ប្រកាសចូលកាន់តំណែងអភិបាលស្រុកអង្គរបូរី ថ្មី, អភិបាលខេត្តតាកែវ ណែនាំឱ្យបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ

28-04-2026 07:40

(តាកែវ)៖ លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តតាកែវ នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់ មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកអង្គរបូរីថ្មី។

លោក កង អាណាន់ អតីតអភិបាលក្រុងដូនកែវ ត្រូវផ្ទេរឱ្យមកកាន់មុខតំណែងជាអភិបាល ស្រុកអង្គរបូរី។

ក្នុងឱកាសនោះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានផ្តល់អនុសាសន៍ណែនាំ និងផ្ដាំផ្ញើដល់លោកអភិបាលស្រុក ដែលទើបតែងតាំងថ្មី ត្រូវរក្សាសាមគ្គីភាពឱ្យបានល្អរវាងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំង ដើម្បីជាកម្លាំងសរុបក្នុងការអភិវឌ្ឍមូលដ្ឋាន។

លោកណែនាំឱ្យអភិបាលស្រុកថ្មី ត្រូវយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍ «បម្រើរាស្ត្រឱ្យអស់ពីចិត្ត» និងបន្តជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ មានសុវត្ថិភាព» ជាពិសេសការបង្ក្រាបបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ និងត្រូវចុះផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានាជូនពួកគាត់ឱ្យទាន់ពេលវេលា។

លោកអភិបាលខេត្ត បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា លោកអភិបាលស្រុកថ្មី នឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ដែលមាន ដើម្បីដឹកនាំស្រុកអង្គរបុរី ឱ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត៕