ក្រុមចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត បេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំមេសា និងដាក់ទិសដៅអនុវត្តបន្ត
26-04-2026 16:19
(កំពត)៖ លោកបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ នៅសាលប្រជុំទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ឯម សុវណ្ណីអនុប្រធានគណៈកម្មការគណបក្សខេត្ត អនុប្រធានប្រចាំការ លោក ស្រៀង ម៉េង អនុប្រធានក្រុមការងារចលនាកសាងសមាជិកចុះមូលដ្ឋានខេត្តកំពត លោក ប៉ែន ប្រុស អនុប្រធានក្រុមការងារចលនាកសាងសមាជិកចុះមូលដ្ឋានខេត្តកំពត លោក ហុង ភាព សមាជិកក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត លោក លោកស្រី និងជាសមាជិក សមាជិកាក្រុមចលនាកសាងសមាជិកបក្សចុះមកឋានខេត្តកំពតផងដែរ។
ជាកិច្ចចាប់ផ្ដើមលោក ស្រៀង ម៉េង បានឡើងមានមតិសំណេះសំណាលស្វាគមន៍ និងថ្លែងអំណរគុណចំពោះវត្តមានរបស់លោក លោកស្រីទាំងអស់ ដែលបានចំណាយពេលវេលា ដោយទទួលខុសត្រូវយ៉ាងមុតមាំរបស់ក្រុមការងារទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តភារកិច្ចការងារដែលបានប្រគល់ជូនដ៏មានតម្លៃក្នុងឱកាសនេះ។
លោកក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងជូនក្នុងរយៈពេលកន្លងមករបស់ក្រុមការងារដែលឆ្ពោះទៅរកទិសដៅដែលមានភាពជាក់លាក់ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការលះបង់ ក្នុងកិច្ចប្រជុំថ្ងៃនេះមានសារៈសំខាន់យ៉ាងខ្លាំង មិនមែនគ្រាន់តែជាការបូកសរុបពិនិត្យឡើងវិញនូវសមិទ្ធផល ក៏ដូចជាបញ្ហាប្រឈមនានាប៉ុណ្ណោះទេ ប៉ុន្តែជាចំណុចសំខាន់មួយក្នុងការពង្រឹងសមត្ថភាពដឹកនាំ កែលម្អយុទ្ធសាស្ត្រ និងធ្វើឱ្យការអនុវត្តការងារបានភាពជោគជ័យខ្ពស់ និងសូមលើកទឹកចិត្តឱ្យបន្តពង្រឹងជំហរ និងគោលនយោបាយឱ្យមានភាពច្បាស់លាស់ ស្ថិរភាព និងទទួលលក្ខណៈបើកចំហ ស្មោះត្រង់ និងផ្អែកលើអត្ថប្រយោជន៍រួមជាធំ ។
នៅក្នុងឱកាសនោះលោកបណ្ឌិត ហ៊ុន សុខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់និងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរឬសាសនាអ្វីឡើយ។
លើសពីនេះទៅទៀតលោកបណ្ឌិត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ អនុប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកា ពិសេសក្រុមការងារចលនាកសាងសមាជិកគណបក្សខេត្តកំពត ដែលពោរពេញដោយសមត្ថភាពជំនាញ មានចំណេះដឹង និងបទពិសោធន៍ការងារក្នុងសង្គម ហើយបានស្មគ្រ័ចិត្តមកជួយការងារចលនាកសាងសមាជិកយើងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។
លោកបណ្ឌិត ក៏បានអំពាវនាវឱ្យអនុប្រធាន ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ ចាប់ផ្តើមបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន ស្មាគៀកស្មា និងសូមចងចាំជានិច្ចនូវបណ្តាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺការគោរពវិន័យ ការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឈរលើគោលការណ៍សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេសត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច។
ដើម្បីធានាឱ្យបានប្រៀបឈ្នះជាបន្តទៀត យើងទាំងអស់គ្នាជាសមាជិក សមាជិកាត្រូវបំផុសចលនា ដោយធ្វើសកម្មភាពគ្រប់រូបភាព និងត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ តាមគោលនយោបាយ និងសេចក្តីណែនាំរបស់គណបក្ស យកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគោរពជូន សម្តេចតេជោ ដើម្បីដឹកនាំប្រទេសរក្សាសុខសន្តិភាព អភិវឌ្ឍប្រទេស បង្កើនជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែសម្បូរសប្បាយរុងរឿងថ្កើងថ្កានជានិច្ចនិរន្តរ៍៕













































