អាជ្ញាធរ សិស្សានុសិស្ស និងប្រជាពលរដ្ឋថ្លែងអំណរគុណក្រុមហ៊ុនឆេមពានគ្រុប ដែលសាងសង់អគារសិក្សា១ខ្នង ជូនសិក្សានុសិស្សនៅឃុំផ្លូវទូក ស្រុកកំពង់លែង
27-04-2026 15:45
(កំពង់ឆ្នាំង)៖ អគារសិក្សា១ខ្នងទើបសាងសង់រួចរាល់ ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង តំណាងឲ្យលោកស្រី អ្នកឧកញ៉ា សុខ សុភាព អគ្គនាយការក្រុមហ៊ុន (ឆេមពានគ្រុប) ដែលជាម្ចាស់ជំនួយក្នុងការសាងសង់អគារសិក្សា១ខ្នង។
អគារសិក្សាដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ខាងលើនេះ គឺជាអគារបឋមសិក្សាដែលមាន៣បន្ទប់ សាងសង់អំពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីជាអំណោយរបស់លោកស្រី អ្នកឧកញ៉ា សុខ សុភាព អគ្គនាយិកាក្រុមហ៊ុន (ឆេមពានគ្រុប) ដែលបានធ្វើការសាងសង់ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស ទៅតាមសំណូមពររបស់អាជ្ញាធរ និងមាតា បិតា អាណាព្យាបាលរបស់សិស្សនៅក្នុងមូលដ្ឋានឃុំផ្លូវទូក ស្រុកកំពង់លែង ដែលកំពុងមានការខ្វះខាតអគារសិក្សា។ ការសាងសង់អគារសិក្សា១ខ្នងខាងលើនេះ លោកស្រី អ្នកឧកញ៉ា បានចំណាយថវិកាផ្ទាល់ខ្លួនសាងសង់អស់ ប្រមាណជាង២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
លោកអភិបាលស្រុកកំពង់លែង ជួសមុខឲ្យលោកអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតាអាណាព្យាបាលរបស់សិស្ស និងប្រជាពលរដ្ឋក្នុងស្រុកកំពង់លែង ថ្លែងអំណរគុណដល់លោកស្រី អ្នកឧកញ៉ា សុខ សុភាព អគ្គនាយការក្រុមហ៊ុន (ឆេមពានគ្រុប) ដែលបានចំណាយធនធានផ្ទាល់ខ្លួន សាងសង់អគារបឋមសិក្សា១ខ្នង ជូនដល់សិស្សានុសិស្សក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង។
លោកអភិបាលស្រុក បានបញ្ជាក់ទៀតថា នេះជាការរួមចំណែកមួយយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គាំទ្រ និងចូលរួមការអភិវឌ្ឍវិស័យអប់រំ ស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងបន្តលើកកម្ពស់ វិស័យអប់រំយ៉ាងខ្លាំងក្លា ដោយចាត់ទុកការអប់រំជាគោលនយោបាយអាទិភាព និងជាតម្រូវការជាមូលដ្ឋានដ៏ចម្បង របស់ប្រជាពលរដ្ឋគ្រប់រូប។
ទន្ទឹមនេះដែរ ជួសមុខឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុ សិស្ស និងប្រជាពលរដ្ឋទាំងអស់សូមជូនពរដល់លោកស្រី អ្នកឧកញ៉ា និងក្រុមគ្រួសារ ជួបប្រទះពុទ្ធពរទាំង៤ប្រការគឺៈ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមឲ្យសម្រេចបាននូវគ្រប់ភារកិច្ច៕



















