អភិបាលខេត្តត្បូងឃ្មុំ សម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបឹងព្រួល មានតម្លៃជាង ២៤ម៉ឺនដុល្លារ និងលើកបង្ហាញពីសុខដុមនីយកម្មសាសនាក្នុងមូលដ្ឋាន

28-04-2026 18:56

(ត្បូងឃ្មុំ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា កុដិ និងសមិទ្ធផលនានា នៅក្នុងវត្តសិរីគង្គា (ហៅវត្តបឹងព្រួល) ស្ថិតក្នុងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

ពិធីនេះមានការចូលរួមពីអភិបាលរងខេត្ត ព្រះមន្រ្តីសង្ឃ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ និងលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានធ្វើការអុជទៀនបំភ្លឺ រួមទាំងថ្នាក់ដឹកនាំខេត្ត អុជធូបរួមគ្នា និមន្តព្រះសង្ឃសម្តែងធម៍ទេសនា និងប្រគេនបច្ច័យ ទេយ្យទាន ទេយ្យវត្ថុ គោរពទៅតាមប្រពៃណីទំនៀមទំលាប់ ព្រះពុទ្ធសាសនា។

ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា សមិទ្ធផលទាំងនេះ បានកើតឡើងដោយមានការចូលរួមចំណែកពីពុទ្ធបរិស័ទ និងសប្បុរសជនពីទីជិតឆ្ងាយ ក្រោមការជឿជាក់ និងការដឹកនាំរបស់ព្រះចៅអធិការ។

លោកបានបន្ថែមថា ជាពិសេសដោយភាពឆ្លាតវៃរបស់ព្រះចៅអធិការ និងគណៈកម្មការ អាចារ្យវត្ត ក្នុងការកៀគរថវិកា ពីសប្បុរសជន ក៏ដូចជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បី ដោះស្រាយការងារប្រចាំថ្ងៃ និងការអភិវឌ្ឍទីអារាមរបស់ខ្លួន ពោលគឺវត្តអារាមនីមួយៗ ពុំមានប្រាក់ចំណូលប្រចាំថ្ងៃ ដើម្បីយកមកផ្គត់ផ្គង់ព្រះសង្ឃ ក៏ដូចជា កិច្ចការមួយចំនួនទៀត រួមទាំង ការកសាងសមិទ្ធផលនានា នៅក្នុងវត្តបានឡើយ។

លោក ប៉ែន កុសល្យ បានគូសបញ្ជាក់ ពីវត្តមានរបស់បងប្អូនសាសនិកឥស្លាម ដែលបានចូលរួមក្នុងពិធីនេះយ៉ាងច្រើនកុះករ ដោយបង្ហាញឱ្យឃើញពីសាមគ្គីភាព និងសុខដុមនីយកម្មសាសនាយ៉ាងស្អិតរមួតនៅក្នុងមូលដ្ឋាន។

ក្រៅពីការងារសាសនា លោក អភិបាលខេត្ត ក៏បានឆ្លៀតឱកាសផ្ដាំផ្ញើ និងក្រើនរម្លឹកដល់អាជ្ញាធរស្រុក-ឃុំ ត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ពលរដ្ឋឱ្យបានទាន់ពេលវេលា។ ជាពិសេស ត្រូវរឹតបន្តឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដោយផ្តោតសំខាន់លើការបង្ក្រាបគ្រឿងញៀន និងក្មេងទំនើង ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។

តាមរបាយការណ៍លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា វត្តសិរីគង្គា ដែលមានអាយុកាល ៤៥ឆ្នាំ (កសាងតាំងពីឆ្នាំ១៩៨១) បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនរួមមាន៖ ឧបដ្ឋានសាលា កុដិថ្មពីរជាន់ របង ក្លោងទ្វារ ព្រះស្តូប ចេតិយ និងហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញវត្ត។ សមិទ្ធផលទាំងនេះ ចំណាយថវិកាសរុបអស់ចំនួន ២៤៦,៦៤២ដុល្លារអាមេរិក ដែលបានមកពីសទ្ធាជ្រះថ្លារបស់លោក គន់ គីម និងលោកស្រី ចំនួន ៨,០០០ដុល្លារ រួមជាមួយសប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយ៕