ពលរដ្ឋ២ឃុំ នៅស្រុកកំចាយមារ សប្បាយរីករាយក្រោយទទួលបានផ្លូវបេតុងមួយខ្សែ ជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេង (Video inside)

28-04-2026 14:29

(ព្រៃវែង)៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រញូង និងឃុំជាច នៃស្រុកកំចាយមារ ខេត្តព្រៃវែង បានសម្តែងការរីករាយ និងសាទរយ៉ាងខ្លាំងចំពោះសមិទ្ធផលផ្លូវបេតុងអាមេមួយខ្សែដែលមានប្រវែងជិត ២០គីឡូម៉ែត្រ ដែលបានស្ថាបនារួចរាល់ និងជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

​​ការស្ថាបនាផ្លូវនេះមិនត្រឹមតែជាការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ រវាងតំបន់ជនបទ និងតំបន់ទីប្រជុំជនក្នុងស្រុកកំចាយមារទាំងមូល។

ប្រជាពលរដ្ឋបានលើកឡើងថា កាលពីមុនផ្លូវនេះមានភាពលំបាកក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវវស្សាដែលមានភក់ជ្រាំ និងរដូវប្រាំងមានដីហុយខ្លាំង។ ប៉ុន្តែបច្ចុប្បន្នក្រោយពីទទួលបានផ្លូវបេតុងថ្មីស្រឡាងនេះមក បានបង្កលក្ខណៈងាយស្រួលយ៉ាងខ្លាំង ក្នុងការធ្វើដំណើរចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់ជាងមុន។

បើតាម​លោក មេ ឃុំជាច, ផ្លូវនេះពីដើមមកពិបាកធ្វើខ្លាំងណាស់ ប៉ុន្តែបច្ចុប្បន្ននេះសម្តេចក្រឡាហោម ស ខេន បានជួយឧបត្ថម្ភផ្លូវបេតុងនេះ ដល់ប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ និងឆ្លងកាត់។ ការទទួលបានសមិទ្ធផលនេះប្រជាពលរដ្ឋរីករាយសប្បាយចិត្ត។

​ប្រជាពលរដ្ឋក្នុងឃុំទាំងពីរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខ និងការអភិវឌ្ឍនៅតាមមូលដ្ឋាន ដើម្បីលើកកម្ពស់កម្រិត ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

សមិទ្ធផលថ្មីនេះបានក្លាយជាចំណងដៃដ៏ថ្លៃថ្លា ដែលនឹងបម្រើផលប្រយោជន៍សាធារណៈបានយូរអង្វែង និងជាការឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈរនៃហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រៃវែងផងដែរ៕