ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ ការងារជោគជ័យ អាស្រ័យមន្ដ្រីមាន «សុខភាពល្អ»

26-04-2026 20:26

(ភ្នំពេញ)៖ ក្រោមគំនិតផ្តួចផ្តើម និងទឹកចិត្តដ៏ប្រពៃរបស់ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី តែងតែខ្វល់ខ្វាយយកចិត្តទុកដាក់ដល់សុខទុក្ខរបស់មន្ដ្រីរាជការទាំងអស់ ដែលបម្រើការងារនៅក្រោមចំណុះក្រសួងមុខងារសាធារណៈ បានផ្តួចផ្តើមឱ្យមានក្រុមការងារទទួលបន្ទុកអនុវត្តគម្រោងគិតគូរលើសុខុមាលភាពមន្ដ្រី នៃក្រសួងមុខងារសាធារណៈ ដែលហៅកាត់ថា (MCS H+)។

កន្លងមកក្រុមការងារ MCS H+ បានចុះសាកសួរសុខទុក្ខ និងនាំយកនូវកាដូរអនុស្សាវរីយ៍ ក៏ដូចជាថវិកាចូលរួមគាំទ្រទៅដល់សុខុមាលភាព និងការរំលែកទុក្ខផ្សេងៗ ជូនទៅដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការប្រមាណជាង១០០ករណី រួចមកហើយ។

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ជាភ័ព្វសំណាងរបស់មន្ដ្រីរាជការក្រសួងមុខងារសាធារណៈ គឺឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានផ្តល់ឱកាសឱ្យមានការពិនិត្យសុខភាពប្រចាំឆ្នាំជូនទៅដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ៗរូប ដែលកំពុងបំពេញការងារនៅក្រោមចំណុះក្រសួងមុខងារសាធារណៈ។

ថ្លែងក្នុងកម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំនាព្រឹកនេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានថ្លែងការអរគុណដល់មន្ដ្រី នៃក្រសួងមុខងារសាធារណៈគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយអស់ពីកម្លាំងកាយចិត្តទោះ ក្នុងកាលៈទេសៈសុខភាពយ៉ាងណាក៏ដោយ ក៏នៅតែខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យទទួលបានសមិទ្ធផលយ៉ាងច្រើន និងថ្មីៗជូនដល់ក្រសួង។

«ក្នុងវេលានេះជាការគិតគូររួមចំណែក និងការតបស្នងដល់ការខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈទាំងអស់ គឺខ្ញុំមានតែការផ្តល់ជូននូវការយកចិត្តទុកដាក់លើការថែទាំ ពិនិត្យតាមដានសុខភាព និងការព្យាបាលជូនដល់មន្រ្តីទាំងអស់»។ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់បន្ថែម។

សូមជម្រាបថា កម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំនេះ មានការចូលរួមគាំទ្រ ដំណើរប្រតិបត្តិការដោយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (DA-UYFC) ដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញ នៅសាលាភូមិន្ទរដ្ឋបាល៕