អភិបាលខណ្ឌព្រែកព្នៅ បន្តចុះចែកបន្លែស្រស់ៗ ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតតាមខ្នងផ្ទះ នៅក្នុងមូលដ្ឋាន

25-04-2026 15:15

(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែមេសា ឆ្នាំ២០២៦នេះ បានបន្តចុះចែកបន្លែស្រស់ៗ ព្រមទាំងសំណេះសំណាល រួមសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ។ ដែលសកម្មភាពទាំងនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងបានបង្កើតភាព ស្និទ្ធស្នាល រវាងមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ។

ខណៈចុះចែកបន្លែដល់មុខផ្ទះប្រជាពលរដ្ឋនេះដែរ លោក ធឹម សំអាន បានជំរាបជូនបងប្អូនប្រជាពលរដ្ឋថា បើបងប្អូនប្រជាពលរដ្ឋ មានបញ្ហាបន្ទាន់ណាមួយ សុំទៅរកស្នាក់ការ គណបក្សប្រជាជនកម្ពុជា ដែលនៅជិតបំផុត គឺមន្ត្រីគណបក្សរងចាំទទួលដោះស្រាយ តាមជាក់ស្ដែងជូនភ្លាម។ ប៉ុន្តែបើមិនហ៊ានចូលស្នាក់ការគណបក្សប្រជាជនទេ សូមបងប្អូនអញ្ជើញទៅរកសាលាសង្កាត់ ឬសាលាខណ្ឌ នោះនឹងមានមន្ត្រីចាំទទួលដោះស្រាយជូនបងប្អូនហើយ។

នាឱកាសនោះ លោកអភិបាលខណ្ឌព្រែកព្នៅ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិ សាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏សូមឱ្យគ្រួសារទាំងអស់ មេត្តាខិតខំថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចូលរួមអនុវត្តវិធានការបង្ការ ជំងឺដង្កាត់ផ្សេងៗ។

លោកបន្តថា តាមការណែនាំពីលោក ឃួង ស្រេង បានលើកឡើងថា មន្ត្រីទាំងអស់ ត្រូវយកចិត្តទុកដាក់មើលប្រជាពលរដ្ឋរបស់ខ្លួន ឲ្យបានគ្រប់ជ្រុងជ្រោយ មានន័យថា នៅពេលពួកគាត់មានបញ្ហាខ្វះខាតត្រូវផ្តល់ជូនពួកគាត់ភ្លាម ពិសេសមើលប្រជាពលរដ្ឋ ដែលនៅក្នុងមូលដ្ឋានជាមួយយើងនេះតែម្តង យើងមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារឡើយ ។

ជាមួយគ្នានោះ ដោយទឹកចិត្តស្រស់ស្រាយ សប្បាយរីករាយ បងប្អូនប្រជាពលរដ្ឋ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំខណ្ឌព្រែកព្នៅ មានលោក ធឹម សំអាន ដឹកនាំ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ពិសេសអ្នកដែលមានជីវភាពទីទ័លក្រ និងជនចាស់ជរា គ្មានទីពឹង៕