Fresh Exclusive: «សង្គ្រាមប្រឆាំងនឹងពេលវេលា៖ សង្គ្រាមអ៊ីរ៉ង់របស់ ដូណាល់ ត្រាំ ឈានដល់កាលកំណត់ផ្លូវច្បាប់ ៦០ថ្ងៃ» (Video inside)

28-04-2026 18:01

(ភ្នំពេញ)៖ នៅសល់តែពីរថ្ងៃប៉ុណ្ណោះ មុនពេលកាលកំណត់ ៦០ថ្ងៃ ក្រោមច្បាប់អំណាចសង្គ្រាម នឹងឈានមកដល់។ ខណៈសង្គ្រាមអ៊ីរ៉ង់មិនទាន់មានចំណុចបញ្ចប់ច្បាស់លាស់ លោក ដូណាល់ ត្រាំ កំពុងប្រឈមមុខសម្ពាធពីរទិស ទាំងនៅសភាអាមេរិក និងនៅសមរភូមិច្រក Hormuz។ តើអាមេរិក នឹងជ្រើសរើសគោរពច្បាប់ ឬបន្តសង្គ្រាមក្រោមសម្ពាធនយោបាយ?
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ...

នៅពេលដែលសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ កំពុងបន្តដោយភាពមិនច្បាស់លាស់ពីអនាគតរបស់វា គ្រោះអាសន្ននយោបាយមួយ ក៏រៀបនឹងកើតឡើង៖ វាមិនមែននៅលើច្រក Hormuz ទេ ប៉ុន្តែស្ថិតនៅក្នុងប្រព័ន្ធនយោបាយផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកដោយផ្ទាល់។ នៅសល់តែពីរថ្ងៃប៉ុណ្ណោះ មុនពេលកំណត់ ៦០ ថ្ងៃ ដែលកំណត់ដោយច្បាប់ War Powers Resolution ឬ «ច្បាប់អំណាចសង្គ្រាម» នឹងឈានមកដល់។ នេះជាពេលវេលាដែលប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវធ្វើការសម្រេចចិត្តមួយដែលអាចកំណត់ទិសដៅធ្វើសង្គ្រាមនេះទៅមុខ នោះមិនត្រឹមតែជាមួយអ៊ីរ៉ង់ ប៉ុន្តែជាមួយសភាអាមេរិកផងដែរ។

* សង្គ្រាមក្រៅប្រទេស ប៉ះទង្គិចនឹងច្បាប់ក្នុងស្រុក

ក្រោមច្បាប់ War Powers Resolution ឆ្នាំ១៩៧៣ ឬ «ច្បាប់អំណាចសង្គ្រាម» ប្រធានាធិបតីអាមេរិក ត្រូវមានកាតព្វកិច្ចជូនដំណឹងទៅសភាក្នុងរយៈពេល ៤៨ម៉ោង បន្ទាប់ពីចាប់ផ្តើមសកម្មភាពយោធា ហើយអាចបន្តប្រតិបត្តិការយោធាបានត្រឹមតែ ៦០ថ្ងៃប៉ុណ្ណោះ។ ការបន្តសង្គ្រាមលើសពីកំណត់នេះ ត្រូវការការយល់ព្រមជាក់លាក់ពីសភា ឬការអនុញ្ញាតផ្លូវច្បាប់ផ្សេងៗ។ ប៉ុន្តែដល់ពេលបច្ចុប្បន្ន ការយល់ព្រមពីសភានោះនៅមិនទាន់មានឡើយ ខណៈការបែកបាក់នយោបាយរវាងគណបក្សធំទាំងពីរ បានធ្វើឲ្យដំណើរការសម្រេចចិត្ត កាន់តែជួប ប្រទះភាពលំបាក។ នេះមានន័យថា ប្រសិនបើប្រធានាធិបតី Donald Trump ចង់បន្តសង្គ្រាមបន្ទាប់ពីថ្ងៃទី០១ ខែឧសភា ដែលជាកាលកំណត់ ៦០ថ្ងៃសំខាន់នេះ លោកត្រូវប្រឈមមុខនឹងជម្រើសយុទ្ធសាស្ត្រដ៏ធ្ងន់ធ្ងរ។ វាមិនត្រឹមតែជាការសម្រេចចិត្តផ្នែកយោធាប៉ុណ្ណោះទេ ប៉ុន្តែជាការសម្រេចចិត្តផ្នែកច្បាប់ និងនយោបាយក្នុងស្រុកផងដែរ។

ជាក់ស្តែង ប្រវត្តិសាស្ត្របង្ហាញថា ប្រធានាធិបតីអាមេរិកជាច្រើន បានព្យាយាមបកស្រាយ ឬជៀសវាងច្បាប់នេះ ដើម្បីអាចបន្តសកម្មភាពយោធា ប៉ុន្តែជំហានបែបនេះ តែងនាំមកនូវការរិះគន់ខ្លាំង និងអាចបង្កវិបត្តិរដ្ឋធម្មនុញ្ញ។ នៅក្នុងបរិបទនេះ សំណួរដ៏ធំមួយកំពុងលេចឡើង៖ តើលោក Trump នឹងជ្រើសរើសការគោរពច្បាប់ដែលកំណត់ ឬស្វែងរកវិធីថ្មីដើម្បីបន្តសង្គ្រាមក្រៅក្របខណ្ឌច្បាប់?

* ដូណាល់ ត្រាំ ក្នុងការរងសម្ពាធ២ទិស

មេដឹកនាំភាគតិចនៅព្រឹទ្ធសភាលោក Chuck Schumer បានប្រកាសថា សមាជិកគណបក្សប្រជាធិបតេយ្យ នឹងបង្ខំឲ្យមានការបោះឆ្នោតលើកទីប្រាំមួយ នៅក្នុងព្រឹទ្ធសភាអាមេរិក លើច្បាប់អំណាចសង្គ្រាម War Powers Resolution ក្នុងសប្តាហ៍នេះ ដើម្បីទប់ស្កាត់អ្វីដែលពួកគេហៅថា «សង្គ្រាមជ្រើសរើស» របស់លោកប្រធានាធិបតី Donald Trump នៅអ៊ីរ៉ង់។
អ្វីទាំងនេះ បង្ហាញយ៉ាងច្បាស់ថា លោក ត្រាំ កំពុងប្រឈមមុខនឹងសម្ពាធពីរទិសសំខាន់ៗក្នុងពេលតែមួយគឺសម្ពាធក្នុងស្រុក និងសម្ពាធក្រៅប្រទេស។

ក្នុងសម្ពាធផ្ទៃក្នុងលោក ត្រាំ មិនត្រឹមតែត្រូវប្រឈមមុខនឹងការបែកបាក់នយោបាយក្នុងសភាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្ពាធផ្លូវច្បាប់ផងដែរ។ កាលកំណត់ ៦០ថ្ងៃ កំពុងខិតជិតមកដល់ ខណៈសភាមិនទាន់ផ្តល់ការអនុញ្ញាតសម្រាប់បន្តសង្គ្រាម។ ការរងសម្ពាធក្នុងស្រុកនេះ កំពុងធ្វើឲ្យសង្គ្រាមអ៊ីរ៉ង់ ក្លាយជាបញ្ហាប៉ះពាល់ រដ្ឋធម្មនុញ្ញ របស់សហរដ្ឋអាមេរិក ដែលជាបញ្ហាធំចម្បង។

ចំណែកសម្ពាធពីក្រៅប្រទេសវិញ គឺការប្រឈមសង្គ្រាមអ៊ីរ៉ង់ ដែលមិនទាន់បានបញ្ចប់។ នៅលើឆាកអន្តរជាតិ ទោះបីជា លោក ត្រាំ បានប្រកាសពង្រីកបទឈប់បាញ់ក៏ដោយ ក៏សកម្មភាពយោធា នៅមិនបានបញ្ឈប់ទាំងស្រុងឡើយ។ កងទ័ពអាមេរិកបន្តការបិទផ្លូវទឹកលើកំពង់ផែអ៊ីរ៉ង់, ចាប់កប៉ាល់អ៊ីរ៉ង់នៅសមុទ្រអារ៉ាប់ ខណៈអ៊ីរ៉ង់ បានឆ្លើយតបដោយបាញ់និងចាប់កប៉ាល់ពាណិជ្ជកម្មបរទេស២គ្រឿងដែលបើកឆ្លងកាត់ច្រកសមុទ្ធហ័រមូស។

ក្នុងពេលតែមួយនេះទៀត លោក ត្រាំ នៅប្រឈមនឹងបញ្ហាដ៏ស្មុគស្មាញមួយទៀត ៖ ច្រក Hormuz ដែលជាចំណុចស្នូលសេដ្ឋកិច្ចពិភពលោក។ ពេលអ៊ីរ៉ង់បានដាក់សំណើថ្មីចុងក្រោយមួយទៀតដោយស្នើការបើកច្រក Hormuz ឡើងវិញ ប៉ុន្តែពន្យារពេលការចរចាលើបញ្ហានុយក្លេអ៊ែរ ដែលជាចំណុចចង់បានបំផុតរបស់លោក ត្រាំ។ អ្វីទាំងនេះ បានបង្កើតភាពលំបាកសម្រាប់លោក ត្រាំ ក្នុងការត្រូវជ្រើសរើសជាយុទ្ធសាស្ត្រ។ មានន័យថា បើលោកទទួលយក ទោះបីអាចបន្ថយសម្ពាធសេដ្ឋកិច្ចពិភពលោកក៏ពិតមែន ប៉ុន្តែអាចបាត់បង់ទម្ងន់ក្នុងការចរចា ប៉ុន្តែបើលោកបដិសេធ បើទោះបីជាអាចនៅរក្សាអំណាចចរចាក៏ពិតមែន ប៉ុន្តែវានឹងបង្កហានិភ័យសេដ្ឋកិច្ច និងភាពតានតឹងកាន់តែកើនឡើងទាំង សហរដ្ឋអាមេរិកនិងពិភពលោក។ ដូច្នេះខណៈសំណួរដែលកំពុងប្រឈមនៅមិនទាន់អាចដោះស្រាយបាន កាលកំណត់ ៦០ថ្ងៃក៏កាន់តែខិតជិតមកដល់។ ក្នុងបរិបទនេះ តើលោក ត្រាំ នឹងគ្រប់គ្រងស្ថានភាពនៅ Hormuz ដោយរបៀបណា? តើអាមេរិក នឹងទទួលយកសំណើរបស់អ៊ីរ៉ង់ ឬបន្តការដាក់សម្ពាធជាដដែល? ហើយតើលោក ត្រាំ អាចគ្រប់គ្រងសម្ពាធពីរទិសនេះបានយ៉ាងដូចម្តេច?

* សេចក្តីសន្និដ្ឋាន៖ ពេលវេលា កំពុងកំណត់ជោគវាសនាសង្គ្រាម

សង្គ្រាមអ៊ីរ៉ង់ មិនមែនកំពុងតែឈានទៅរកការបញ្ចប់តាមរយៈយុទ្ធសាស្ត្រយោធា ឬការចរចាការទូតទេ ប៉ុន្តែកំពុងត្រូវបានកំណត់ដោយ «ពេលវេលា» និង «ច្បាប់»។ កាលកំណត់ ៦០ថ្ងៃ ក្រោមច្បាប់អំណាចសង្គ្រាម មិនមែនជាប្រតិទិនធម្មតាទេ ប៉ុន្តែជាចំណុចសម្រេចចិត្តមួយ ដែលអាចបម្លែងទិសដៅសង្គ្រាមទាំងមូល។ សម្រាប់ Donald Trump នេះមិនមែនជាជម្រើសធម្មតារវាង «បន្តសង្គ្រាម» ឬ «បញ្ឈប់សង្គ្រាម» ទេ ប៉ុន្តែជាជម្រើសរវាងអំណាចនយោបាយ និងក្របខណ្ឌច្បាប់រដ្ឋធម្មនុញ្ញ របស់សហរដ្ឋអាមេរិក។

ក្នុងពេលដែលសម្ពាធពីសភាកាន់តែខ្លាំងឡើង ហើយស្ថានភាពនៅលើច្រក Hormuz នៅតែមានភាពតានតឹង អ្វីដែលកំពុងកើតឡើង គឺជាការប្រកួតប្រជែងរវាង «យុទ្ធសាស្ត្រ» និង «ពេលវេលា»។ នៅក្នុងបរិបទនេះ សំណួរមិនមែនសម្រាប់តែ វ៉ាស៊ីនតោនទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលថា តើសហរដ្ឋអាមេរិក នឹងជ្រើសរើសគោរពច្បាប់ និងប្តូរទិសទៅរកសន្តិភាព ឬបន្តសង្គ្រាមក្រោមសម្ពាធនយោបាយ និងការប្រកួតប្រជែងអំណាច?