ប្រកាសតែងតាំងអភិបាលក្រុងដូនកែវ និងអភិបាលស្រុកព្រៃកប្បាសថ្មី ខេត្តតាកែវ

28-04-2026 16:51

(តាកែវ)៖ លោក ឌឹម គឹមសាន្ត អធិបាលស្រុកព្រៃកប្បាស ត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្លាស់ប្ដូរភារកិច្ចឲ្យមកកាន់តំណែងជាអភិបាលក្រុងដូនកែវ និងលោក គិន ភក្ដី អភិបាលស្រុកកោះអណ្ដែត ត្រូវបានរាជរដ្ឋាភិបាលផ្ទេរភារកិច្ច ឲ្យមកកាន់តំណែងជាអភិបាលស្រុកព្រៃកប្បាស។

ពិធីប្រកាសតែងតាំងអភិបាលក្រុងដូនកែវ បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែមេសា និងអភិបាលស្រុកព្រៃកប្បាស បានរៀបចំធ្វើឡើងរសៀលថ្ងៃទី២៨ ខែមេសា ដោយមានការអញ្ជើញចូលរួមជាអធិបតីភាព ពីសំណាក់លោក យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។

ក្នុងឱកាសនោះ លោក វ៉ី សំណាង បានធ្វើការផ្ដាំផ្ញើដល់លោកអភិបាលក្រុងដូនកែវ និងអភិបាលស្រុកព្រៃកប្បាស ដែលទើបតែងតាំងថ្មី ព្រមទាំងម​ន្រ្តី​រាជការ​ ​កងកម្លាំង​ប្រដាប់​អាវុធ​ ​និង​កម្លាំង​មានសមត្ថកិច្ច​ត្រូវ​រួម​សហការ​គ្នា ​អនុវត្ត​ការងារ​សំខាន់​ៗ​ ​ជា​អាទិភាព​មួយ​ចំនួន ដើម្បីធ្វើយ៉ាងណាឲ្យក្រុងដូនកែវ និងស្រុកព្រៃកប្បាស មានការអភិវឌ្ឍរីកចម្រើនឥតឈប់ ជាពិសេសត្រូវ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​ស្ថិរភាព​សសង្គមឲ្យបានល្អប្រសើរ។​

អភិបាលខេត្តតាកែវ ក៏បានជំរុញឲ្យអភិបាលក្រុង និងអភិបាលស្រុក ដែលទើបតែងតាំងថ្មី ត្រូវធ្វើយ៉ាងណាប្រឹងប្រែង បម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អ និងការពារសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យបានល្អប្រសើរ ជាពិសេសត្រូវធ្វើការទប់ស្កាត់ ការជួញដូរ ឬចែកចាយគ្រឿងញៀន និងត្រូវបង្ក្រាបឲ្យបាន ចំពោះក្មេងទំនើងមិនត្រូវបណ្ដែតបណ្ដោយ ឲ្យពួកគេអុកឡុកនៅតាមមូលដ្ឋាន ដែលបង្ករការប៉ះពាល់ដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋនោះទេ៕