អ្នកនាំពាក្យ៖ «កោះពស់» នៅក្រុងព្រះសីហនុ បើកជាសាធារណៈ ដើម្បីឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលលេងកំសាន្ដដោយឥតគិតថ្លៃ (Video inside)

25-04-2026 14:19

(ព្រះសីហនុ)៖ កោះពស់ នៅក្រុងព្រះសីហនុ ត្រង់ទីតាំងឆ្នេរខ្សាច់ ត្រូវបានក្រុមហ៊ុនឯកជន ដែលទទួលសិទ្ធិក្នុងការអភិវឌ្ឍកោះនេះ ដោយមានការសម្របសម្រួលរបស់អាជ្ញាធរខេត្ត ត្រូវបានបើកជាសាធារណៈ។

តែទោះជាយ៉ាងណា អាជ្ញាធរអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកកំសាន្ត ដោយការទទួលខុសត្រូវខ្ពស់ ទាំងសុវត្ថិភាព និងអនាម័យបរិស្ថាន។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានបញ្ជាក់បន្ថែមថា កោះពស់ នៅក្រុងព្រះសីហនុ គឺជាកោះមួយ នៅក្នុងបណ្ដាកោះមួយចំនួន របស់ខេត្ដព្រះសីហនុ ដែលទទួលបានសិទ្ធិពីរាជរដ្ឋាភិបាល ដើម្បីធ្វើការអភិវឌ្ឍវិនិយោគ។

លោក ឡុង ឌីម៉ង់ បន្ដថា ការបើកជាសាធារណៈនេះ ដោយមើលឃើញពីស្ថានភាពនៃបញ្ហាហិរញ្ញវត្ថុ និងស្ថានភាពសេដ្ឋកិច្ចលើពិភពលោក នាពេលបច្ចុប្បន្ន ដោយទីផ្សារមិនទាន់ឆ្លើយតបទៅនឹងផែនការមេរបស់ក្រុមហ៊ុន ដែលត្រៀមក្នុងការអភិវឌ្ឍ ប៉ុន្ដែក្រុមហ៊ុនបានអភិវឌ្ឍន៍រួចហើយ នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ ដោយមើលឃើញពីស្ថានភាពបែបនេះ រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ដព្រះសីហនុ បានស្នើឲ្យបើកកោះពស់ ជាពិសេសត្រង់ឆ្នេរខ្សាច់ ឲ្យមានដំណើរការអាជីវកម្ម ដើម្បីឲ្យមានសេដ្ឋកិច្ចដំណើរការ និងឲ្យក្លាយទៅជាផលិតផលទេសចរណ៍មួយ សម្រាប់ខេត្ដព្រះសីហនុ។

លោក ឡុង ឌីម៉ង់ បានឲ្យដឹងទៀតថា អាជ្ញាធរខេត្ដ និងក្រុមហ៊ុនក៏បានសហការគ្នា ក្នុងការរៀបចំហេដ្ឋារចនាសម័្ពន្ធគាំទ្រផ្សេងៗទៀត ដូចជារៀបចំប្រព័ន្ធសុវិត្ថភាព, បន្ទប់ទឹកសាធារណៈ, កន្លែងចំណតរថយន្ដ និងកន្លែងងូតទឹកសាប -ល- ជាដើម ហើយមិនតម្រូវឲ្យប្រជាពលរដ្ឋបង់លុយ ដើម្បីចូលលេងកំសាន្ដនោះទេ។

បន្ថែមពីនោះទៀត លោក ឡុង ឌីម៉ង់ បានគូសបញ្ជាក់ថា អាជ្ញាធរខេត្ដ និងក្រុមហ៊ុន កំពុងតែស្វែងរកដៃគូសហការ ក្នុងរៀបចំប្រែក្លាយកន្លែងឆ្នេរខ្សាច់ នៅក្នុងកោះពស់ ឲ្យទៅជាកន្លែងឆ្នេរមួយ ដែលផ្ដល់ការកំសាន្ដដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកំសាន្ដនៅទីនោះ។

យោងតាមកម្មវិធី Fresh AI, កោះពស់ ដែលត្រូវបានគេស្គាល់ផងដែរថាជា កោះមរកត គឺជាកោះមួយក្នុងចំណោមកោះទាំង ៣៧ របស់ខេត្តព្រះសីហនុ ដែលមានផ្ទៃក្រឡា ១១៦ ហិកតា និងស្ថិតនៅជិតដែនគោក។

កោះនេះមានស្ពានតភ្ជាប់ពីដីគោក ទៅកាន់កោះ ព្រមទាំងមានឆ្នេរខ្សាច់សក្បុស ទេសភាពព្រៃឈើ និងធម្មជាតិក្នុងទឹក ដែលទាក់ទាញភ្ញៀវទេសចរសម្រាប់ស្ទូចត្រី និងមុជទឹកមើលផ្កាថ្ម។

បច្ចុប្បន្នកោះនេះ កំពុងត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន កោះពស់ (ខេមបូឌា) អ៊ីនវេសមិនគ្រុប អិលធីឌី (KPIG) ជាមួយនឹង គម្រោងវីឡារីសតលំហែកាយលក្ខណៈអភិជនចំនួន ៣៦ ខ្នងជាប់មាត់សមុទ្រ ដែលមានបំពាក់ប្រព័ន្ធការពារ និងមជ្ឈមណ្ឌលសុខភាព៕