លោក ថុង ម៉េងដាវិត៖ តថាភាពពិត យុត្តិធម៌ តម្លាភាព និងការវាយតម្លៃឡើងវិញនៃរបាយការណ៍ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់កាសែត The Wall Street Journal ដែលហៅកម្ពុជាថា “Scambodia”

25-04-2026 17:15

(ភ្នំពេញ)៖ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ បានថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News ថា អត្ថបទថ្មីៗនេះរបស់ The Wall Street Journal ដែលរាយការណ៍ពីសកម្មភាព និងក្រុមឧក្រិដ្ឋជនឆបោកអនឡាញ នៅប្រទេសកម្ពុជាដោយហៅកម្ពុជាថាជា “Scambodia” បានឆ្លុះបញ្ចាំងពីការងាកចេញដ៏គួរឱ្យព្រួយបារម្ភពីវិជ្ជាជីវៈនិងសីលធម៌សារព័ត៌មាន ដែលមានភាពលម្អៀងឆ្ពោះទៅរកការចោទប្រកាន់ជាជាងការផ្សព្វផ្សាយព័ត៌មាន ដែលមានតម្លាភាព និងតថាភាពសង្គមកម្ពុជាពិត។

លោកបានបន្តថា ខណៈពេលដែលការកើនឡើងនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅអាស៊ី អាគ្នេយ៍គួរឱ្យកត់សម្គាល់ អ្នកសរសេរអត្ថបទបានជ្រើសរើសការប្រើប្រាស់វោហាសាស្ត្រ និងលើកយកទិន្នន័យឆបោកដែលបានកំណត់ទុកជាមុន ដែលមានបំណងចង់មួលបង្កាច់បង្ខូចដោយយកបញ្ហាឆ្លងដែនដ៏ស្មុគស្មាញមកកំណត់អត្តសញ្ញាណប្រទេសជាតិមួយទៅវិញ។ កត្តានេះ គឺជាការគួរឱ្យព្រួយបារម្ភជាពិសេសនៅពេលដែលសូម្បីតែអត្ថបទផ្ទាល់ក៏ទទួលស្គាល់ថាបណ្តាញបោកប្រាស់ត្រូវបានដំណើរការយ៉ាងទូលំទូលាយដោយក្រុមឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់ ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ទៅនឹងក្រុមឧក្រិដ្ឋជនចិន ជាជាងជាជនជាតិខ្មែរតែមួយគត់នៅក្នុងប្រភពដើម ឬរចនាសម្ព័ន្ធនៃឧក្រិដ្ឋជនទាំងនោះ។

បញ្ហាក្រមសីលធម៌មិនមែនស្ថិតនៅក្នុងការរាយការណ៍អំពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតទេ ប៉ុន្តែជាការសរសេរបែបធ្វើឱ្យ ប្រព័ន្ធបណ្តាញឧក្រិដ្ឋកម្មក្លាយជាកត្តាកំណត់អត្តសញ្ញាណជាតិកម្ពុជា ដែលមាននិន្នាការបង្ហាញថាកម្ពុជាជាប្រទេស គាំទ្រដល់ការឆបោកអនឡាញ និងក្រុមឧក្រិដ្ឋជនឆបោកទាំងនោះទៅវិញ។ យោងតាមការប៉ាន់ស្មានរបស់មជ្ឈមណ្ឌលសិក្សាអន្តរជាតិ និងយុទ្ធសាស្រ្ត (CSIS) ដែលបានលើកឡើងនៅក្នុងរបាយការណ៍អន្តរជាតិជាច្រើនបានបង្ហាញថា ប្រតិបត្តិការឆបោកនៅទូទាំងប្រទេសកម្ពុជាអាចពាក់ព័ន្ធនឹងជនរងគ្រោះដែលត្រូវបានជួញដូរជាង ១០០,០០០នាក់ ទៅ ១៥០,០០០នាក់ ដែលជារឿយៗ ជនរងគ្រោះផ្ទាល់ជាជាងជនល្មើស។ ដោយការមិនទទួលស្គាល់តថភាពពិតនេះហើយ ទើបអត្ថបទនេះបានប្រែក្លាយទៅជាការសរសេររាយការណ៍ពីកម្ពុជាដែលមិនមានតម្លាភាព យុត្តិធម៌ និងជាសញ្ញានៃការមាក់ងាយដល់ប្រទេសជាតិមួយ ដោយសារតែការមើលរំលងអំពីការបែងចែកអោយដាច់ពីគ្នារវាងរដ្ឋ សង្គម និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនទាំងនោះ។ ដោយហេតុទាំង អស់នេះហើយ ទើបធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ស្តង់ដា និងកេរ្តិ៍ឈ្មោះសារព័ត៌មានអន្តរជាតិ WSJ ដែលល្បីល្បាញ និងមានការទទួលស្គាល់ជាអន្តរជាតិ។

នៅក្នុងនាមអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ លោក ថុង ម៉េងដាវិត បានបញ្ជាក់ថា បញ្ហាស្រដៀងគ្នានេះ គឺការកំណត់ជ្រើសរើសយកភស្តុតាង និងការមិនអើពើដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋា
ភិបាលកម្ពុជាក្នុងការទប់ស្កាត់ និងលុបបំបាត់ឧក្រិដ្ឋកម្មឆបោកអនឡាញ។ ចាប់តាំងពីឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងវិធានការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកអនឡាញយ៉ាងខ្លាំងនៅគ្រប់ខេត្ត-ក្រុង។ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាបានបង្កើត «គណៈកម្មការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ» ដែលមានភារកិច្ចការពារ បង្ក្រាប និងអនុវត្តប្រឆាំងនឹងបណ្តាញ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

សម្រាប់លោក ថុង ម៉េងដាវិត យន្តការនេះត្រូវបានអនុវត្តក្នុងប្រតិបត្តិការបង្រាបទ្រង់ទ្រាយធំ ហើយនៅដើមឆ្នាំ២០២៦ អាជ្ញាធរបានបិទទីតាំងសង្ស័យឆបោកយ៉ាងហោចណាស់២០០កន្លែង និងឃាត់ខ្លួនមនុស្សជាង ៣,៥០០នាក់ ក្នុងការបង្ក្រាបទូទាំងប្រទេស។ លើសពីនេះទៀត តួលេខផ្លូវការបានបង្ហាញថា ជនសង្ស័យឆបោកជនបរទេសជាង ៣០,០០០ នាក់ ត្រូវបាននិរទេសចេញ ខណៈដែលមនុស្សជាង ២១០,០០០ នាក់ បានស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជាចំពេលមានវិធានការអនុវត្តកាន់តែខ្លាំងឡើង។ ទាំងនេះមិនមែនជាសកម្មភាពដែលគ្រាន់តែជានិមិត្តរូបនោះទេ ប៉ុន្តែឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងប្រតិបត្តិការបង្រ្កាបជាប្រព័ន្ធដែលដឹកនាំដោយរដ្ឋាភិបាល ដើម្បីកម្ទេចចោលនូវហេដ្ឋារចនាសម្ព័ន្ធឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅក្នុងកម្ពុជា។

លើសពីនេះទៅទៀត កម្ពុជាបានពង្រឹងក្របខណ្ឌច្បាប់ និងគោលនយោបាយរបស់ខ្លួន និងបានដាក់ចេញច្បាប់ និងយន្តការថ្មីៗដើម្បីដោះស្រាយអំពើបោកប្រាស់តាមអ៊ីនធឺណិត ក៏ដូចជាបានពង្រីកការអនុវត្តច្បាប់ក្រោមយុទ្ធនាការប្រឆាំងអំពើជួញដូរមនុស្ស ហើយត្រឹមតែក្នុងឆ្នាំ២០២៤ តែប៉ុណ្ណោះ មានករណីចំនួន១៩៧ ត្រូវបានបង្រាបនិងកាត់ទោស ហើយការបណ្តេញជនល្មើសបរទេសចេញពីប្រទេសផងដែរក៏មានចំនួនច្រើនគួរឱ្យកត់សម្គាល់ផងដែរ។

ជាមួយគ្នានេះ កម្ពុជាក៏បានសម្របខ្លួនឱ្យស្របតាមយន្តការតំបន់ដូចជាក្របខណ្ឌដឹកនាំដោយអាស៊ាន ដែលមានស្រាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់អនឡាញ ដែលបង្ហាញពីការប្តេជ្ញាចិត្តចំពោះការដំណោះស្រាយ ក្រោមក្របខណ្ឌពហុភាគី។ កិច្ចសហប្រតិបត្តិការអន្តរជាតិក៏ត្រូវបានពង្រឹងបន្ថែមទៀត ដោយរួមមានកិច្ចប្រតិបត្តិការរួមជាមួយដៃគូជាមិត្តដូចជា ចិន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ក្នុងការចែករំលែកព័ត៌មានសម្ងាត់ ការកំណត់គោលដៅអត្តសញ្ញាណនិងទីតាំងឧក្រិដ្ឋជន ការតាមដានប្រតិបត្តិការហិរញ្ញវត្ថុ និងការជួយជនរងគ្រោះត្រឡប់ទៅប្រទេសដើមវិញ ដែលនែះជាធាតុសំខាន់មួយព្រោះតែអំពើឧក្រិដ្ឋកម្មទាំងនេះមានលក្ខណៈឆ្លងប្រទេស។

បើទោះបីមានការខិតខំប្រឹងប្រែងដែលបានកត់ត្រាទាំងនេះក៏ដោយ ក៏អត្ថបទរបស់ The Wall Street Journal បានផ្តល់ការយកចិត្តទុកដាក់តិចតួចចំពោះវឌ្ឍនភាពទាំងនេះ ហើយផ្ទុយទៅវិញ បានផ្តោតលើការចោទប្រកាន់ និងការប៉ាន់ស្មានចំនួនប្រាក់ចំណូលខុសច្បាប់ក្នុងកម្រិតខ្ពស់។ ឧទាហរណ៍ ទោះបីជាលេខាភាពដែលបង្ហាញថា ប្រាក់ចំណូលពីអំពើបោកប្រាស់អាចឈានដល់ ១២ ទៅ ១៩ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក៏ដោយ ដែលអាស្រ័យលើការប៉ាន់ស្មានរបស់អង្គការត្រួតពិនិត្យនៅក្នុងតំបន់ ដែលមិនមែនជាទិន្នន័យជាក់ស្តែងរដ្ឋាភិបាលកម្ពុជានោះទេ ហើយជាញឹកញាប់គឺទិន្នន័យទាំងនោះគឺខ្វះភាពច្បាស់លាស់ ក្នុងការវិធីសាស្ត្រស្រាវជ្រាវរកប្រភពទិន្នន័យទាំងនោះ។ ការខ្វះការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើប្រភពតួលេខទាំងនេះហើយ គឺជាបង្ហាញយ៉ាងច្បាស់ពីចរិកលក្ខណៈនៃការសរសេរអត្ថបទ ដែលមានលក្ខណៈច្បាស់លាស់ និងបង្កឱ្យមានការរើសអើងឬប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា។

លើសពីនេះលោក ដេវិត បានបញ្ជាក់ថា អត្ថបទនោះក៏បង្កើតសំណួរអំពីការកំណត់យកប្រទេសកម្ពុជាសម្រាប់ការសរសេរ។ បណ្ដាញក្រុមឧក្រិដ្ឋកម្មអនឡាញ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថាជាប្រតិបត្តិនៅក្នុងប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ រួមមានតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ា និងថៃផងដែរ។ របាយការណ៍ជាច្រើនក៏បានបង្ហាញថា មូលដ្ឋានប្រតិបត្តិការបោកប្រាស់ និងបណ្ដាញហិរញ្ញវត្ថុ បានពង្រីកដែនឆ្លងកាត់ព្រំដែនរវាងថៃ–មីយ៉ាន់ម៉ា ហើយវាក៏ជាប់ពាក់ព័ន្ធទៅនឹងបណ្តាញលាងលុយឆ្លងដែនផងដែរ។ ការប៉ាន់ស្មានជាសកលក៏បានបន្ថែមទៀតបានបង្ហាញថា មានមនុស្សលើសពី ២០០,០០០ នាក់ ត្រូវបានជួញដូរចូលទៅក្នុងប្រតិបត្តិការបោកប្រាស់នៅទូទាំងអាស៊ីអាគ្នេយ៍ ដោយមិនមែនមានតែនៅក្នុងកម្ពុជាប៉ុណ្ណោះទេ។

ទោះជាយ៉ាងណា ការផ្តោតលើការបង្កើតសាច់រឿងនៅតែមានភាពលំអៀងយ៉ាងច្បាស់ និងការដាក់ឈ្មោះកម្ពុជាជាមួយនឹងពាក្យ “Scambodia” ដោយមិនមានការប្រើពាក្យឬស្លាកសញ្ញាដូចគ្នាចំពោះប្រទេសផ្សេងៗទៀត។ ភាពអយុត្តិធម៌ និងការប្រើប្រាស់វិធីសាស្រ្តស្រាវជ្រាវ និងទិន្ន័យដែលគ្មានប្រភពច្បាស់លាស់របស់ WSJ អាចសន្មត់ថានេះគឺជាការប្រើប្រាស់ចំណងជើងអត្ថបទគួរឱ្យចាប់អារម្មណ៍ជាជាងការវិភាគលើផលនបះពាល់ក្នុងតំបន់ទាំងមូល។

ជាការកត់សម្គាល់ សូម្បីតែរបាយការណ៍ដែលមានលក្ខណៈរិះគន់ក៏ត្រូវតែទទួលស្គាល់ពីការអនុវត្តច្បាប់ និងយុទ្ធនាការបង្ក្រាបដែលកំពុងអនុវត្តយ៉ាងខ្លាំងក្លាដោយអាជ្ញាធរកម្ពុជា រួមមានការចុះបង្ក្រាប ការជួយសង្គ្រោះជនរងគ្រោះ និងការបំបែកមូលដ្ឋានប្រតិបត្តិការឆបោកធំៗនៅតាមបណ្តាខេត្ត-ក្រុង។ ដូច្នេះហើយបញ្ហាប្រឈមដែលនៅតែបន្តកើតមានចេញពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត មិនគួរត្រូវយកបកស្រាយថារដ្ឋាភិបាលជាអ្នកគាំទ្រឬ លាក់បាំងឡើយ ក៏ប៉ុន្តែគួររៀបរ៉ាប់អោយបានច្បាស់ពីភាពលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនទាំងនោះ ដែលមានលក្ខណៈបត់បែនខ្ពស់ និងអាចប្តូរយុទ្ធសាស្ត្របានយ៉ាងឆាប់រហ័ស ដែលនេះគឺជាបញ្ហាប្រឈមសកលដែលរដ្ឋាភិបាលទាំងអស់កំពុងជួបប្រទះដូចគ្នា មិនត្រឹមតែកម្ពុជាមួយនោះទេ។

ជារួម ទោះបីអំពើឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលកំពុងកើតមាននៅកម្ពុជា គឺជាបញ្ហាដែលធ្ងន់ធ្ងរ និងត្រូវការការយកចិត្តទុកដាក់ជាបន្តបន្ទាប់ក៏ដោយ ការកំណត់ដាក់ឈ្មោះប្រទេសកម្ពុជាដោយការប្រើប្រាស់ពាក្យ “Scambodia” គឺជាការរៀបចំបង្កើតសាច់រឿងដែលមានលក្ខណៈចង្អៀតចង្អល់ និងកម្សោយផ្នែកសីលធម៌ក្នុងវិជ្ជាជីវៈសារព័ត៌មាន។ វិធីសាស្ត្ររបស់សារព័ត៌មានដែលមានភាពគួរឱ្យជឿជាក់ជាងនេះ គួរតែសរសេរដោយកំណត់កម្ពុជាជាប្រទេសដែលកំពុងរងគ្រោះ ហើយកំពុងស្ថិតក្នុងប្រព័ន្ធឧក្រិដ្ឋកម្មឆ្លងដែននៅតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ដោយវាយតម្លៃទៅលើទាំងការចោទប្រកាន់ និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ ព្រមទាំងជៀសវាងការប្រើភាសាដែលរួមបញ្ចូលអំពើឧក្រិដ្ឋកម្មជាមួយអត្តសញ្ញាណជាតិ។ ក្នុងយុគសម័យដែលសារព័ត៌មានមានឥទ្ធិពលខ្លាំងលើការយល់ឃើញភូមិសាស្ត្រនយោបាយរបស់សារណជន ភាពត្រឹមត្រូវច្បាស់លាស់ តម្លាភាព សមភាព និងការកំណត់ប្រធានបទក្នុងការសរសេរឬរាយការណ៍ គួរត្រូវនៅជាគោលការណ៍គ្រឹះដ៏សំខាន់សម្រាប់សារព័ត៌មានដែលមានទំនួលខុសត្រូវ និងមានវិជ្ជាជីវៈខ្ពស់៕