អភិបាលស្រុកទឹកឈូ ចាត់មន្ត្រីចុះផ្សព្វផ្សាយដល់អាជីវករ ចូលរួមសម្អាតបរិស្ថានតាមឆ្នេរកោះស្មៅ ឲ្យមានអនាម័យស្អាត បរិស្ថានល្អ

24-04-2026 21:34

(កំពត)៖ លោក អ៉ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានចាត់ឲ្យមន្ត្រីក្រុមការងារអនាម័យបរិស្ថាន ចុះណែនាំ និងផ្សព្វផ្សាយដល់ក្រុមអាជីវករ ប្រជាពលរដ្ឋ ដែលលក់ដូរនៅតាមបណ្ដោយឆ្នេរកោះស្មៅ ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ត្រូវសហការគ្នាចូលរួមសម្អាតអនាម័យ បរិស្ថានឲ្យបានល្អស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ មកសម្រាកកម្សាន្ដលេងឲ្យកាន់តែច្រើនឡើងថែមទៀត ខណៈកោះស្មៅមួយនេះជាសមិទ្ធផលតំបន់ទេសចរណ៍ថ្មីមួយ ដែលកន្លងមកមានភ្ញៀវទេសចរតែងពេញនិយមមកម្សាន្ដលេងយ៉ាងច្រើនកុះករ។

លោកអភិបាលស្រុក ក៏បានដាក់ចេញតាមរយៈក្រុមមន្ត្រីខាងលើ ពាក់ព័ន្ធចំណុចគោល រួមមាន៖

*១៖ ពាក់ព័ន្ធជាមួយសំរាម នៅកន្លែងទីតាំងលក់ និងមាត់ឆ្នេរ ត្រូវរៀបចំប្រមូលសំរាមទុកដាក់ឲ្យបានត្រឹមត្រូវ
*២៖ សម្រាប់ឆ័ត្រ តុ កៅអី ពេលលក់ដូរចប់ ត្រូវរៀបចំទុកដាក់ចូលក្នុងផ្ទះ ឬសតូបលក់វិញ មិនអនុញ្ញាតឲ្យដាក់តាំងជាប្រចាំនៅមាត់ឆ្នេរនោះទេ
*៣៖ ហាមបក់ដៃហៅភ្ញៀវនៅតាមដងផ្លូវ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងខូចទំនៀមទម្លាប់ប្រពៃណី។ ណែនាំឲ្យពួកគាត់ ត្រូវប្រើឥរិយាបថ កាយវិការ ជម្រាបសួរ ឬសំពះ ដូចឈរនៅខាងៗផ្លូវ ជាការប្រសើរ។

លោកអភិបាលស្រុក បានបន្តថា ការផ្សព្វផ្សាយណែនាំដូច្នេះ គឺដើម្បីរក្សាសោភ័ណភាព អនាម័យបរិស្ថាន សំដៅឲ្យឆ្នេរកោះស្មៅក្លាយទៅជាទេសភាពដ៏ស្រស់ស្អាត។ ករណីដែលអាជីវករ ប្រជាពលរដ្ឋ មិនអនុវត្តតាម គឺដាច់ខាតមិនអនុញ្ញាតឲ្យលក់បន្តទៀត នៅលើឆ្នេរនោះទេ។ ទោះបីយ៉ាងណា អាជ្ញាធរស្រុក និងមូលដ្ឋាន តែងតែបានណែនាំក្រុមអាជីវករ និងប្រជាពលរដ្ឋ ដែលលក់ដូរនៅទីនោះ ជាច្រើនដងរួចមកហើយផងដែរ៕