ញើសារថ្លែងអំណរគុណជូនសម្ដេចតេជោ ហ៊ុន សែន ដែលជូនពរលោកក្រោយជាប់ជាប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា

24-04-2026 21:30

(ភ្នំពេញ)៖ លោក AUNG LIN DWE ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានផ្ញើសារថ្លែងអំណរគុណជូនសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា ដែលបានផ្ញើសារជូនពរលោកក្រោយជាប់ជាប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ក្នុងលិខិតផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ លោក AUNG LIN DWE បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះសរ ចំពោះសារអបអរសាទរដ៏សប្បុរសរបស់ សម្តេចតេជោ ក្នុងឱកាសដែលរូបខ្ញុំត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
មិត្តភាពយូរអង្វែងរវាងមីយ៉ាន់ម៉ា និងកម្ពុជា ត្រូវបានកសាងឡើងលើមូលដ្ឋាននៃតម្លៃវប្បធម៌រួម និងការគោរពគ្នាទៅវិញទៅមក។ ខណៈពេលដែលយើងបន្តដំណើរឆ្ពោះទៅមុខ ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្តេច ដើម្បីបន្តពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិរបស់យើងទាំងពីរ។

ឆ្លៀតឱកាសនេះ ខ្ញុំសូមគោរពជូនពរ សម្តេចតេជោ សូមប្រកបដោយសុខភាពល្អ សុភមង្គល និងជោគជ័យបន្ថែមទៀត ក្នុងកិច្ចខំប្រឹងប្រែងរបស់សម្តេចសម្រាប់ប្រជាជនកម្ពុជា។ ជាថ្មីម្តងទៀត សូមសម្តេចតេជោ មេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ»៕