អាជ្ញាធរ និងពលរដ្ឋចំនួន២ភូមិ ក្នុងស្រុករលាប្អៀរ អំពាវនាវពុទ្ធបរិស័ទ និងសប្បុរសជនចូលរួមបុណ្យផ្កាសាមគ្គី ដើម្បីយកបច្ច័យកសាងស្ពានឱ្យបានរួចរាល់មុនរដូវវស្សា

25-04-2026 15:33

(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋចំនួន២ភូមិ រស់នៅក្នុងឃុំផ្សេងគ្នា ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរៃអង្គាសថវិកាកសាងស្ពានឆ្លងស្ទឹង ១កន្លែង ដើម្បីងាយស្រួលក្នុងការប្រាស្រ័យទាក់ទង និងទំនាក់ទំនងធ្វើអាជីវកម្មរួមគ្នា ក្នុងការដោះដូរទំនិញទាំងផ្នែកផលិតផលសិប្បកម្ម, កសិផលកសិកម្ម និងទំនិញផ្សេងៗ ពីឃុំមួយទៅឃុំមួយ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ស្ពានឆ្លងស្ទឹង ១កន្លែង ដែលពលរដ្ឋទាំង ២ឃុំ ក្នុងស្រុករលាប្អៀរ បាននឹងកំពុងរៃអង្គាសថវិកាកសាងខាងលើនេះ គឺស្ថិតនៅក្នុងភូមិអាឡែង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ស្ពាននេះបម្រើដល់ប្រយោជន៍ ប្រជាពលរដ្ឋទូទៅ ពិសេសគឺប្រជាពលរដ្ឋរស់នៅក្នុងឃុំជ្រែបាក់, ឃុំរលាប្អៀរ, ឃុំជើងក្រៀវ, ស្រុករលាប្អៀរ ដែលមានព្រំប្រទល់ជាប់គ្នា ត្រូវការដឹកកសិផល និងទំនិញផ្សេងៗ ក្នុងការធ្វើអាជីវកម្មរួមគ្នាពីឃុំមួយទៅឃុំមួយ ដែលអាចចំណេញទាំងពេលវេលា និងរយៈចម្ងាយបានច្រើន។

អាជ្ញាធរ និងគណៈកម្មការសាងសង់ស្ពានខាងលើនេះ បានឱ្យដឹងថា ស្ពាននេះគឺសាងសង់ឡើងក្រោមការផ្ដួចផ្ដើមរបស់ពលរដ្ឋចំនួន ២ភូមិ គឺភូមិអាឡែង ក្នុងឃុំជ្រៃបាក់ និងភូមិគ្រួស ក្នុងឃុំរលាប្អៀរ និងមានការឧបត្ថម្ភ គាំទ្រដំបូងពីលោក ពត ព្រឹម ដែលលោកបានចូលរួមថវិកាសាងសង់ចំនួន ១០លានរៀល បន្ទាប់មកក៏មានការចូលរួមពីសប្បុរសជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទើបអាចកសាងស្ពាននេះបានចេញជារូបរាងឡើង។
ស្ពាននេះមានបណ្ដោយប្រវែង ២៤.៥០ម៉ែត្រ ទទឹង ៣.៨០ម៉ែត្រ ធ្វើអំពីបេតុងស្ពាននេះ បច្ចុប្បន្នសាងសង់បានប្រមាណ ៧០ភាគរយហើយ ដោយសារតែពុំទាន់មានថវិកាគ្រប់គ្រាន់ក្នុងការសាងសង់ឱ្យបានរួចរាល់។ ទើបប្រជាពលរដ្ឋបានអារច្រៀកដើមត្នោតយកមកក្រាលដើម្បីធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្នទម្រាំបានថវិកាគ្រប់គ្រាន់ និងធ្វើការសាងសង់បន្ត។

គណៈកម្មការអាចារ្យ និងអាជ្ញាធរ បានបញ្ជាក់ថា ស្ពានមួយនេះក៏មានសារៈសំខាន់សម្រាប់ប្រជាពុទ្ធបរិស័ទដែលមានជំនឿផ្នែកព្រះពុទ្ធសាសនា អញ្ជើញមកធ្វើបុណ្យទាន និងគោរពបូជានៅទីអារាមមួយដែលស្ថិតនៅមាត់ស្ទឹង ក្បែរស្ពានថ្មី ដែលកំពុងសាងសង់នេះវត្តនេះប្រជាពលរដ្ឋទើបតែនាំគ្នាកសាងថ្មី ហើយត្រូវបានប្រជាពលរដ្ឋហៅថា (វត្តចាស់) ព្រោះវត្តនេះដោយសារតែប្រជាពលរដ្ឋ និងចាស់ទុំក្នុងមូលដ្ឋានទើបតែបានរៀបចំកសាងឡើងវិញ បន្ទាប់ពីពួកគាត់ជីកកកាយរកឃើញគ្រឹះសីមារបស់វត្តបន្សល់ទុកពីបុរាណចំនួន ៨ផ្ទាំង ដែលចាស់ៗក្នុងភូមិពុំមាននរណាម្នាក់ធ្លាប់ឃើញ និងបានដឹងនោះឡើយ។

តាំងពីចាប់គាស់រកឃើញគ្រឹះសីមាចាស់របស់វត្តយកមកដាក់តម្កល់ទុកសម្រាប់គោរពបូជារួចមក វត្តនេះបច្ចុប្បន្នត្រូវបានពុទ្ធបរិស័ទមកពីទីជិតទីឆ្ងាយគោរពបូជា និងអ្នកខ្លះមានជំនឿដោយបានបែបន់ និងទទួលបានសម្រេច ទៅតាមបំណងប្រាថ្នា ដែលពួកគាត់ភាគច្រើនបានអះអាងថា វត្តនេះពូកែ (ស័កសិទ្ធ)ទើបល្បីតៗគ្នារហូតមានពុទ្ធបរិស័ទមកពីទីជិតឆ្ងាយបានដើរឆ្លងទឹកស្ទឹងទាំងរដូវប្រាំង និងរដូវវស្សាដើម្បីមកធ្វើបុណ្យគោរពបូជា និងបែបន់សុំសេចក្តីសុខពីវត្ថុស័កសិទ្ធគ្រឹះសីមារបស់វត្តបន្សល់ទុកពីបុរាណមក ដែលជាទីសក្ការៈបូជានៅក្នុងអារាមខាងលើនេះ ពុំដែលដាច់នោះឡើយ។

ហេតុនេះហើយទើបប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាជ្ញាធរបានមូលមតិគ្នាសម្រេចកសាងស្ពាននេះឡើងដើម្បីជាប្រយោជន៍ ទី១៖ សម្រាប់ប្រជាកសិករដឹកកសិផល និងទំនិញផ្សេងៗក្នុងការធ្វើអាជីវកម្ម ពីឃុំមួយ ទៅឃុំមួយ ទី២៖ សម្រាប់ប្រជាពុទ្ធបរិស័ទអញ្ជើញមកធ្វើបុណ្យទាន គោរពបូជាផ្នែកព្រះពុទ្ធសាសនា និងធ្វើការបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើនតាមការប្រាថ្នាចង់បានរបស់ប្រជាពុទ្ធបរិស័ទរាងៗខ្លួន។

ដោយសារតែពុំទាន់មានថវិកាគ្រប់គ្រាន់ដើម្បីសាងសង់ស្ពានខាងលើនេះឱ្យបានរួចរាល់ ប្រជាពលរដ្ឋ និងអាជ្ញាធរទាំង ២ភូមិ គឺភូមិអាឡែង និងភូមិគ្រូស រួមទាំងគណៈកម្មការអាចារ្យ បានសម្រេចធ្វើបុណ្យផ្កាសាមគ្គីមួយ ដើម្បីរៃអង្គាសថវិកាយកមកសាងសង់ស្ពានឱ្យបានរួចរាល់។ បុណ្យផ្កាសាមគ្គី និងត្រូវចូលរោង នៅថ្ងៃសៅរ៍ ៧កើត ខែជេស្ន ឆ្នាំមមី ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៦។

ឆ្លៀតក្នុងឱកាសនេះទាំងអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមអំពាវនាវដល់ប្រជាពុទ្ធបរិ ស័ទជិតឆ្ងាយ និងសប្បុរសជនមេត្តាចូលរួមក្នុងកម្មវិធីបុ ណ្យមហាសាមគ្គីដែលនឹងធ្វើនៅ (វត្តចាស់)ស្ថិតក្នុងភូមិអាឡែងឃុំជ្រៃបាក់ ស្រុករលាប្អៀរ តាមកាលបរិច្ឆេទខាងលើ និងអញ្ជើញចូលរួមចាប់មផលដើម្បីយកបច្ច័យកសាងស្ពានទៅតាមកម្លាំងសទ្ធារបស់ប្រជាពុទ្ធបរិស័ទដោយមេត្រីភាព៕