លោក ផាន់ វណ្ណរ័ត្ន៖ ខ្មែរ-ឡាវ ចំណងឈាមជ័រវប្បធម៌ មរតកទឹកដី និងវាសនារួមគ្នានៃប្រជាជាតិទាំងពីរ

25-04-2026 17:21

(ភ្នំពេញ)៖ លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារងតុលាការកំពូល បានដាក់ចេញនូវអត្ថបទទី១៧ និយាយអំពី «ខ្មែរ-ឡាវ៖ ចំណងឈាមជ័រវប្បធម៌ មរតកទឹកដី និងវាសនារួមគ្នានៃប្រជាជាតិទាំងពីរ» ដែលមានខ្លឹមសារដូចតទៅ៖

នៅក្រោមមេឃពណ៌ខៀវស្រងាត់ និងដងទន្លេមេគង្គដ៏វែងអន្លាយដែលហូរកាត់ទឹកដីទាំងពីរ ប្រទេសកម្ពុជា និងឡាវ មិនមែនគ្រាន់តែជាអ្នកជិតខាងភូមិផងរបងជាមួយគ្នាប៉ុណ្ណោះទេ ប៉ុន្តែគឺជា «បងប្អូនសាច់ឈាម» ដែលមានប្រវត្តិសាស្ត្រចាក់ស្រេះយ៉ាងជ្រៅជាមួយគ្នាអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។

១. បុព្វកាលដែលមានឫសគល់មន-ខ្មែរ លើដែនដីឡាវ
មុនពេលដែលអំបូរជនជាតិតៃ ចាប់ផ្ដើមធ្វើចំណាកស្រុកចុះមកពីទិសខាងជើង (ភាគខាងត្បូងប្រទេសចិន) ទឹកដីឡាវបច្ចុប្បន្នគឺជាដែនដីដ៏រុងរឿងរបស់បុព្វបុរសអំបូរ មន-ខ្មែរ។
- មរតកចេនឡាដែលជាភស្តុតាងដ៏រស់រវើកបំផុតគឺ ប្រាសាទវត្តភូ នៅខេត្តចម្ប៉ាសាក់។ ប្រាសាទនេះគឺជាបេះដូងនៃសាសនា និងនយោបាយរបស់អាណាចក្រខ្មែរតាំងពីមុនសម័យអង្គរ។ សិលាចារឹក និងស្ថាបត្យកម្មនៅទីនោះ បានបញ្ជាក់យ៉ាងច្បាស់ថា ដីឡាវភាគខាងត្បូងគឺជាទីកន្លែងកំណើតនៃអរិយធម៌ខ្មែរដ៏ចំណាស់។
- ក្នុងសម័យអង្គរ ឥទ្ធិពលខ្មែរបានលាតសន្ធឹងរហូតដល់ភាគខាងជើងនៃឡាវ (ហ្លួងព្រះបាង)។ ប្រព័ន្ធគ្រប់គ្រង និងវប្បធម៌ខ្មែរបានចាក់គ្រឹះយ៉ាងរឹងមាំនៅលើដែនដីនេះ មុនពេលរដ្ឋឡាវដំបូងត្រូវបានបង្កើតឡើង។

២. ព្រះបាទហ្វាង៉ុម និងកិច្ចគាំទ្រពីមហានគរ (សតវត្សទី១៤)
ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតដែលនាំឱ្យកើតមាន «ប្រទេសឡាវ» គឺទំនាក់ទំនងរវាង ព្រះបាទហ្វាង៉ុម និងព្រះមហាក្សត្រខ្មែររួមមាន៖
- ការជ្រោមជ្រែងពីខ្មែរដោយនាពេលនោះព្រះបាទហ្វាង៉ុម បានមកស្នាក់នៅ និងទទួលការអប់រំនៅក្នុងរាជវាំងអង្គរ។ ដោយសារភាពជិតស្និទ្ធ ព្រះអង្គបានរៀបអភិសេកជាមួយ ព្រះនាងកែវកេងយ៉ា បុត្រីស្តេចខ្មែរ។
- ការបង្កើតអាណាចក្រឡានឆាង ដោយពេលនោះក្នុងនាមជាកូនប្រសា ព្រះមហាក្សត្រខ្មែរបានផ្ដល់នូវ កងទ័ពជំនួយ ដើម្បីឱ្យព្រះបាទហ្វាង៉ុម យាងទៅបង្រួបបង្រួមបុរីរដ្ឋតូចៗនៅភាគខាងជើង បង្កើតបានជាអាណាចក្រឡានឆាង នៅឆ្នាំ១៣៥៣។
- មរតកសាសនា ដោយពេលនោះខ្មែរបានបញ្ជូនព្រះសង្ឃអង្គប្រាជ្ញ ជាងទាក់ទងនឹងសិល្បៈ និងជាពិសេសគឺ ព្រះពុទ្ធរូបព្រះបាង ដែលជាព្រះពុទ្ធរូបមាសដ៏សក្តិសិទ្ធិ ដើម្បីជាការផ្ដល់នូវពន្លឺធម៌ និងសន្តិភាពដល់ប្រជាជនឡាវ។ នេះគឺជាមូលហេតុដែលឡាវប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទដូចខ្មែររហូតមកដល់សព្វថ្ងៃ។

៣. ការបាត់បង់ទឹកដីដែលជាមេរៀនដែលត្រូវចងចាំ
ក្នុងសម័យកាលដែលមហាអំណាចអាណានិគមបារាំងបានចូលមកដល់ និងឥទ្ធិពលនៃការឈ្លានពានពីប្រទេសជិតខាង ប្រទេសទាំងពីរបានជួបប្រទះនូវការបាត់បង់ទឹកដីដ៏គួរឱ្យស្ដាយ៖
- ឡាវបាត់បង់ទៅថៃ៖ តាមរយៈការឈ្លានពានរបស់សៀម និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៨៩៣ ឡាវបានបាត់បង់តំបន់ឦសាន ដែលមានទំហំធំធេង (ប្រមាណ ២០ ខេត្ត) ទៅឱ្យថៃ។ មនុស្សរាប់លាននាក់នៅតំបន់នោះ ដែលនិយាយភាសាឡាវ ត្រូវរស់នៅក្រោមការគ្រប់គ្រងរបស់ថៃរហូតមកដល់បច្ចុប្បន្ន។
- ខ្មែរបាត់បង់ទៅឡាវ ដោយនៅក្នុងកំឡុងឆ្នាំ១៩០៤ បារាំងបានសម្រេចកាត់ទឹកដីមួយចំនួនដើម្បីងាយស្រួលគ្រប់គ្រងរដ្ឋបាលឥណ្ឌូចិន។ ខេត្ត ចម្ប៉ាសាក់ (អតីតខេត្តបាសាក់របស់ខ្មែរ) និងតំបន់ព្រំដែនខ្លះនៅភាគខាងជើងស្ទឹងត្រែង ត្រូវបានកាត់បញ្ចូលទៅឱ្យឡាវ។

៤. «មរតកផែនទី» ជាខែលការពារបូរណភាពទឹកដី
ទោះបីជាប្រវត្តិសាស្ត្រមានការប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់បច្ចុប្បន្ននិងអនាគត ខ្មែរនិងឡាវ ត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ Uti Possidetis Juris (គោលការណ៍មរតកផែនទីសម័យអាណានិគម)៖
- ច្បាប់អន្តរជាតិ គឺដោយការទទួលស្គាល់ និងគោរពខ្សែបន្ទាត់ព្រំដែនដែលបន្សល់ទុកពីសម័យបារាំង គឺជាមធ្យោបាយសន្តិវិធី និងរឹងមាំបំផុត ដើម្បីការពារទឹកដីដែលនៅសេសសល់ឱ្យមានអធិបតេយ្យភាពពេញលេញ។
- ការដោះស្រាយជម្លោះវិញ គឺប្រទេសទាំងពីរត្រូវប្រើប្រាស់យន្តការការទូត និងការបោះបង្គោលព្រំដែនឱ្យបានច្បាស់លាស់ ១០០% ដើម្បីកុំឱ្យជនទីបីឆ្លៀតឱកាសបំបែកបំបាក់។

៥. មនោសញ្ចេតនា និងសេចក្តីស្រលាញ់ ទឹកដី ហ្លួងព្រះបាង ទីក្រុងព្រលឹង
ក្នុងនាមជាអ្នកស្រលាញ់វប្បធម៌ និងជាអ្នកដែលបានទៅទស្សនាទីក្រុងហ្លួងព្រះបាងជាច្រើនដង ខ្ញុំពិតជាមានមោទនភាពចំពោះប្រជាជនឡាវ៖
«រាល់ពេលដែលខ្ញុំបានឈានជើងចូលទៅក្នុង អតីតរាជវាំង ឬបានថ្វាយបង្គំព្រះនៅក្នុង វត្តអារាមបុរាណ នៅហ្លួងព្រះបាង ខ្ញុំតែងតែមានអារម្មណ៍ថាដួងព្រលឹងខ្មែរ និងឡាវនៅតែផ្សារភ្ជាប់គ្នា។ ការដែលឡាវអាចរក្សាបាននូវប្រពៃណី ទំនៀមទម្លាប់ និងកិច្ចប្រតិបត្តិព្រះពុទ្ធសាសនាដ៏ទន់ភ្លន់បំផុតនេះ គឺជាកម្លាំងទាក់ទាញដ៏ខ្លាំងក្លា។ ហ្លួងព្រះបាងមិនត្រឹមតែជាបេតិកភណ្ឌពិភពលោកទេ ប៉ុន្តែវាជាសញ្ញាបត្រនៃមិត្តភាពដែលបង្ហាញថា យើងជាបងប្អូននឹងគ្នាពិតប្រាកដ»

៦. កិច្ចសហការដើម្បីអនាគតដ៏រុងរឿង
ដើម្បីការពារទឹកដី និងបង្កើនភាពស្រលាញ់រវាងគ្នា ខ្មែរ និងឡាវ គប្បី៖
១. ពង្រឹងសេដ្ឋកិច្ចព្រំដែនដោយបង្កើនការដោះដូរទំនិញ និងសកម្មភាពទេសចរណ៍ «អាណាចក្រតែមួយ» (អង្គរវត្ត - វត្តភូ - ហ្លួងព្រះបាង)។
២. ការពារធនធានធម្មជាតិ ដោយរួមកម្លាំងគ្នាក្នុងការទាមទារសិទ្ធិលើការប្រើប្រាស់ និងការពារទន្លេមេគង្គពីការទប់ទឹកខុសបច្ចេកទេស។
៣. ការអប់រំ និងយុវជនវិញ គប្បីបង្កើនការផ្លាស់ប្តូរនិស្សិត និងការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្ររួមគ្នា ដើម្បីឱ្យកូនចៅជំនាន់ក្រោយយល់ថា ពួកយើងគឺជា «បងប្អូន» មិនមែនជា «សត្រូវ»