ក្រសួងបរិស្ថាន គាំទ្រសកម្មភាពយុវជនដើម្បីអាកាសធាតុ និងការអភិវឌ្ឍដោយចីរភាព ក្នុងព្រឹត្តិការណ៍ពានរង្វាន់គំនិតច្នៃប្រឌិត និងនវានុវត្តន៍អន្តរជាតិ (ICIA) ជុំសកល ឆ្នាំ២០២៦
27-04-2026 09:07
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ បានចូលរួមគាំទ្រយ៉ាងពេញទំហឹង និងប្រកបដោយជោគជ័យ ក្នុងព្រឹត្តិការណ៍ពានរង្វាន់គំនិតច្នៃប្រឌិត និងនវានុវត្តន៍អន្តរជាតិ (ICIA) ជុំសកល ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ទី២៦ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ បានប្រមូលផ្តុំយុវជនឆ្នើម អ្នកអប់រំ និងថ្នាក់ដឹកនាំមកពី ២៧ប្រទេស ក្នុងគោលដៅរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល តាមរយៈការបង្កើតថ្មី និងនវានុវត្តន៍។
ពិធីបិទ និងប្រគល់ពានរង្វាន់ដ៏មហោឡារិក ដែលប្រព្រឹត្តទៅស្របពេលនឹងទិវាពិភពលោកនៃគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក លោកស្រីជាថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មកពីបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងអ្នកចូលរួមយ៉ាងច្រើនកុះករ។
ក្នុងនោះ លោកស្រី អឿន បញ្ចនាថ អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមដោយផ្ទាល់ តំណាងលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលជាការសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងបរិស្ថាន ក្នុងការគាំទ្រ លើកកម្ពស់ និងផ្តល់ឱកាសដល់យុវជន ដែលជាអ្នកដឹកនាំបរិស្ថានជំនាន់ក្រោយ។
ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះតាមរយៈប្រព័ន្ធវីដេអូ ដោយបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះស្មារតីច្នៃប្រឌិតរបស់បេក្ខជនទាំងអស់។
លោកបានគូសបញ្ជាក់អំពីសារៈសំខាន់នៃ «កម្មវិធីប្រកួតប្រជែងនវានុវត្តន៍» (Innovation Challenge) ក្រោមប្រធានបទ៖ «ការរចនាលំហសិក្សាគ្មានសំណល់» (Designing Waste-Free Learning Spaces) ដែលជាវិញ្ញាសាផ្តួចផ្តើមដោយក្រសួងបរិស្ថាន ដើម្បីជំរុញឱ្យសិស្សានុសិស្សប្រែក្លាយសាលារៀនរបស់ខ្លួនឱ្យទៅជាគំរូនៃសង្គមប្រកបដោយចីរភាព។
លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា៖ «សាលារៀនគ្មានសំណល់ មិនត្រឹមតែជាទីតាំងដែលគ្រប់គ្រងបរិស្ថានបានល្អនោះទេ ប៉ុន្តែជាថ្នាលបណ្តុះសិស្សានុសិស្សឱ្យអនុវត្តជាក់ស្តែងនូវសេដ្ឋកិច្ចចក្រា ដែលធនធានត្រូវបានផ្តល់តម្លៃ ហើយសំណល់ត្រូវបានលុបបំបាត់តាមរយៈការរចនាប្រកបដោយភាពឆ្លាតវៃ»។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានរំលេចថា គំនិតច្នៃប្រឌិតរបស់យុវជននៅថ្នាក់មូលដ្ឋាន គឺស្របគ្នាទាំងស្រុងទៅនឹងការផ្លាស់ប្តូរជាយុទ្ធសាស្ត្ររបស់កម្ពុជា។ ឈរលើស្មារតីនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថានកំពុងអនុវត្តយ៉ាងសកម្មនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយផ្តោតលើមុំបីសំខាន់គឺស្អាត បៃតង និងចីរភាព សំដៅជំរុញការផ្លាស់ប្តូរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងគាំទ្រដល់ការសម្រេចគោលដៅអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងសំណល់ គឺជាខែលការពារដ៏ចាំបាច់បំផុតសម្រាប់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ។
រដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យ និងកិច្ចសហការយ៉ាងសកម្មក្នុងការបញ្ជ្រាបការអប់រំបរិស្ថានទៅក្នុងកម្មវិធីសិក្សាជាតិ។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ក៏បានថ្លែងអំណរគុណដល់អង្គការ STEM Education Organization for Cambodia (STEMEOC), អង្គការ Krya Global, ក្រុមហ៊ុន Crebiz Factory និងដៃគូពាក់ព័ន្ធ ដែលបានផ្តល់នូវវេទិកាដ៏មានតម្លៃនេះ ដើម្បីបំពាក់បំប៉នសមត្ថភាពយុវជនឱ្យក្លាយជាអ្នកបង្កើតដំណោះស្រាយអាកាសធាតុសម្រាប់អនាគត។
លោករដ្ឋមន្រ្តី បានលើកទឹកចិត្តដល់បេក្ខជនទាំងអស់ ឱ្យប្រែក្លាយគំនិតចក្ខុវិស័យ និងគម្រោងរបស់ខ្លួន ទៅជាសកម្មភាពជាក់ស្តែងនៅក្នុងសហគមន៍រៀងៗខ្លួន ដើម្បីបង្កើតផលជះជាវិជ្ជមានយូរអង្វែងសម្រាប់សកលលោក។ ក្រសួងបរិស្ថាន បន្តប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងជានិច្ចចំពោះសកម្មភាពយុវជន និងនវានុវត្តន៍ដើម្បីបរិស្ថាន៕
















