ទីស្តីការគណៈរដ្ឋមន្រ្តី បើកវគ្គបណ្តុះបណ្តាល ស្តីពីតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់អង្គភាពថវិកា
28-04-2026 18:04
(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់អង្គភាពថវិកា ជូនដល់មន្ត្រីហិរញ្ញវត្ថុនៃអង្គភាពថវិកា ដែលជាអាជ្ញាធរ ក្រុមប្រឹក្សា គណៈកម្មាធិការ និងអង្គភាពនានា នៃទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក អេង ទូច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និង ត្រូវបានរៀបចំដោយក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមការគាំទ្រ និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រមទាំងមានការអញ្ជើញចូលរួមជាគ្រូឧទ្ទេសពីមន្ត្រីជំនាញមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក អេង ទូច បានគូសបញ្ជាក់ថា កន្លងមក ទីស្តីការគណៈរដ្ឋមន្រ្តីបានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅគ្រប់ដំណាក់កាល ចាប់តាំងពីដំណាក់កាលទី១ រហូតដល់ដំណាក់កាលទី៤។
លោកបានបន្តថា ដំណាក់កាលទី៤នេះ គឺជាដំណាក់កាលមួយដែលទាមទារឱ្យគ្រប់ក្រសួងស្ថាប័នត្រូវតែមានយន្តការ និងនីតិវិធីឱ្យកាន់តែច្បាស់លាស់ ដើម្បីធានាថាធនធាន សាធារណៈត្រូវបានប្រើប្រាស់ ប្រកបដោយសក្តិសិទ្ធិភាព និងបង្កើតបាននូវសមិទ្ធផលជាក់ស្តែង។ ជាក្របខណ្ឌពេលវេលានៅក្នុងផែនការសកម្មភាពរួម ដំណាក់កាលទី៤នេះ ការផ្ទេរសិទ្ធិពេញលេញជូនអង្គភាពថវិកា ត្រូវសម្រេចឱ្យបានយ៉ាងយូរត្រឹមឆ្នាំ២០២៨។
ក្នុងនោះដែរ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានរៀបចំផែនការផ្ទេរសិទ្ធិពេញលេញជូនអង្គភាពថវិកា ទៅតាមដំណាក់កាល គិតចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ ស្របតាមស្ថានភាព និងសំណូមពររបស់អង្គភាពថវិកានីមួយៗផងដែរ។
លោក អេង ទូច បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់ការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេស ដើម្បីទទួលបានចំណេះដឹងបន្ថែម និងជាពិសេសស្វែងយល់ ឱ្យបានច្បាស់អំពីការក្លាយខ្លួនជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ក៏ដូចជាកិច្ចការដែលត្រូវធ្វើ រាប់តាំងពីដំណាក់កាលដំបូងនៃរដ្តថវិកា ដើម្បីអាចត្រៀមខ្លួន អនុវត្តនាពេលខាងមុខ៕




