អង្គការ AHF និងបណ្តាញអង្គការដៃគូចំនួន១៦ ដាក់សំណើរ ៦ចំណុច ទៅកាន់ប្រទេសសមាជិក WHO ឱ្យសម្រេចលើកិច្ចព្រមព្រៀងជំងឺរាតត្បាត និងឈប់រារាំងការទទួលបានសមធម៍សុខភាព
26-04-2026 13:02
(ភ្នំពេញ)៖ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រចាំប្រទេសកម្ពុជា និងបណ្តាញអង្គការ សង្គមស៉ីវិលនៅកម្ពុជាចំនួន១៦ បានសម្រេចដាក់ចេញសំណើរចំនួន ៦ចំណុច ដើម្បីជម្រុញឱ្យរដ្ឋជាសមាជិកអង្គការសុខភាពពិភពលោក (WHO) ធ្វើការពិនិត្យបញ្ចប់នូវឧបសម្ព័ន្ធការចូលប្រើប្រាស់ និងការអាចទទួលបានការចែករំលែកអត្ថប្រយោជន៍សំណាកមេរោគ (PABS) ដែលឧបសម្ព័ន្ធនេះនឹងភ្ជាប់ទៅនឹង កិច្ចព្រមព្រៀង ជំងឺរាតត្បាតរបស់ WHO និងឈប់រារាំង ការទទួលបានសមធម៍សុខភាពសម្រាប់ប្រទេសក្រីក្រ។
អង្គការ AHF និងបណ្តាញអង្គការដៃគូចំនួន១៦ បានបញ្ជាក់ពីសំណើរទាំង ៦ចំណុចនេះ នៅក្នុងកិច្ចប្រជុំនាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដើម្បីជម្រុញឱ្យរដ្ឋជាសមាជិកអង្គការសុខភាពពិភពលោក (WHO) ធ្វើការពិនិត្យបញ្ចប់នូវឧបសម្ព័ន្ធការចូលប្រើប្រាស់ និងការអាចទទួលបានការចែករំលែក អត្ថប្រយោជន៍សំណាកមេរោគ (PABS) ដែលឧបសម្ព័ន្ធនេះ នឹងភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងជំងឺរាតត្បាតរបស់ WHO មុនកិច្ចប្រជុំលើកទី៦ នៃសម័យប្រជុំក្រុមការងារអន្តររដ្ឋាភិបាល (ផ្នែកខ) នៅទីក្រុងហ្សឺណែវ ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
សំណើរទាំង ៦ចំណុចរបស់អង្គការ AHF និងបណ្តាញអង្គការដៃគូទាំង ១៦ ទៅកាន់រដ្ឋជាសមាជិកអង្គការសុខភាពពិភពលោក (WHO) រួមមានដូចជា៖
* ទី១៖ គ្មានសមធម៌ គ្មានកិច្ចព្រមព្រៀង៖ កិច្ចព្រមព្រៀងជំងឺរាតត្បាតមិនអាចឈានទៅមុខបានទេបើគ្មានឧបសម្ព័ន្ធ PABS ដែលមានកាតព្វកិច្ចដែលធានាការចែករំលែកអត្ថប្រយោជន៍ដែលអាចអនុវត្តបាននៅគ្រប់ដំណាក់កាលទាំងអស់រួមមានដូចជាជំងឺរាតត្បាតនាពេលអនាគត បញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៏ជាសកល(PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺជាសកលមួយ ពីមួយទៅមួយទៀត (interpandemic periods)។
* ទី២៖ ការចែករំលែកអត្ថប្រយោជន៍ជាកាតព្វកិច្ចក្នុងអំឡុងពេលមានបញ្ហាបន្ទាន់សុខភាពសាធារណៈ និងការព្រួយបារម្មណ៏ជាសកល (PHEIC) និងក្នុងចន្លោះពេលមានការរីករាលដាលជំងឺជាសកលមួយពីមួយទៅមួយទៀត (interpandemic periods)៖ ភាពច្បាស់លាស់ និងមានការយល់ព្រមទុកជាមុន (ឧទាហរណ៍ មិនត្រូវបានពន្យារពេលដល់ការចរចាទ្វេភាគីរវាង WHO និងក្រុមហ៊ុនផលិត) គួរតែត្រូវបានរួមបញ្ចូលនូវចំនួនភាគរយនៃវ៉ាក់សាំងដែលបានកំណត់ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល អាជ្ញាប័ណ្ណដែលបានចរចាជាមុន និងការផ្ទេរចំណេះដឹង/បច្ចេកវិទ្យាការចូលរួមវិភាគទានហិរញ្ញវត្ថុប្រចាំឆ្នាំ និងការចូលប្រើប្រាស់ជាសាធារណៈចំពោះលទ្ធផលមិនមែនសំរាប់ការធ្វើជំនួញ។
* ទី៣៖ កិច្ចសន្យាស្តង់ដារ៖ ដើម្បីធានាបាននូវការចុះបញ្ជីអ្នកប្រើប្រាស់ ការតាមដានប្រភពការទទួលខុសត្រូវ និងការអនុវត្តបាន នីតិវិធីសំខាន់ៗក្នុងកិច្ចសន្យាមានស្តង់ដារ ត្រូវតែចរចារជាមុនដោយប្រទេសនីមួយៗ ដោយមិនគួរឱ្យទុកឲ្យមានការចរចាទ្វេភាគីរវាងអង្គការ WHO និងអ្នកទទួលផលទេ។
* ទី៤៖ គ្មានការចុះឈ្មោះ គ្មានការចូលប្រើប្រាស់៖ ប្រទេសនានាត្រូវតែគាំទ្រការចុះឈ្មោះអ្នកប្រើប្រាស់ជាកាតព្វកិច្ច ការតាមដានប្រភពប្រើប្រាស់ និងកិច្ចព្រមព្រៀងចូលប្រើទិន្នន័យ ដើម្បីការពារប្រព័ន្ធ និង ធានាថាវាមិនអាចត្រូវបានប្រើប្រាស់ដោយអនាមិកបាន។
* ទី៥៖ បដិសេធប្រព័ន្ធផ្លូវពីរ៖ ការប្រើប្រាស់វិធីសាស្ត្រ “hybrid” ឬវិធីសាស្ត្រទ្វេដង (dual track) ដែលបំបែកការទទួលបានព័ត៌មាន ឬធនធានចេញពីការចែករំលែកអត្ថប្រយោជន៍ នឹងបង្ករឱ្យមានចន្លោះប្រហោង បន្ថយភាពរឹងមាំនៃប្រព័ន្ធ និងអនុញ្ញាតិមានការគេចវេសពីកាតព្វកិច្ច។
* ទី៦៖ គាំទ្រវិធីសាស្រ្តសុខភាពសាធារណៈចំពោះកម្មសិទ្ធិបញ្ញា (IP):(IP)៖ កម្មសិទ្ធិបញ្ញា (IP) ត្រូវតែដឹកនាំដោយតម្រូវការសុខភាពសាធារណៈ៖ ការប្រើប្រាស់ទាំឡាយណាដែលមិនមែនជាពាណិជ្ជកម្ម មិនគួរបង្កើតកម្មសិទ្ធិបញ្ញាលើធនធាន ឬលទ្ធផលដែលត្រូវបានចែករំលែកជាសាធារណៈឡើយ; នៅពេលដែលកម្មសិទ្ធិបញ្ញាកើតឡើងពីការប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្ម ការអនុញ្ញាតប្រើប្រាស់គួរតែត្រូវតែផ្តល់សឹទ្ធជូនអង្គការសុខភាពពិភពលោក (WHO) សម្រាប់ការចេញអាជ្ញាប័ណ្ណបន្ត ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍; ហើយគ្មានកម្មសិទ្ធិបញ្ញា ណាមួយគួររារាំងអ្នកដទៃពីការប្រើប្រាស់សម្ភារៈដែលបានចែករំលែកឡើយ៕














