Fresh Exclusive: ពីភ្នំពេញទៅបាងកក៖ ចិនចាប់ផ្តើមធ្វើការទូតទៅមក “Shuttle Diplomacy” ដើម្បីផ្សះផ្សាជម្លោះកម្ពុជា–ថៃ

25-04-2026 17:25

(ភ្នំពេញ)៖ ខណៈភាពតានតឹងកម្ពុជា–ថៃ នៅតែត្រូវគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន, ដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់របស់ចិន មកកាន់ប្រទេសទាំងពីរ កំពុងចាប់ផ្តើមតួនាទីថ្មីមួយ។ វាមិនមែនជាដំណើរទស្សនកិច្ច ដែលពង្រឹងផ្នែកនយោបាយការទូត និងកត្តាសន្តិសុខ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអន្តរការីមួយ ដើម្បីរកការដោះស្រាយជម្លោះរវាងកម្ពុជានិងថៃ។ ពីភ្នំពេញទៅបាងកក សារមួយដែលបង្ហាញច្បាស់ដូចគ្នា គឺភាគីទាំងពីរចង់បញ្ចប់ជម្លោះ និងរក្សាសន្តិភាព។

Fresh Exclusive មានការវិភាគស៊ីជម្រៅមួយជុំវិញបញ្ហានេះ…

ខណៈភាពតានតឹងតាមព្រំដែនកម្ពុជា–ថៃ នៅតែជាបញ្ហាដែលត្រូវគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន, ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ពីភ្នំពេញទៅបាងកក ក្នុងសប្តាហ៍នេះ មិនមែនជាការទូតធម្មតាទេ។ ដំណើរនេះ បង្ហាញយ៉ាងច្បាស់ពីការចាប់ផ្តើមរៀបចំ «ការទូតទៅវិញទៅមក “Shuttle Diplomacy” របស់ចិន ក្នុងការប្រមូលសារ ពីភាគីមួយទៅភាគីមួយ ដើម្បីបន្ថយភាពតានតឹង និងបង្កើតផ្លូវទៅរកសន្តិភាព។

ក្នុងដំណើរទស្សនកិច្ចដែលផ្តើមចេញពីកម្ពុជា, យន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន និង លោក វ៉ាង យី និង រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា និង រដ្ឋមន្ត្រីការពារជាតិចិន នាយឧត្តមនាវី តុង ជុន នៅក្នុងរាជធានីភ្នំពេញ មិនត្រឹមតែជាវេទិកាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាគន្លឹះសំខាន់សម្រាប់ការបញ្ចូលការទូត និងសន្តិសុខ ក្នុងការបង្កើតលក្ខខណ្ឌសម្រាប់ចិន ដើម្បីអាចដើរតួនាទីជាអន្តរការីក្នុងតំបន់។

* យន្តការពី «២+២» ទៅ «៣+៣»៖ វេទិកាថ្មីនៃអំណាចយុទ្ធសាស្ត្រកម្ពុជានិងចិន

ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា កិច្ចប្រជុំយន្តការ «២+២» បានបង្ហាញពីការចងភ្ជាប់ជិតស្និទ្ធរវាងការទូត និងវិស័យយោធា។ នេះមានន័យថា ការសម្រេចចិត្តផ្នែកនយោបាយ និងសន្តិសុខ ត្រូវបានសម្របសម្រួលក្នុងវេទិកាតែមួយ ដើម្បីបង្កើនប្រសិទ្ធភាព និងភាពស្របគ្នា។ យន្តការនេះ ត្រូវបានអនុវត្តស្របតាមឯកភាពរវាងថ្នាក់ដឹកនាំកំពូលកម្ពុជា–ចិន ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ Xi Jinping មកកាន់កម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ ដោយមានគោលបំណងលើកកម្ពស់ទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ និងពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខរវាងប្រទេសទាំងពីរ។

ក្នុងកិច្ចសន្ទនានេះ ភាគីចិនបានបង្ហាញការគាំទ្រចំពោះការធ្វើទំនើបកម្មយោធាកម្ពុជា ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងការពង្រឹងសមត្ថភាពការពារជាតិ លើដែនគោក ដែនទឹក និងដែនអាកាស។ ជាលទ្ធផល កម្ពុជានិងចិន បានឯកភាពដំឡើងយន្តការនេះទៅកម្រិត «៣+៣» ដោយបន្ថែមក្រសួងមហាផ្ទៃ និងសន្តិសុខសាធារណៈ។ ការពង្រីកនេះបង្ហាញថា កិច្ចសហប្រតិបត្តិការទ្វេភាគីកំពុងឈានចូលទៅកម្រិតថ្មីមួយ ដែលជាការសម្របសម្រួលគ្រប់ស្ថាប័នរដ្ឋក្នុងទិសដៅតែមួយ (Whole-of-State Coordination) ដើម្បីពង្រឹងស្ថិរភាព និងសន្តិសុខ ទាំងក្នុងប្រទេស និងក្នុងតំបន់។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង Wang Yi រួមជាមួយនាយឧត្តមនាវី តុង ជុន បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម ព្រមទាំងការសម្របសម្រួលក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។ ក្នុងបរិបទនេះ ការគាំទ្ររបស់ចិនចំពោះការធ្វើទំនើបកម្មយោធាកម្ពុជា អាចត្រូវបានយល់ថា ជាវិធានការសម្រាប់បង្កើតស្ថិរភាពសន្តិសុខ និងការពារជាតិ ខណៈស្ថានការណ៍តំបន់ និងពិភពលោកនៅតែមានភាពមិនប្រាកដប្រជា។

* កម្ពុជាបញ្ជាក់ជំហរដំណោះស្រាយសន្តិភាពតាមរយៈច្បាប់និងការទូតលើបញ្ហាព្រំដែន

ក្នុងឱកាសជួបពិភាក្សាជាមួយគណៈប្រតិភូចិន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជម្រាបអំពីភាពវិវត្តន៍ថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា–ថៃ និងបានបញ្ជាក់សាជាថ្មីនូវជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ ជំហរនេះផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ការបញ្ជាក់ជំហរនេះ មានន័យលើសពីការសម្តែងគោលការណ៍ទូទៅ។ វាបង្ហាញថា កម្ពុជាកំពុងដាក់ខ្លួននៅក្នុងស៊ុមនៃ “ការទូតផ្អែកលើច្បាប់” (law-based diplomacy) ដោយបើកចំហសម្រាប់ការសម្របសម្រួលពីភាគីទីបី ដែលមានឥទ្ធិពល និងភាពជឿទុកចិត្ត។ ក្នុងបរិបទនេះ ចិន ត្រូវបានគេមើលឃើញថា អាចក្លាយជាអន្តរការីសមស្របមួយ ដោយសារទំនាក់ទំនងជិតស្និទ្ធជាមួយភាគីទាំងពីរ និងតួនាទីរបស់ចិនកាន់តែកើនឡើង ក្នុងការគ្រប់គ្រងស្ថិរភាពតំបន់។

ជាពិសេស បន្ទាប់ពីការប៉ះទង្គិចតាមព្រំដែនក្នុងឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យមានការបាត់បង់ជីវិត និងការខូចខាតមួយចំនួន ស្ថានការណ៍រវាងកម្ពុជានិងថៃ នៅតែស្ថិតក្រោមសម្ពាធ និងមិនទាន់មានដំណោះស្រាយច្បាស់លាស់ឡើយ។ ក្នុងបរិបទនេះ ការបង្ហាញជំហរសន្តិភាពរបស់កម្ពុជា គឺមិនត្រឹមតែជាការទប់ស្កាត់ការកើនឡើង នៃភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្ត្រ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់រកការដោះស្រាយដោយសន្តិវិធី បញ្ចៀសការបង្ហូរឈាមរវាងគ្នានិងគ្នា។ នៅចំពោះមុខមាត់យុទ្ធសាស្ត្រនេះ ប្រសាសន៍របស់សម្តេចបវរធិបតី ក៏ជាការផ្ញើសារទៅភាគីថៃផងដែរថា កម្ពុជាមានឆន្ទៈដោះស្រាយបញ្ហាតាមផ្លូវច្បាប់ និងការទូត ប៉ុន្តែមិនបោះបង់អធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់ខ្លួនឡើយ។

* ពីភ្នំពេញទៅបាងកក ចិនចាប់ផ្តើមការទូតទៅមក «Shuttle Diplomacy»

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅកម្ពុជា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានបន្តទៅប្រទេសថៃ និងបានជួបនាយករដ្ឋមន្ត្រីថៃលោក Anutin Charnvirakul ដោយបានពាំនាំសារបញ្ជាក់ថា «កម្ពុជាមិនចង់ធ្វើសង្គ្រាម ឬបង្កើនភាពតានតឹងជាមួយថៃឡើយ»។ នៅក្នុងជំនួបនោះ ភាគីថៃបានបញ្ជាក់ថា ប្រទេសចិន បានបង្ហាញពីការត្រៀមខ្លួនក្នុងការដើរតួនាទីជាអន្តរការី ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់ តាមរយៈការចូលរួមផ្នែកការទូតកាន់តែសកម្ម។ លោក Anutin Charnvirakul ក៏បានលើកឡើងផងដែរថា ចិនមានការយល់ដឹងច្បាស់អំពីប្រវត្តិនៃភាពតានតឹងកម្ពុជា–ថៃ និងអាចជួយលើកកម្ពស់វិធីសាស្ត្រដោះស្រាយដែលមានលក្ខណៈស្ថាបនា។

ក្នុងបរិបទនេះ អ្វីដែលគួរឱ្យកត់សម្គាល់ជាងគេ គឺការផ្លាស់ប្តូរតួនាទីរបស់ចិនពី «ដៃគូយុទ្ធសាស្ត្រ» ទៅជា «អន្តរការីសកម្ម» តាមរយៈការទូតទៅមក រវាងភាគីជម្លោះទាំងពីរ (Shuttle Diplomacy) ដែលជាវិធីសាស្ត្រ អនុញ្ញាតឱ្យចិនបញ្ជូនសារទៅមក រវាងភាគីទាំងពីរ ដោយមិនចាំបាច់ឱ្យមានការជួបចរចាគ្នាដោយផ្ទាល់នៅដំណាក់កាលដំបូងឡើយ។ ជាពិសេស ការធ្វើដំណើរពីភ្នំពេញ ទៅបាងកកក្នុងរយៈពេលខ្លី បានបង្ហាញពីសញ្ញាដំបូងនៃ «ការទូតទៅមក» នេះ ដែលមានគោលបំណងបង្កើតទំនុកចិត្ត និងបើកផ្លូវសម្រាប់ការចរចាជាផ្លូវការ នៅពេលក្រោយ។ វាក៏សមស្របនឹងបរិបទជម្លោះព្រំដែនកម្ពុជា–ថៃ ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែ ដោយមិនទាន់មានដំណោះស្រាយច្បាស់លាស់ផងដែរ។

នៅមុខមាត់យុទ្ធសាស្ត្រ នេះមានន័យថា ចិនកំពុងព្យាយាមកំណត់ខ្លួនជាអ្នកសម្របសម្រួលស្ថិរភាពតំបន់អាស៊ីអាគ្នេយ៍ ដោយប្រើការទូតជាឧបករណ៍សំខាន់ ជំនួសការប្រើអំណាចរឹង។ ប្រសិនបើការទូតទៅមក Shuttle Deplomacy នេះ អាចបន្តបានដោយជោគជ័យ វាអាចក្លាយជាគន្លឹះសម្រាប់បង្កើតយន្តការសន្តិភាពថ្មីមួយនៅក្នុងតំបន់។ នៅជាមួយគ្នានេះដែរ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីចិន លោក វ៉ាង យី, នាយករដ្ឋមន្ត្រីថៃ បានថ្លែងថា ភាគីថៃ មិនចង់មានជម្លោះជាមួយប្រទេសជិតខាងទេ ប៉ុន្តែបញ្ជាក់ការដោះស្រាយត្រូវធ្វើតាម កិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធ និង គោរពអធិបតេយ្យភាព និងអត្ថប្រយោជន៍ជាតិ។ ក្នុងដំណាក់កាលចាប់ផ្តើមដោយប្រទេសចិនត្រៀមធ្វើជាអន្តរការីនេះ កំពុងបង្ហាញថា ជំហាន ស្វែងរកការបញ្ចប់ជម្លោះរវាងកម្ពុជានិងថៃ មិនមែនជារឿងសាមញ្ញឡើយ ដែលទាមទារការសម្របសម្រួល មានប្រសិទ្ធភាព និងមានភាពជឿជាក់ពីភាគីទាំងពីរសងខាង។

ជាការពិតណាស់ដំណើរទស្សនកិច្ចរបស់ចិន មិនមែនជាការទូតធម្មតាទេ ប៉ុន្តែជាការបញ្ជាក់ថា តួនាទីរបស់ចិនក្នុងការរៀបចំស្ថិរភាពតំបន់ កំពុងកើនឡើងយ៉ាងច្បាស់។ ពីភ្នំពេញទៅបាងកក ការប្រើវិធីសាស្ត្រការទូតទៅមក “Shuttle Diplomacy” មិនមែនគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះទេ។ វាកំពុងសាកល្បងសមត្ថភាពរបស់ចិន ក្នុងការសម្របសម្រួលជម្លោះ។ ប្រសិនបើការសម្របសម្រួលនេះ ទទួលបានជោគជ័យ វាមិនត្រឹមតែជួយបន្ថយភាពតានតឹងកម្ពុជា–ថៃប៉ុណ្ណោះទេ ប៉ុន្តែអាចបង្កើតគំរូថ្មីមួយសម្រាប់ការដោះស្រាយជម្លោះក្នុងអាស៊ី គំរូដែលផ្អែកលើកិច្ចសហប្រតិបត្តិការតំបន់ ជំនួសឱ្យការពឹងផ្អែកលើអំណាចក្រៅតំបន់៕