ពលរដ្ឋ ៥គ្រួសារ នៅភូមិសិត្បូ ក្រុងតាខ្មៅ ស្នើសុំអាជ្ញាធរជួយដោះស្រាយ ដោយលើកឡើងថា មានគេយកដីពួកគាត់ និងយកដីផ្លូវចាស់
26-04-2026 13:50
(កណ្ដាល)៖ បងប្អូនប្រជាពលរដ្ឋចំនួន ៥គ្រួសារ លើកម្រាមដៃ១០ គោរពស្នើរសុំលោក គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាជួយអន្តរាគមន៍ជួយពួកគាត់ផង ដោយបានលើកឡើងថា មានអ្នកមានលុយម្នាក់ បានរឹបយកដីពួកគាត់ទាំងពួកគាត់មានប្លង់ដីជាកម្មសិទ្ធត្រឹមត្រូវ ហើយថែមទាំងរឹបយកដោយទាំងដីផ្លូវចាស់ថែមទៀតផង។
ថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ,លោក សាយ លីង តំណាងពលរដ្ឋទាំង ៥គ្រួសារ បាននិយាយថា ពួកគាត់ទទួលរងការរំលោភបំពានយកដីពួកគាត់ពីសំណាក់លោក វេង អាន និង ភរិយាឈ្មោះ ស្រ៊ុន មុយ ដែលមានកូនគាត់ជាអ្នកចេញមុខឈ្មោះ អាន វៃ ។
លោកថា លើសពីយកដីពួកគាត់ដែលមានកម្មសិទ្ធិប្លង់រឹងត្រឹមត្រូវផងនោះ គេថែមទាំងរំលោភយកដីផ្លូវសាធារណៈផងដែរ ព្រោះផ្លូវនោះជាផ្លូវចាស់តាំងពីសម័យបុរាណមកហើយ តែដោយសារផ្លូវនេះមានសភាពរាងកោងដែលលំបាកសម្រាប់បើកបរឆ្ពោះទៅកាន់ផ្លូវក្រវ៉ាត់ក្រុង ទើបអាជ្ញាធរភូមិបានមកស្នើរដល់ពលរដ្ឋ ៥គ្រួសារនោះ បើកផ្លូវកាត់ទទឹងដីពួកគាត់ ដើម្បីតម្រង់ផ្លូវឲ្យត្រង់។ ពលរដ្ឋក៏យល់ព្រមតាមសំណើរ ហើយផ្លូវក៏បើកមុខបានសម្រេច និងចាក់បេតុងមួយស្អាតតែម្ដងនៅអំឡុងឆ្នាំ ២០២៤កន្លងទៅ ដោយពលរដ្ឋមិនទាមទៀរសំណងមួយកាក់មួយសេនឡើយ ព្រោះគោរពតាមអាជ្ញាធរ ហើយណាមួយចង់ឲ្យផ្លូវត្រង់ស្អាត ងាយស្រួលដល់ពលរដ្ឋក្នុងភូមិធ្វើដំណើរ ។
លោកបន្តថា ប៉ុន្តែស្រាប់តែមកដល់ដើមខែមេសា ឆ្នាំ២០២៦ ក៏ស្រាប់តែបុគ្គលខាងលើ បានមកវាយផ្ដួលរំលំរបងបង្គោលព្រុំដីរបស់ពួកគាត់ ហើយថែមទាំងមានមន្ត្រីសូរិយោដីមកចុចពុងវាស់លើដីពួកគាត់ផងដែរ។ ក្រោយសួរនាំក៏ដឹងរឿងថា ដីនេះ គេ (លោក អាន វៃ)ថា ជាដីរបស់គាត់ មានប្លង់ត្រឹមត្រូវទៅវិញ ។ ដោយសារតែបែបនេះ ទើបពលរដ្ឋកើតទុក្ខមិនសុខចិត្ត និងធ្វើលិខិតស្នើរសុំទៅកាន់លោក គួច ចំរើន អភិបាលខេត្តកណ្ដាល មេត្តាជួយរកយុត្តិធម៍សម្រាប់ពួកគាត់ផង ។
លោក មឿន សារុន អតីតមេភូមិសិត្បូ បច្ចុប្បន្នជាចៅសង្កាត់រងទី១ បានថ្លែងឲ្យដឹងថា លោកដឹងរឿងដីនេះច្បាស់ ព្រោះកាលណោះលោកជាមេភូមិ ហើយក៏ជាអ្នកច្បាស់លាស់ភូមិសាស្ត្រផងដែរ និងជាអ្នកកំណត់ថាកន្លែងណាជាផ្លូវសាធារណៈ កន្លែងណាជាដីរបស់គេច្បាស់ណាស់ ។ លោកថា ដីនេះត្រូវបានចុះបញ្ជីរជាប្រព័ន្ធ និងចេញប្លង់រឹងត្រឹមត្រូវទាំងអស់គ្នាតាំងពីឆ្នាំ ២០០៩មកម្លេះ ។ ដោយឡែកសម្រាប់ការចោទថា អាជ្ញាធរបានគុបគិបគ្នាបង្កើតផ្លូវថ្មីលើដីពួកគាត់ ហើយយកផ្លូវធ្វើប្លង់ដីឲ្យគេ មិនមែនជាការពិតឡើយ ពោលគឺផ្លូវចាស់ពីដើមមក ត្រូវបានពលរដ្ឋរំលោភយកមកដាំស្អំជាយូរមកហើយ ហើយបែជាទៅបង្កើតផ្លូវដើរថ្មីលើដីជាកម្មសិទ្ធិរបស់អ្នកដទៃទៅវិញ ដែលផ្លូវចាស់នោះជាផ្លូវដែលសត្វគោដើរវាងជាយូរមកហើយ។
លោកថា ពលរដ្ឋអាចមានការយល់ច្រលុំ ព្រោះផ្លូវចាស់គឺមានតាំងពីយូរលង់ណាស់មកហើយ ប៉ុន្តែដោយសារពុំសូវមានការប្រើប្រាស់ ទើបពលរដ្ឋដាំស្អំលើផ្លូវ ហើយដើរលើដីអ្នកដទៃ ទើបនាំឲ្យមានការយល់ច្រលុំបែបនេះ ។
ជាមួយគ្នានេះដែរ លោក សែត វន្នី ចៅសង្កាត់សិត្បូ ក៏បានឲ្យដឹងដែរថា ដីនេះមានប្លង់រឹងរៀងៗខ្លួន ពុំមាននរណាទៅរំលោភយកដីផ្លូវ និងរំលោភយកដីពលរដ្ឋទាំង៥គ្រួសារនោះទេ ណាមួយខាង ៥គ្រួសារនោះ ក៏មានប្លង់រឹងផងដែរ ដោយក្នុងប្លង់រឹងមានការបញ្ជាក់ត្រឹមត្រូវពីទីតាំងព្រុំ ហើយច្បាស់ត្រង់ថា ជាប់ផ្លូវហ្នឹងតែម្ដង។ កន្លងមកលោកបានដោះស្រាយ ពន្យល់ដល់ពលរដ្ឋឲ្យយល់ដែរ តែពួកគាត់មិនយល់ព្រមតាមការដោះស្រាយឡើយ ខណៈដែលអ្នកទាំងអស់គ្នាសុទ្ធតែមានកម្មសិទ្ធិប្លង់រឹងអស់ហើយតែបែជាទីចោទគេថាយកដីផ្លូវ និងដីខ្លួនទៅវិញ ដែលជារឿងមិនសមហេតុផលទាល់តែសោះ។
ឆ្លើយតបនឹងការចោទនេះដែរ លោក អាន វៃ ភាគីដែលត្រូវពលរដ្ឋចោទនោះ បានចេញមុខអះអាងថា លោកឪពុកលោកបានទិញដីនេះជាយូរមកហើយ ហើយមានការទទួលស្គាល់ពីអាជ្ញាធរ និងមានប្លង់រឹងត្រឹមត្រូវថែមទៀតផង ។ ប៉ុន្តែដោយសារគ្រួសារលោករវល់ការងាររកស៊ី ក៏ពុំសូវបានមកអើតមើលដីរបស់ខ្លួនឡើយ ហើយរឹតតែមិនដឹងថា គេយកដីខ្លួនធ្វើផ្លូវដើរនោះដែរ។ ដល់ពេលឪពុកម្ដាយរបស់លោកចែកកេរឲ្យ ទើបលោកបានស្នើរសុំទៅកាន់ច្រកចេញចូលតែមួយខេត្តកណ្ដាល ដើម្បីស្នើរមន្ត្រីសូរិយោដីចុះស្វែងរកព្រុំដី ។ អំឡុងពេលក្រុមការងារចុះវាស់វែង ក៏ស្រាប់តែកើតមានបាតុភាពចោទប្រកាន់ថាគាត់យកដីផ្លូវ និងដីពលរដ្ឋ៥គ្រួសារទៅវិញ។ ទោះយ៉ាងណាក៏លោកស្នើរសុំទៅកាន់លោក គួច ចំរើន អភិបាលខេត្តមេត្តារ កយុត្តិធម៍ជូនលោកផងដែរ ។
ចំពោះរឿងនេះ លោក នូ សិង្ហបា ប្រធានភូមិបាលក្រុងតាខ្មៅបានឲ្យដឹងថា ដីនេះគឺក្រុមការងារខេត្តជាអ្នកចុះវាស់វែងច្បាស់លាស់ ផ្អែកតាមភាពត្រឹមត្រូវជាក់ស្ដែង។ ដោយឡែកសម្រាប់ការប្ដឹងប្ដល់ដល់ខេត្ត នោះគឺផុតដៃលោកហើយ ៕














