កម្លាំងសមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ក្នុងបុរីជារី ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនបរទេស១២នាក់
25-04-2026 14:55
(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងឆបោក Online Scams នៅផ្ទះល្វែង ស្ថិតនៅក្នុងបូរីជារី ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៨៖២៥នាទីរសៀល គណៈបញ្ជាការឯកភាពខណ្ឌ ពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ ដែលមានការសម្របសម្រួលពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជនីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងបុរីជារី ស្ថិតនៅចំណុចផ្ទះលេខ០៦J ផ្លូវ០៧ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផលរកឃើញជនជាតិបង់ក្លាដែស ចំនួន១២នាក់ ជាជនបរទេសសង្ស័យធ្វើសកម្មភាពប្រព្រឹត្ត Online Scams, រកឃើញឧបករណ៍គ្រឿងអេឡិចត្រូនិចមួយចំនួន ត្រូវបានរក្សាទុកនៅក្នុងបន្ទប់ជាន់ទី១ ម៉ូនីទ័រ ១៣គ្រឿង, កុំព្យូទ័រ all in one ២៦គ្រឿង, ធុងCPU ១១គ្រឿង និងលិខិតឆ្លងដែនចំនួន១៤ក្បាល។
លទ្ធផលកោសល្យវិច្ច័យលើឧបករណ៍អេឡិចត្រូនិច សមត្ថកិច្ចសន្និដ្ឋានថា ក្រុមជនសង្ស័យប្រើប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ (Online scams) ក្រោមរូបភាពក្លែងបន្លំជាក្រុមហ៊ុនលក់កញ្ចប់ ទេសចរណ៍ក្លែងក្លាយ ដែលមានគោលដៅទៅប្រទេសបង់ក្លាដេស និងប្រទេសផ្សេងទៀត៕












