សហភាពអឺរ៉ុប និងអាល្លឺម៉ង់ ចាប់ដៃគូជាមួយកម្ពុជា ដើម្បីធ្វើទំនើបកម្មគយ និងលើកកម្ពស់ប្រសិទ្ធភាពពាណិជ្ជកម្ម

25-04-2026 14:42

(ភ្នំពេញ)៖ សហភាពអឺរ៉ុប និងប្រទេសអាល្លឺម៉ង់ បានចូលរួមជាមួយមន្ត្រីកម្ពុជានៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីពិនិត្យមើលវឌ្ឍនភាពដែលសម្រេចបានក្នុងការកាត់បន្ថយរបាំងពាណិជ្ជកម្ម តាមរយៈការធ្វើទំនើបកម្មភស្តុភារកម្ម។ ការទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ បានបង្ហាញឱ្យឃើញពីរបៀបដែលបច្ចេកវិទ្យាដែលបានធ្វើបច្ចុប្បន្នភាព និងបទប្បញ្ញត្តិដែលបានសម្រួល អាចជួយឱ្យទំនិញទៅដល់ទីផ្សារបានលឿន និងមានប្រសិទ្ធភាពជាងមុន។

គណៈប្រតិភូរួមមានតំណាងមកពីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន Cambodia Airport Investment Co. ក៏ដូចជាថ្នាក់ដឹកនាំមកពីវិស័យឯកជន រួមមានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ក្រុមហ៊ុន VINCI Airports និងក្រុមហ៊ុន DHLផងដែរ។

ក្រោមការគាំទ្រពីកម្មវិធី EU-German Global Access and Trade Expertise (EU-German GATE) ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់សហភាពអឺរ៉ុប និងអាល្លឺម៉ង់ ព្រឹត្តិការណ៍នេះបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងបន្តរបស់កម្ពុជា ក្នុងការសម្របសម្រួលនីតិវិធីគយ និងលើកកម្ពស់ប្រតិបត្តិការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរហ័ស។ ចំណុចលេចធ្លោចម្បងនៃទស្សនកិច្ចនេះ គឺការអនុវត្តប្រកបដោយជោគជ័យនូវ «ការបញ្ជូនទិន្នន័យមុនពេលទំនិញមកដល់» សម្រាប់សេវាដឹកជញ្ជូនរហ័ស។ ប្រព័ន្ធនេះ ដែលបច្ចុប្បន្នកំពុងត្រូវបានពង្រីកនៅអាកាសយានដ្ឋានអន្តរជាតិតេជោ អនុញ្ញាតឱ្យទិន្នន័យគយត្រូវបានដាក់ជូន និងដំណើរការមុនពេលទំនិញមកដល់ជាក់ស្តែង ដែលជួយកាត់បន្ថយពេលវេលាបញ្ចេញទំនិញបានយ៉ាងច្រើន។

លោក អ៉ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានលើកឡើងថា «នីតិវិធីគយដែលមានប្រសិទ្ធភាព តម្លាភាព និងអាចព្យាករណ៍បាន គឺជាកម្លាំងរុញច្រានដល់ការវិនិយោគ ភាពប្រកួតប្រជែងពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច។ សហភាពអឺរ៉ុបសហការយ៉ាងជោគជ័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលនៃប្រព័ន្ធគយ និងលើកកម្ពស់គោលនយោបាយពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព»

លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា «ប្រទេសអាល្លឺម៉ង់មានមោទនភាពក្នុងការគាំទ្រកម្ពុជា ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលនៃប្រព័ន្ធគយ។ ការធ្វើទំនើបកម្មច្រកទ្វារទាំងនេះនឹងពន្លឿនពាណិជ្ជកម្ម ជំរុញកំណើនអាជីវកម្ម និងពង្រឹងស្តង់ដារភាពជឿជាក់សម្រាប់ទីផ្សារពិភពលោក»

កំណែទម្រង់ទាំងនេះគាំទ្រដល់មហិច្ឆតារបស់កម្ពុជា ក្នុងការពង្រឹងឋានៈរបស់ខ្លួនជាមជ្ឈមណ្ឌលភស្តុភារកម្មក្នុងតំបន់។ តាមរយៈការលើកកម្ពស់ការចាត់ចែងទំនិញរហ័ស និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ ប្រទេសកម្ពុជាមានលក្ខណៈសម្បត្តិល្អប្រសើរជាងមុន ដើម្បីគាំទ្រដល់ការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce) ដែលល្បឿន និងភាពច្បាស់លាស់គឺជាកត្តាចាំបាច់បំផុត។

ការគាំទ្រផ្តល់ដោយសហភាពអឺរ៉ុប គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រច្រកទ្វារសកល (Global Gateway) របស់ខ្លួន។ យុទ្ធសាស្ត្រនេះលើកកម្ពស់វិធីសាស្រ្តគ្រប់ជ្រុងជ្រោយចំពោះការតភ្ជាប់ ដោយរួមបញ្ចូលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាមួយកំណែទម្រង់បទប្បញ្ញត្តិ ការធ្វើឌីជីថលកម្ម និងការចូលរួមយ៉ាងស៊ីជម្រៅជាមួយវិស័យឯកជន។

ក្រុមហ៊ុនអឺរ៉ុបកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរនេះ។ តាមរយៈកិច្ចសហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុប អាជ្ញាធរកម្ពុជាកំពុងធ្វើការជាមួយអាជីវកម្មនានា ដើម្បីកំណត់បញ្ហាដែលរាំងស្ទះ និងកែលម្អប្រសិទ្ធភាពភស្តុភារកម្ម។ ដៃគូដូចជា ក្រុមហ៊ុន DHL និងក្រុមហ៊ុន VINCI Airports នាំមកនូវជំនាញកម្រិតសកល និងស្តង់ដារប្រតិបត្តិការខ្ពស់ ដែលជួយឱ្យកម្ពុជាកាន់តែធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិ។

សហភាពអឺរ៉ុប និងអាល្លឺម៉ង់ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការបន្តគាំទ្រការអភិវឌ្ឍពាណិជ្ជកម្ម និងភស្តុភារកម្មរបស់កម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ៕