សាស្ត្រាចារ្យ ឱម សិរី វិចិត្រ៖ ៨0%នៃអ្នកជំងឺធាត់ និង ៤០%ចំពោះអ្នកមានជំងឺទឹកនោមផ្អែម មានជំងឺខ្លាញ់រុំថ្លើម ហើយជំងឺនេះអាចវិវត្តទៅជាមហារីកថ្លើម
26-04-2026 12:59
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឱម សិរី វិចិត្រ ប្រធានសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ បានថ្លែងបញ្ជាក់ថា ៨0%នៃអ្នកជំងឺធាត់ និង ៤០% ចំពោះអ្នកមានជំងឺទឹកនោមផ្អែម មានជំងឺខ្លាញ់រុំថ្លើម ហើយជំងឺខ្លាញ់រុំថ្លើមនេះអាចវិវត្តទៅជាមហារីកថ្លើម ដែលមិនឆ្លងកាត់ជំងឺក្រិនថ្លើមដែលបណ្ដាលដោយមេរោគ បេ សេ បើសិនមិនស្វែងរកការព្យាបាល និងទប់ស្កាត់នោះទេ។
លោកសាស្ត្រាចារ្យ ឱម សិរី វិចិត្រ បានបញ្ជាក់ដូចនេះ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ នាឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាវេជ្ជសាស្ត្រស្តីពីទិវាសុខភាពថ្លើមពិភពលោក និងចែករំលែកចំណេះដឹងសុខភាពថ្លើម ដែលបានរៀបចំឡើងនៅសណ្ឋាគារ សុខាភ្នំពេញ និងដោយមានការចូលរួមពីលោកសាស្ត្រាចារ្យ តាំង គឹមម៉េង អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ និងជាអ្នកដឹកនាំផ្នែកថែទាំសុខភាព និងសមាជិកសកម្មនៃសភាពាណិជ្ជកម្មកម្ពុជា,លោក Mukul Gupta អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Mega Cambodia រួមទាំងមានមន្ត្រីសុខាភិបាលប្រមាណ ១០០នាក់ផងដែរ។
លោកសាស្ត្រាចារ្យ ឪម សិរី វិចិត្រ បានបញ្ជាក់ថា កាលពីមុនជំងឺខ្លាញ់រំថ្លើមចាត់ទុកជារឿងធម្មតាដែលមិនសូវមានការបារម្ភ ឬត្រូវយកចិត្តទុកដាក់ឲ្យបានស៊ីជម្រៅនោះទេ។ បច្ចុប្បន្ននេះជំងឺខ្លាញ់រំថ្លើម ជាសញ្ញាដែលបញ្ជាក់ពីដំណើរការវិវត្តន៍នៃជំងឺខាងក្នុងមួយដែលបញ្ជាក់ពីប្រព័ន្ធថាមពលនៅក្នុងខ្លួន ដែលមិនមានភាពប្រក្រតី ដូចជាកំណើនជាតិស្ករ កំណើនជាតិខ្លាញ់ ការលើសទម្ងន់ លើសសម្ពាធឈាម ដែលមិនសមស្របនិងតួលេខស្តង់ដារនៃសុខភាពដែលល្អ។ នេះជាបញ្ហាចាក់ស្រេះនៅខាងក្នុងខ្លួនអ្នកជំងឺ ដែលទាមទានៅការព្យាបាលចម្រុះ ដោយក្រុមគ្រូពេទ្យឯកទេស ជំនាញផ្ដល់យោបល់និងសម្រេច។
លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ក្នុងដំណាក់កាលដំបូងជំងឺនេះមិនទាមទារនូវការព្យាបាលស៊ីជម្រៅទេ យើងត្រូវជួបគ្រូពេទ្យឯកទេសទទួលនូវដំបូន្មានពីគេ ក្នុងការផ្លាស់ប្ដូរជីវិតរស់នៅការហូបចុក និងប្ដូរទម្លាប់ដែលនាំឲ្យមានគ្រោះថ្នាក់ដូចជា៖ ជីវិតរស់នៅពុំមានចលនាសកម្ម ខ្វះការហាត់ប្រាណ ម្ហូបអាហារដែលមានសារជាតិខ្លាញ់ច្រើនគ្រឿងចៀននិងសារជាតិផ្អែមក្នុងម្ហូបអាហារច្រើន។ គ្រូពេទ្យឯកទេសសំខាន់ៗដែលគួរជួបមានគ្រូពេទ្យឯកទេសជំងឺថ្លើម ជំងឺទឹកនោមផ្អែម និងប្រភេទគ្រូពេទ្យឯកទេសផ្នែកបេះដូង។
ការផ្លាស់ប្ដូរពីសកម្មភាពរស់នៅប្រចាំថ្ងៃរួមផ្សំនឹងការផ្លាស់ប្ដូរនូវរបៀបអាហារហូបចុកជារឿងសំខាន់ និងចម្បងបំផុតក្នុងប្រភេទជំងឺខ្លាញ់រុំថ្លើមប្រភេទនេះ MASLD។ ដំណាក់កាលទី២ គឺជាការព្យាបាលនូវជំងឺដែលនៅខាងក្នុងខ្លួនអ្នកជំងឺតែម្ដង ដូចជាកំណើនជាតិខ្លាញ់កំណើនជាតិស្ករ កំណើនជាតិអាស៊ីត លើសសម្ពាធឈាម លើសទម្ងន់, ជំងឺកកខ្លាញ់នៅក្នុងកោសិកាថ្លើមនេះ ដែលយើងតែងនិយមថាជំងឺខ្លាញ់រុំថ្លើមនោះ មិនមែនជាជំងឺដែលអ្នកនឹកស្មានថាស្រាល ហើយក៏ពុំមែនជាជំងឺធ្ងន់ដែលត្រូវភ័យស្លន់ស្លោនោះទេ ជំងឺខ្លាញ់រុំថ្លើមនេះ អាចវិលត្រឡប់ធូរស្រាល ឬ ថយក្រោយវិញបានក្រោមការព្យាបាលត្រឹមត្រូវ។
លោកសាស្ត្រាចារ្យ ឪម សិរី វិចិត្រ បានបញ្ជាក់ទៀតថា ទិវាថ្លើមពិភពលោកឆ្នាំនេះ បានបង្ហាញពីទិន្នន័យខ្ពស់ដែលកើនឡើងនៃជំងឺខ្លាញ់រំថ្លើមនៃពពួកអ្នកមានទឹកនោមផ្អែម ពី ៥៥% ក្នុងឆ្នាំ២០១៩ ដែលកើនដល់ ៦៧ % នៅឆ្នាំ ២០២៣កន្លងមកនេះ។ ៨0%នៃអ្នកជំងឺធាត់ និង ៤០% ចំពោះអ្នកមានជំងឺទឹកនោមផ្អែមមានជំងឺខ្លាញ់រំថ្លើម។ ជំងឺខ្លាញ់រំថ្លើមនេះអាចវិវត្តទៅមហារីកថ្លើមដែលមិនឆ្លងកាត់ជំងឺក្រិនថ្លើមដូចជាជំងឺរលាកថ្លើមដែលបណ្ដាលដោយមេរោគបេ សេដែរ។ ភាពអសកម្មនៃសិរីរៈរាងកាយយើង និងម្ហូបអាហារសម្បូរបែបជំរុញឲ្យជំងឺនេះមានអត្រាកាន់តែខ្ពស់ក្នុងពិភពលោក។
លោកសាស្ត្រាចារ្យ ឪម សិរី វិចិត្រ ក៏បានផ្តល់អនុសាសន៍ ៤យ៉ាង ដែលត្រូវចងចាំ ដើម្បីការពារជំងឺខ្លាញ់រុំថ្លើមនេះរួមមាន៖ (១) ត្រូវមានសកម្មភាពចលនា ឲ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃមួយ (២) ហូបចុកឱ្យបានត្រឹមត្រូវកាត់បន្ថយគ្រឿងចៀន ឬម្ហូប អាហារផ្អែមច្រើន (៣) ផ្ដាច់សុរាឱ្យបានដាច់ខាត (៤) ឧស្សាហ៍តាមដានសុខភាពជាញឹកញាប់ ឧស្សាហ៍ពិនិត្យឈាម និងអេកូថ្លើម មួយឆ្នាំម្ដង ឬ ៦ ខែម្ដងក្នុងករណីចាំបាច់៕











