អ្នកឧកញ៉ា លីម ហ៊ួរ នីតូ ពង្រឹងការផ្គត់ផ្គង់វិស័យសុខាភិបាលនៅកម្ពុជា តាមរយៈភាពជាដៃគូអន្តរជាតិថ្មីសម្រាប់ការផ្លាស់ប្តូរពីការនាំចូលពីប្រទេសថៃ

28-04-2026 18:32

(ភ្នំពេញ)៖ នៅក្នុងបរិបទដែលទស្សនៈ របស់អ្នកប្រើប្រាស់កំពុងផ្លាស់ប្តូរ និងមានការអំពាវនាវកាន់តែខ្លាំង ឲ្យកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីប្រទេសជិតខាង ជាពិសេសប្រទេសថៃ អ្នកឧកញ៉ា លីម ហ៊ួរ នីតូ ប្រធានក្រុមហ៊ុន Kirisan Group បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹងវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈភាពជាដៃគូអន្តរជាតិថ្មីមួយ។

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន Kirisan Group បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តាច់មុខ ជាមួយក្រុមហ៊ុន Mankind Pharma ដែលជាក្រុមហ៊ុនឱសថ ឈានមុខមួយ នៅប្រទេសឥណ្ឌា ដើម្បីនាំយកផលិតផល OTC (ឱសថដែលអាចទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជា) ពេញលេញរបស់ខ្លួន ចូលមកទីផ្សារកម្ពុជា។

ព្រឹត្តិការណ៍នេះបានកំណត់ឲ្យកម្ពុជា ក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលដាក់ឲ្យប្រើប្រាស់ផលិតផល OTC ពេញលេញរបស់ Mankind Pharma។

ដោយមានចំណូលប្រចាំឆ្នាំប្រហែល១.២ពាន់លានដុល្លារ និងប្រតិបត្តិការនៅជាង៤០ប្រទេសទូទាំងពិភពលោក ក្រុមហ៊ុន Mankind Pharma ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ សម្រាប់ការផ្គត់ផ្គង់ផលិតផលសុខាភិបាល ដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ។

ពិធីចុះហត្ថលេខានេះ ត្រូវបានចូលរួមដោយលោក Sanjay Mishra តំណាងឲ្យ Mankind Pharma ព្រមទាំងមានការផ្តល់កិត្តិយសជាពិសេសជូនដល់លោក Balwinder Singh Sethi ដែលមានតួនាទីសំខាន់ ក្នុងការជំរុញឲ្យកិច្ចសហការនេះកើតមានឡើង។

ក្នុងឱកាសនោះ អ្នកឧកញ៉ា លីម ហ៊ួរ នីតូ បានលើកឡើងអំពីសារៈសំខាន់ នៃការធ្វើពហុភាគីភាពក្នុងខ្សែផ្គត់ផ្គង់នៅកម្ពុជា ដោយបានលើកឡើងថា «រយៈពេលជាច្រើនឆ្នាំមកនេះ ផលិតផលសុខាភិបាល និងសុខុមាលភាពភាគច្រើននៅកម្ពុជា បានពឹងផ្អែកលើការនាំចូលពីប្រទេសជិតខាង ជាពិសេសប្រទេសថៃ»។

អ្នកឧកញ៉ា លីម ហ៊ួរ នីតូ បានបន្ដថា «ក្នុងស្ថានភាពបច្ចុប្បន្ន យើងឃើញថា មានតម្រូវការច្បាស់លាស់ក្នុងការពង្រីក និងពង្រឹងប្រភពផ្គត់ផ្គង់ តាមរយៈដៃគូអន្តរជាតិ ដែលអាចទុកចិត្តបាន»។

លោកបានបន្ថែមថា «ភាពជាដៃគូជាមួយ Mankind Pharma នេះ អនុញ្ញាតឲ្យយើងនាំយកជម្រើសថ្មីៗ ដែលមានគុណភាពអន្តរជាតិ និងអាចទុកចិត្តបាន ដើម្បីធានាថា ប្រជាពលរដ្ឋកម្ពុជា នឹងបន្តទទួលបានផលិតផលសុខាភិបាលដែលមានសុវត្ថិភាព តម្លៃសមរម្យ និងមានស្តង់ដារខ្ពស់»។

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Kirisan Group នឹងដាក់ឲ្យប្រើប្រាស់ផលិតផល OTC ចម្រុះ ដែលផ្តោតលើវិស័យសំខាន់ៗ ដូចជា៖
* សុខភាពផ្លូវភេទ៖ រួមមាន Manforce ដែលជាស្រោមអនាម័យ និងជែលរំអិលគុណភាពខ្ពស់
* សុខភាពស្ត្រី៖ ដឹកនាំដោយ Prega News ដែលជាឧបករណ៍តេស្តផ្ទៃពោះ
* សុខភាពប្រព័ន្ធរំលាយអាហារ៖ រួមមាន Gas-O-Fast ដែលជាឱសថបំបាត់អាស៊ីតក្នុងក្រពះ មានប្រសិទ្ធភាពលឿន និងមានមូលដ្ឋានជាឱសថបុរាណ។

ក្រៅពីនេះ ផលិតផលនៅក្នុងក្រុមនេះ ក៏រួមមានផលិតផលសុខភាព និងសុខុមាលភាពប្រចាំថ្ងៃជាច្រើនផ្សេងទៀត ដែលបំពេញតាមតម្រូវការកំពុងកើនឡើងរបស់អ្នកប្រើប្រាស់កម្ពុជា។

ជំហាននេះ បង្ហាញពីយុទ្ធសាស្ត្ររយៈពេលវែងរបស់ Kirisan Group ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រភពតែមួយ ខណៈពេលដែលពង្រឹងស្តង់ដារផលិតផល និងពង្រីកជម្រើសសម្រាប់អ្នកប្រើប្រាស់។

ភាពជាដៃគូនេះ ក៏បន្ថែមលើសមិទ្ធផលថ្មីៗរបស់ Kirisan Group បន្ទាប់ពីការបង្ហាញផលិតផលថ្មី ជាចំណីសត្វចិញ្ចឹម «Jomney» និងភាពជាដៃគូចែកចាយ ជាមួយផលិតផលថែទាំមាត់ធ្មេញ «Anchor» ដែលជួយពង្រឹងក្រុមហ៊ុនក្នុងវិស័យ FMCG និងសុខាភិបាលនៅកម្ពុជា។

អ្នកឧកញ៉ា លីម ហ៊ួរ នីតូ បានបញ្ជាក់ថា «យើងមានមោទនភាព ក្នុងការសហការជាមួយក្រុមហ៊ុនឈានមុខ លើពិភពលោកដូចជា Mankind Pharma។ នេះមិនមែនត្រឹមតែ ជាអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការធានាអំពីស្ថិរភាព ការជឿទុកចិត្ត និងជម្រើសល្អប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងរយៈពេលដែលមានការផ្លាស់ប្តូរ»។

កិច្ចសហការនេះ ត្រូវបានរំពឹងថា នឹងមានតួនាទីសំខាន់ ក្នុងការលើកកម្ពស់ប្រព័ន្ធសុខាភិបាលនៅកម្ពុជា ដោយធានាការផ្គត់ផ្គង់មានស្ថិរភាព ស្តង់ដារអន្តរជាតិ និងការជឿជាក់កាន់តែខ្លាំងពីអ្នកប្រើប្រាស់៕