លោក វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ

25-04-2026 21:25

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ លោក វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត។

កិច្ចប្រជុំនេះ មានការចូលរួមពីអនុប្រធានក្រុមការងារ ប្រធាន អនុប្រធាន សមាជិក សមាជិកា តាមក្រុង-ស្រុក ឃុំ-សង្កាត់ និងគណៈកម្មាធិការគណបក្សខេត្ត ក្រុង-ស្រុក ជាច្រើនរូប ព្រមទាំងគណៈកម្មាធិការគណបក្សឃុំ-សង្កាត់ចំនួន ៨១ ដែលបានចូលរួមតាមប្រព័ន្ធ Zoom ផងដែរ។

បន្ទាប់ពីស្តាប់របាយការណ៍របស់លោក នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ លោក វង្សី វិស្សុត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងអង្គការគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមចំណែកធ្វើឱ្យខេត្តកំពង់ធំមានចលនាវិជ្ជមាន និងទទួលបានសមិទ្ធផលថ្មីៗទាំងផ្នែកអភិវឌ្ឍន៍ និងផ្នែកសតិអារម្មណ៍ប្រជាជន។

លោកក៏បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ ជាចំណែកសំខាន់ក្នុងបេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើប្រជាជន និងពង្រឹងមូលដ្ឋានគាំទ្រ ឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០២៨ ខាងមុខ។

ជាមួយគ្នានេះ លោក វង្សី វិស្សុត បានកោតសរសើរអាជ្ញាធរ កងកម្លាំង និងប្រជាជនខេត្តកំពង់ធំ ដែលបានរៀបចំ និងចូលរួមព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ធំ» និង «ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៩» បានយ៉ាងជោគជ័យ និងអធិកអធម។

លោកបានលើកឡើងថា ក្នុងបរិបទបច្ចុប្បន្ន ដែលស្ថានភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចពិភពលោកកំពុងមានភាពអស្ថិរភាព កម្ពុជា ដែលជាប្រទេសតូច និងសេដ្ឋកិច្ចបើកចំហ អាចរងផលប៉ះពាល់ពីក្រៅបានងាយ។ បញ្ហាប្រឈមសំខាន់ៗរួមមាន៖

១. បញ្ហាអធិបតេយ្យ និងបូរណភាពទឹកដី
២. ការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា (Online Scam)
៣. បញ្ហាសេដ្ឋកិច្ច
៤. បញ្ហាជីវភាពប្រជាជន

ក្នុងបរិបទនេះ លោកបានអំពាវនាវឱ្យគ្រប់ភាគី រក្សាសាមគ្គីជាតិ បង្កើនសមត្ថភាព និងរួមគ្នាធ្វើកំណែទម្រង់ ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងធានាលំនឹងជីវភាពប្រជាជន។

បន្ថែមពីនេះ លោកបានផ្តល់ណែនាំ និងដំណោះស្រាយជាក់ស្តែង ចំពោះបញ្ហាប្រឈមនៅមូលដ្ឋាន ដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បញ្ហាដីធ្លី នេសាទ តម្លៃកសិផល និងសេវាសាធារណៈផ្សេងៗ។

ជាចុងក្រោយ លោក វង្សី វិស្សុត បានណែនាំឱ្យបន្តប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស តាមរយៈការលើកកម្ពស់ផលិតកម្ម ទាក់ទាញវិនិយោគ និងភ្ជាប់ផលិតកម្មទៅទីផ្សារ ដោយផ្តោតលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីអភិវឌ្ឍខេត្តកំពង់ធំឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមនេះ ក៏ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពប្រជាជន បង្កើតការងារ និងបង្កើនប្រាក់ចំណូល ជាពិសេសការគាំទ្រដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ។

លោក វង្សី វិស្សុត បានណែនាំដល់ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់និងសមត្ថកិច្ចក្នុងខេត្តកំពង់ធំ ឱ្យបន្តខិតខំបម្រើប្រជាជនដោយភាពស្មោះត្រង់ គោរពច្បាប់ ធ្វើអំពើល្អ អំពើត្រឹមត្រូវពិសេសពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវាគ្រប់ប្រភេទ ទាំងសេវាសន្តិសុខសណ្តាប់ធ្នាប់, សេវាប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេវារដ្ឋបាលផ្សេងៗទៀត, សេវាអាជីវកម្មនិងធុរកិច្ច និងការបង្កលក្ខណៈងាយស្រួល និងបរិយាកាសល្អប្រសើរសម្រាប់អាជីវកម្ម មុខរបរ និងវិនិយោគ, សេវា សង្គមកិច្ច សេវាអប់រំ សុខាភិបាល និងគាំពារសង្គម និងសេវាយុត្តិធម៌ ព្រមទាំងធានានូវសមធម៌និងយុត្តិធម៌សង្គម ដោយឈរលើប្រយោជន៍ប្រជាជនជាធំ (People-centered policy)។

លោកក៏បានស្នើឱ្យបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ បំផុតនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ដោយមិនបន្ធូរដៃនិងគ្មានការលើកលែង ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) ដើម្បីសន្តិសុខជាតិប្រយោជន៍ជាតិ ព្រមទាំងកេរ្តិ៍ឈ្មោះប្រទេស។

លោក វង្សី វិស្សុត ក៏បានជំរុញឱ្យក្រុមការងារ ចុះមូលដ្ឋាន បន្តចុះជួបផ្ទាល់និងផ្សារភ្ជាប់ជាមួយប្រជាជន ដើម្បីបង្កើនភាពជិតស្និទ្ធ យល់គ្នា ដឹងពីបញ្ហាសុខទុក្ខ បញ្ហាប្រឈមរបស់ប្រជាជន និងស្វែងយល់ អំពីស្ថានភាព ពិតជាក់ស្តែង ក៏ដូចជាដើម្បីផ្សព្វផ្សាយ និងបង្កើនការយល់ដឹងរបស់ប្រជាជនពាក់ព័ន្ធការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ក្នុងការធានាស្ថិរភាពថ្លៃនិងការផ្តត់ផ្គងប្រេង និងការដោះស្រាយបញ្ហាព្រំដែននិងបញ្ហាសង្គមផ្សេងៗទៀត ព្រមទាំងជួយដោះស្រាយបញ្ហានៅនឹងកន្លែងប្រសិនបើអាច ដើម្បីទទួលបានការស្រឡាញ់ ជឿជាក់ និងទំនុកចិត្តពីសំណាក់ប្រជាជនមកលើគណបក្ស។
លើសពីនេះ ត្រូវបន្តការងារកសាង និងពង្រឹងគណបក្ស តាមរយៈការពង្រឹងការដឹកនាំនៅគ្រប់ថ្នាក់ការជំរុញ កសាងសមាជិកគណបក្ស ទាំងបរិមាណនិងគុណភាព ការរៀបចំកម្លាំងយុវជននិងស្ត្រីក្នុងការបន្តវេន ការពង្រឹងអង្គការចាត់តាំងយុវជនឱ្យក្លាយជាកម្លាំងស្រួចរបស់គណបក្ស ការរៀបរយបងប្អូនដែលទើបបានចូលរួមជីវភាពជាមួយគណបក្សឱ្យបានល្អប្រសើរ ពង្រឹងការងារសតិអារម្មណ៍នយោបាយ និងការទប់ស្កាត់រាល់ ឧបាយកល ទុច្ចរិតនានា ព្រមទាំងចូលរួមរៀបចំនិងប្រែក្លាយផែនការឱ្យទៅជាសកម្មភាពជាក់ស្ដែង ក្នុងការសម្រេចបាន នូវចក្ខុវិស័យ ប្រែក្លាយខេត្តកំពង់ធំឱ្យទៅជា មូលដ្ឋានគាំទ្រដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជាពិសេសឈាន ឆ្ពោះទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ៕