រសជាតិឆ្ងាញ់ និងប្លែកគេ ​នាំឱ្យផលិតផលដែលមានសក្តានុពល ៥ប្រភេទជាទៀត ត្រូវបានក្រសួងពាណិជ្ជកម្ម ​ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ និងម៉ាកសមូហភាព (Video inside)

28-04-2026 17:59

(ភ្នំពេញ)៖ ផលិតផលខ្មែរ ដែលមានសក្តានុពលចំនួន៥ប្រភេទ ត្រូវបានក្រសួងពាណិជ្ជកម្ម សម្រេចចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្ត (GI) និង ម៉ាកសមូហភាព ដើម្បីជំរុញ និងលើកកម្ពស់អត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះផលិតផលរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិ។​

​ផលិតផលដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ដែលត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ រួមមាន៖ ១) សូត្រមាសភ្នំ ស្រុក ២) ក្តាមថ្មកោះកុង ៣) ស្វាយឧត្តរមានជ័យ ៤) ស្វាយចន្ទី កំពង់ធំ និងម៉ាកសមូហភាពឃ្មុំព្រៃព្រះវិហារ​។

ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តបន្ថែម ៤ទៀតនេះ បានធ្វើឱ្យម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ​មានការកើនឡើងដល់ចំនួន ១២ ដែលក្នុងនោះមាន៖ ១) ម្រេចកំពត ២) ស្ករត្នោតកំពង់ស្ពឺ ៣) ឃ្មុំព្រៃមណ្ឌលគិរី ៤) ក្រូចថ្លុងកោះទ្រុង ៥) ទឹកត្រីកំពតកែប ៦) អំបិលកំពតកែប ៧) បង្កងតាកែវ ៨) ប្រហុកសៀមរាប ៩) ស្វាយចន្ទីកំពង់ធំ ១០) ស្វាយឧត្តរមានជ័យ ១១) ក្តាមថ្មកោះកុង និង ១២) សូត្រមាសភ្នំស្រុក។

​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា «គ.ក.ប.»​ គូសបញ្ជាក់ថា តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនេះ គឺជាជំហានសំខាន់មួយ ក្នុងការជំរុញ និងលើកកម្ពស់អត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះផលិតផលរបស់កម្ពុជា នៅលើទីផ្សារអន្តរជាតិ ហើយជាជំហានបន្ទាប់ ដើម្បីបន្តពិនិត្យលទ្ធភាពក្នុងការស្នើសុំចុះបញ្ជីការពារជាលក្ខណៈអន្តរជាតិ ក្រោមក្របខណ្ឌច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោនផងដែរ។​

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក លោកស្រីរដ្ឋមន្រ្តី បានសម្តែងមោទភាព ដែលបានសម្របសម្រួល និងជំរុញការចុះបញ្ជីកសិផលខ្មែរ​បន្ថែមទៀត ដើម្បីបង្ហាញសក្តានុពល ​ចាប់យកទីផ្សារក្នុងស្រុក និងអន្តរជាតិ។

​សូមស្តាប់ការពន្យល់បន្ថែមបន្ថែមរបស់លោកស្រី ចម និម្មល និងប្រធានសមាគមតំណាងផលិតផលម៉ាក សម្គាល់ភូមិសាស្ត្រមួយចំនួន ពីមូលហេតុដែលផលិតផលទាំងនេះ ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ៖