វិភាគអន្តរជាតិ៖ តើការចម្រាញ់អ៊ុយរ៉ាញ៉ូមដំណើរការទៅយ៉ាងដូចម្ដេច?

27-04-2026 20:58

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីណាមួយជាមួយអ៉ីរ៉ង់ នឹងជាកិច្ចព្រមព្រៀងដ៏ល្អប្រសើរជាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA ឆ្នាំ២០១៥ ដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញក្នុងឆ្នាំ២០១៨ អំឡុងអាណត្តិទី១របស់លោក។ កិច្ចចរចាស្វែងរកសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់សព្វថ្ងៃកំពុងជាប់គាំងដោយមានបញ្ហាខ្ទាស់មួយចំនួនជាពិសេស គឺការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៉ីរ៉ង់តែម្ដង។ អ៉ីរ៉ង់តែងតែទទូចថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនបម្រើឱ្យវិស័យថាមពលស៊ីវិលតែប៉ុណ្ណោះតួយ៉ាងដូចជាការផលិតថាមពលអគ្គិសនីដែលតម្រូវការចម្រាញ់ អ៊ុយរ៉ាញ៉ូមចន្លោះពី ៣ ទៅដល់៥ភាគរយ។ ដើម្បីអាចផលិតអាវុធនុយក្លេអ៊ែរ អ៊ុយរ៉ាញ៉ូមចាំបាច់ត្រូវចម្រាញ់ឱ្យដល់កម្រិត៩០ភាគរយ។

* អ្វីទៅជាអ៊ុយរ៉ាញ៉ូម ហើយប្រទេសណាខ្លះមានដែលវា?
អ៊ុយរ៉ាញ៉ូមនៅក្នុងធម្មជាតិគឺជាលោកហៈមួយដែលត្រូវបានគេយកទៅច្នៃជាឥន្ធនៈប្រើប្រាស់នៅក្នុងរ៉េអាក់ទ័រនុយក្លេអ៊ែរ និងអាវុធ។ អ៊ុយរ៉ាញ៉ូមត្រូវបានគេប្រទះឃើញក្នុងបរិមាណតិចតួចនៅក្នុងថ្ម ដី និងសូម្បីតែ ទឹកសមុទ្រ។ ៩០ភាគរយនៃអ៊ុយរ៉ាញ៉ូមរបស់ពិភពលោកត្រូវបានផលិតក្នុងប្រទេសចំនួន៥ រួមមាន៖ កាហ្សាក់ស្ថាន កាណាដា ណាមីប៊ី អូស្ត្រាលី និងអ៊ូសបេគីស្ថាន។ អ៊ុយរ៉ាញ៉ូមក៏ត្រូវបានគេរកឃើញនៅតាម ប្រទេសជាច្រើនផ្សេងទៀតផងដែរ ហើយត្រូវបានយកចេញដោយការជីកវាចេញពីក្រោមដី ឬជាទូទៅតាមរយៈដំណើរការគីមីបំបែកអ៊ុយរ៉ាញ៉ូមចេញពីក្នុងថ្ម។ មុននឹងត្រូវបានយកទៅប្រើជាឥន្ធនៈនុយក្លេអ៊ែរ អ៊ុយរ៉ាញ៉ូមត្រូវឆ្លងកាត់ការកែច្នៃនៅក្រោមទម្រង់ជាច្រើនផ្សេងៗគ្នាដូចជា Yellowcake, Uranium tetrafluoride, Uranium hexafluoride, Uranium dioxide និង Fuel pellets។

* តើការចម្រាញ់អ៊ុយរ៉ាញ៉ូមដំណើរការទៅយ៉ាងដូចម្ដេច?
អ៊ុយរ៉ាញ៉ូមនៅក្នុងធម្មជាតិមាន ៣ទម្រង់ដែលគេហៅថាអ៉ីសូតូប (isotopes)។ isotopes ជាធាតុតែមួយដូចគ្នាដែលមានចំនួនប្រូតុងដូចគ្នា តែមានចំនួនណឺត្រុងខុសគ្នា។ នៅក្នុងអ៊ុយរ៉ាញ៉ូមមាន U-238 ចំនួន ៩៩,៣ភាគរយ U-235 មាន ០,៧ភាគរយ និង U-234 មានត្រឹមតែ ០,០០៥ភាគរយ។ នៅក្នុងអ៊ុយរ៉ាញ៉ូមទៀតសោតមានតែ U-235 ប៉ុណ្ណោះដែលគេត្រូវការចាំបាច់សម្រាប់ការផលិតថាមពល និងអាវុធ ពីព្រោះតែ U-235 អាចធន់នឹងប្រតិកម្មនុយក្លេអ៊ែរ រីឯ U-238 មិនអាចធន់នឹងប្រតិកម្មនុយក្លេអ៊ែរបាននោះទេ។ ដូច្នេះទើបគេត្រូវយក U-235 ទៅកែច្នៃ និងចម្រាញ់។ ជាដំបូង អ៊ុយរ៉ាញ៉ូមត្រូវបានគេបំប្លែង ទៅជាឧស្ម័នជាមុនសិនដែលគេស្គាល់ថា uranium hexafluoride (UF₆)។ បន្ទាប់មកទៀត ទើបគេយកឧស្ម័ននេះទៅបង្វិលក្នុងល្បឿនយ៉ាងលឿនបំផុត (អាចច្រើនជាង ១០០០ដងក្នុងមួយវិនាទី) នៅក្នុង ឧបករណ៍មួយដែលគេស្គាល់ថា «centrifuges» ដើម្បីចម្រាញ់យក U-235។

នៅពេលដែលគេចម្រាញ់កាន់តែច្រើន កម្រិតភាគរយ ឬកំហាប់របស់ U-235 នឹងកាន់តែខ្ពស់។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA បានចាត់ទុកការចម្រាញ់អ៊ុយរ៉ាញ៉ូម ក្នុងកំហាប់ក្រោម ២០ភាគរយ ជាអ៊ុយរ៉ាញ៉ុមត្រូវបានចម្រាញ់រួចក្នុងកម្រិតទាប (LEU) ខណៈលើស ២០ភាគរយជាអ៊ុយរ៉ាញ៉ូមត្រូវបានចម្រាញ់រួចកម្រិតខ្ពស់ (HEU)។

អ៊ុយរ៉ាញ៉ូមដែលបង្កើនកំហាប់ចន្លោះពី៣ ដល់៥ភាគរយ នឹងត្រូវយកទៅប្រើក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ។ អ៊ុយរ៉ាញ៉ូមបង្កើនកំហាប់ដល់២០ភាគរយ នឹងត្រូវបានប្រើប្រាស់សម្រាប់រ៉េអាក់ទ័រស្រាវជ្រាវ។ អ៊ុយរ៉ាញ៉ូមដែលបង្កើនកំហាប់ដល់កម្រិត ៦០ភាគរយត្រូវបានគេចាត់ទុកជាអ៊ុយរ៉ាញ៉ូមដែលត្រូវបានចម្រាញ់រួចក្នុងកម្រិតខ្ពស់។ ចំណែក អ៊ុយរ៉ាញ៉ូមដែលបង្កើនកំហាប់ដល់ ៩០ភាគរយគឺគ្រប់គ្រាន់សម្រាប់ ការប្រើប្រាស់ក្នុងអាវុធនុយក្លេអ៊ែរ ហើយអ៊ុយរ៉ាញ៉ូមបង្កើនកំហាប់ចន្លោះពី ៩៣ ដល់៩៧ភាគរយនឹងត្រូវបានប្រើប្រាស់សម្រាប់រ៉េអាក់ទ័រនុយក្លេអ៊ែររបស់នាវាមុជទឹក និងនាវាផ្ទុកយន្ដហោះចម្បាំងដំណើរការដោយ ថាមពលនុយក្លេអ៊ែរ។ ដោយឡែក អ៊ុយរ៉ាញ៉ូមដែលត្រូវបានបង្កើនកំហាប់ U‑235 តិចជាង ០.៣ភាគរយនឹងត្រូវយកទៅប្រើប្រាស់សម្រាប់អាវុធបាញ់ទម្លុះរថក្រោះ។

*​ តើគេត្រូវចំណាយពេលយូរប៉ុនណាដើម្បីចម្រាញ់អ៊ុយរ៉ាញ៉ូម?
ការចម្រាញ់អ៊ុយរ៉ាញ៉ូមគឺចាយពេលយូរពីដំបូង លឿនតាមក្រោយ។ ការចម្រាញ់អ៊ុយរ៉ាញ៉ូមពីកម្រិត ០.៧ភាគរយ ដល់២០ភាគរយ ត្រូវចំណាយពេលយូរ និងលំបាកជាង ការចម្រាញ់អ៊ុយរ៉ាញ៉ូម (U‑235) ពីកម្រិត ២០ភាគរយដល់៩០ភាគរយ។ ក្នុងន័យនេះ នៅពេលអ៊ុយរ៉ាញ៉ូមត្រូវបានចម្រាញ់ដល់កម្រិត ៦០ភាគរយរួចហើយ នោះគេអាចចម្រាញ់យ៉ាងឆាប់រហ័សឱ្យដល់កម្រិត ៩០ភាគរយដែលគ្រប់គ្រាន់សម្រាប់អាវុធនុយក្លេអ៊ែរ។ បើតាម IAEA អ៉ីរ៉ង់ត្រូវបានគេជឿជាក់ថាមានអ៊ុយរ៉ាញ៉ូម ៤៤០គីឡូក្រាមដែលត្រូវបានចម្រាញ់រួចដល់កម្រិត ៦០ភាគរយ ដែលគ្រប់គ្រាន់ឱ្យអ៉ីរ៉ង់ផលិត គ្រាប់បែកនុយក្លេអ៊ែរពី១០ ឬ១១គ្រាប់ ប្រសិនបើចម្រាញ់ដល់កម្រិត៩០ភាគរយ។ អ៉ីរ៉ង់បានអះអាងជារឿយៗថាខ្លួនមិនមានមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរនោះទេ។ បើតាមក្រុមអ្នកជំនាញ និងក្រុមមន្ត្រីអាមេរិក ៦០ភាគរយនៃអ៊ុយរ៉ាញ៉ូមចម្រាញ់រួច អាចឱ្យអ៉ីរ៉ង់ចម្រាញ់ដល់កម្រិត៩០ភាគរយ ដោយប្រើពេលត្រឹម៤ ទៅ៥សប្ដាហ៍ប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក នៅលើពិភពលោកមានប្រទេសចំនួន៩ ដែលមានអាវុធនុយក្លេអ៊េររួមមាន សហរដ្ឋអាមេរិក រុស្ស៉ី ចិន បារាំង អង់គ្លេស ឥណ្ឌា ប៉ាគីស្ថាន អ៉ីស្រាអែល និងកូរ៉េខាងជើង៕