សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ទ័ពបម្រុងក្រោយអនុវត្តកាតព្វកិច្ចយោធា គឺដូចជាទាហានអាជីព ខុសគ្នាត្រង់ប្រាក់បៀវត្ស៍ និងប្រាក់ឧបត្ថម្ភ (Video inside)

26-04-2026 11:16

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ទ័ពបម្រុងក្រោយអនុវត្តកាតព្វកិច្ចយោធា គឺដូចជាទាហានអាជីពដែរ ខុសគ្នាត្រង់ប្រាក់បៀវត្ស៍ និងប្រាក់ឧបត្ថម្ភ, ទ័ពបម្រុងទទួលបានប្រាក់ឧបត្ថម្ភ ទ័ពអាជីពមានប្រាក់ខែ តែការផ្ដល់ជូនរបស់រដ្ឋពីរបបផ្សេងៗគឺមានដូចគ្នា អ្នកដែលបានអនុវត្តកាតព្វកិច្ចយោធារួច នឹងក្លាយជាទ័ពបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានអ្នកចូលរួមប្រមាណជាង៥ពាន់នាក់។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សម្រាប់អត្ថប្រយោជន៍សម្រាប់អ្នកហាត់កាតព្វកិច្ចយោធា គឺអ្វីដែលកងទ័ពធម្មតាបានគឺបានទាំងអស់ លើកលែងតែប្រាក់ឧបត្ថម្ភ មានន័យថា ទាំងប្រាក់ហូបចុក កន្លែងស្នាក់នៅ ឯកសណ្ឋាន ការចំណាយហ្វឹកហ្វឺន រួមទាំងការឈឺស្កាត់ គឺរដ្ឋធានាទាំងអស់ ខុសគ្នាត្រង់ទាហានអាជីពគឺបានប្រាក់បៀវត្ស៍ និងប្រាក់ឧបត្ថម្ភបន្ថែម»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា យុវជនម្នាក់ដែលឆ្លងកាត់តាតព្វកិច្ចយោធា និងក្លាយាជាកម្លាំងពលកម្មមួយដែលក្លាំងក្លា និងមានសក្តានុពល ប្រជាពណលរដ្ឋយើង ប្រទេសយើងក៏នឹងមានយុវជន ដែលបានការបណ្តុះបណ្តាល ហាត់ពត់លត់ដំវិន័យ ដែលនេះគឺជាផលនៃច្បាប់កាតព្វកិច្ចយោធា, បណ្តុះបណ្តាលនៅក្នុងថ្នាលបណ្តុះនៃកងទ័ព ផលទាំងមូលបានទៅក្នុងសង្គមទាំងមូល។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ច្បាប់កាតព្វកិច្ចយោធានេះគឺអនុវត្តន៍ចាប់ពីអាយុ ១៨ ដល់ ២៥ឆ្នាំ ហើយអ្នកចប់ច្បាប់កាតព្វកិច្ចយោធា ពេលចេញទៅធ្វើការគឺស្ថិតនៅក្នុងយោធិនបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ, កងទ័ពនឹងមានអង្គភាពបម្រុង ហើយយោធិនបម្រុងនេះអាចក្នុងមួយឆ្នាំត្រូវហៅមកហ្វឹកហាត់បន្ថែមចន្លោះពី ១សប្តាហ៍ ទៅ ២សប្តាហ៍ ដើម្បីដុះខាត់ជំនាញហើយអាចត្រឡប់ទៅធ្វើការនៅស្ថាប័នការងាររបស់ខ្លួនវិញបាន។ ក្នុងពេលមកបំពេញកាតព្វកិច្ចនេះ សម្រាប់កន្លែងការងារត្រូវធានារក្សាទាំងតួនាទី និងប្រាក់ខែមិនមានកាត់នោះទេ។

បើយោងតាមប្រភពព័ត៍មានរបស់ Fresh AI បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២៦ បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធាថ្មី។ ច្បាប់នេះតម្រូវឱ្យប្រជាពលរដ្ឋខ្មែរជាបុរសដែលមានអាយុពី ១៨ ដល់ ២៥ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធា រីឯស្ត្រីគឺផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ គោលបំណងនៃច្បាប់នេះគឺដើម្បីរួមចំណែកកសាងនិងការពារមាតុភូមិ បង្កើតកម្លាំងការពារជាតិ ព្រមទាំងបណ្ដុះស្មារតីស្នេហាជាតិ និងវិន័យ។ សេចក្តីព្រាងច្បាប់ដែលមាន ៨ ជំពូក និង ២០ មាត្រានេះ នឹងជំនួសច្បាប់ឆ្នាំ២០០៦ ដែលពុំទាន់គ្របដណ្តប់គ្រប់ជ្រុងជ្រោយសម្រាប់ពេលបច្ចុប្បន្ននិងអនាគត៕