មិនឱ្យកូនក្មួយខកបំណង! លោក ខូយ រីដា ចុះទៅសម្រេចសន្យាដល់សាលាបឋមសិក្សាសម្តេចឪ សម្តេចម៉ែ ក្រោយឃើញក្មួយៗជាសិស្សល្អ និងមានវិន័យ

28-04-2026 14:12

(ពោធិ៍សាត់)៖ ការផ្តល់តម្លៃលើការអប់រំ និងការរក្សាសច្ចៈភាពជាមួយកុមារតូចៗ គឺជាគំរូដឹកនាំដ៏កក់ក្តៅបំផុត។ ជាក់ស្តែង នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាលដោយផ្ទាល់ និងនាំយកសម្ភារសិក្សា ផ្តល់ជូនកូនក្មួយសិស្សានុសិស្ស ចំនួន២៥៤នាក់ នៃសាលាបឋមសិក្សាសម្តេចឪ សម្តេចម៉ែ ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន។

ក្នុងឱកាសដ៏ស្និទ្ធស្នាលនោះ លោក ខូយ រីដា បានមានប្រសាសន៍លើកឡើងថា ការចុះមកនាពេលនេះ គឺជាការសម្រេចតាមសន្យា ដែលលោកបានផ្តល់ឱ្យកូនក្មួយ និងចៅៗ កាលពីសប្តាហ៍មុន។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយសារតែកូនក្មួយ និងចៅៗទាំងអស់គ្នាជាសិស្សឆ្លាត ខិតខំរៀនសូត្រ មានអាកប្បកិរិយាល្អ និងមានវិន័យថ្លៃថ្នូរ ដែលចំណុចទាំងនេះហើយ បានទាក់ទាញចំណាប់អារម្មណ៍ឱ្យលោកត្រូវតែមកទីនេះ ដើម្បីលើកទឹកចិត្តដល់កូនក្មួយ»

សម្ភារសិក្សាដែលត្រូវចែកជូននាពេលនេះរួមមាន៖ កាបូបស្ពាយ ប៊ិច និងសៀវភៅ ដែលក្នុងនោះកាបូបស្ពាយសិក្សា ជាអំណោយដ៏ថ្លៃថ្លារបស់ លោក ឡុង ណារ៉ូ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានផ្តល់ជូនលោកអភិបាលខេត្ត ចំនួន៤០០កាបូប ដើម្បីបែងចែកបន្ត និងដោយឡែកសៀវភៅសិក្សា ព្រមទាំងសម្ភារផ្សេងៗទៀត ជាអំណោយផ្ទាល់ខ្លួនរបស់លោក និងលោកស្រី ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់កូនក្មួយសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រឱ្យខ្លាំងពូកែ ព្រោះសង្គមជាតិបច្ចុប្បន្ន ត្រូវការជាចាំបាច់នូវធនធានមនុស្សដែលមានចំណេះដឹងពិតប្រាកដ។ ត្រូវរក្សាអនាម័យខ្លួនប្រាណឱ្យបានជាប់ជាប្រចាំ ដើម្បីជៀសផុតពីជំងឺដង្កាត់ផ្សេងៗ។ ត្រូវរួមគ្នាដាំដើមឈើ និងសម្អាតបរិស្ថានជុំវិញសាលារៀន ក៏ដូចជាសហគមន៍ ឱ្យមានសោភ័ណភាព និងខ្យល់អាកាសបរិសុទ្ធ។

បន្ទាប់ពីបញ្ចប់កម្មវិធីចែកសម្ភារសិក្សា ក្នុងថ្ងៃដដែលនោះ លោក ខូយ រីដា ក៏បានបន្តដំណើរចុះពិនិត្យ និងជំរុញការរៀបចំសោភ័ណភាពសិក្សា នៅវិទ្យាល័យ ហ៊ុន សែន រំលេច ស្រុកបាកាន ក្នុងគោលបំណងលើកកម្ពស់បរិស្ថានសិក្សា ឱ្យកាន់តែមានភាពស្រស់ត្រកាល បង្កើតបរិយាកាសទាក់ទាញដល់សិស្សានុសិស្ស ក្នុងការក្រេបជញ្ជក់ចំណេះដឹង និងឆ្លុះបញ្ចាំងពីការអភិវឌ្ឍន៍វិស័យអប់រំនៅតាមមូលដ្ឋាន ឱ្យកាន់តែរឹងមាំថែមទៀត៕