មន្ត្រីជាន់ខ្ពស់ CPP ចុះមូលដ្ឋានស្រុករវៀង ណែនាំមន្ត្រីបក្សត្រូវធ្វើគំរូល្អដល់ថ្នាក់ក្រោម និងកសាងទំនុកចិត្តដើម្បីទទួលបានការគាំទ្រពីពលរដ្ឋ
28-04-2026 19:15
(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ បានណែនាំដល់មន្ត្រីគណបក្សទាំងអស់ទូទាំងស្រុករវៀង ត្រូវធ្វើគំរូល្អដល់ថ្នាក់ក្រោម គឺគំរូក្នុងការគោរពលក្ខន្តិកៈរបស់គណបក្ស និងច្បាប់របស់រដ្ឋ គំរូល្អក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស គំរូល្អក្នុងការងារ និងគំរូល្អក្នុងជីវភាពរស់នៅ និងការកសាងទំនុកចិត្ត ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ មកលើគណបក្ស។
ការណែនាំរបស់លោក អ៊ុក គឹមសាន ក្នុងឱកាសដែលលោកអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលស្តីពីការងារត្រួតពិនិត្យគណបក្សជូនដល់មន្ត្រីគណបក្សស្រុករវៀង នៅស្នាក់ការគណបក្សស្រុក នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ទែន សារ៉ុម ប្រធានគណៈកម្មាធិការត្រួតពិនិត្យគណបក្សខេត្ត ព្រមទាំងមន្ត្រីគណបក្សខេត្ត ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករវៀង និង សាមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុករវៀង ជាច្រើនរូបទៀត។
ក្នុងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត លោក អ៊ុក គឹមសាន បានកោតសសើរ និងវាយតម្លៃខ្ពស់ដល់គណៈគ្រប់គ្រងវត្ត គ្រូឧទ្ទេស និងសិក្ខាកាម មន្ត្រីគណបក្សស្រុក ក៏ដូចបុគ្គលិកបម្រើការងាររបស់វគ្គ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បទពិសោធន៍ និងចំណេះដឹង ធ្វើបទឧទ្ទេសនាម ព្រមទាំងសម្របសម្រួល ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ធ្វើឱ្យសិក្ខាមទាំងអស់ បានសិក្សាឈ្វេងយល់នូវការងារជំនាញ ត្រួតពិនិត្យរបស់គណបក្ស និងបានផ្តល់ឱកាសក្នុងការលើកជាសំនួរ ចម្លើយយ៉ាងផុសផុលអស់រយះពេល២ថ្ងៃពេញនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលផ្លែផ្កានៅថ្ងៃនេះ។
លោក អ៊ុក គឹមសាន ក៏បានង្ហាញនូវសេចក្តីរំភើបសប្បាយរីករាយយ៉ាងក្រៃលែងចំពោះភាពជោគជ័យក្នុងដំណើរវគ្គបណ្តុះបណ្តាលនេះ គឺពិតជាបានធ្វើឱ្យសិក្ខាកាមដែលជាមន្ត្រីគណបក្សបានយល់កាន់តែច្បាស់អំពីតួនាទី មុខងារដ៏មានសារៈសំខាន់ការងារត្រួតពិនិត្យគណបក្ស ក្នុងការងារដឹកនាំរបស់គណបក្ស ពោលគឺមិនអាចខ្វះបានឡើយការងារត្រួតពិនិត្យ សំដៅរកឱ្យឃើញនៅ ចំណុចខ្លាំង ចំណុចខ្សោយដែលអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់បានអនុវត្ត ក្នុងការលើកសសើរជូនរង្វាន់ដល់មន្ត្រី និងដាក់ទោសពិន័យដល់អ្នកប្រព្រឹត្តខុសឆ្គង។
លោក អ៊ុក គឹមសាន បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងការលើកកម្ពស់សមត្ថភាព ចំណេះធ្វើ និងបទពិសោធន៍ លើការងារត្រួតពិនិត្យ ពិសេសក្នុងការបំពេញការងារត្រួតពិនិត្យគណបក្សនៅតាមគណៈកម្មាធិការ និងសាខារបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមគោលការណ៍ណែនាំនានារបស់ថ្នាក់កណ្តាល។
លោកបានវាយតម្លៃខ្ពស់ស្តីពីលទ្ធផលវគ្គបណ្តុះបណ្តាល ពិតជាមានសារសំខាន់ចំពោះមន្រ្តីគណបក្សយកទៅអនុវត្តក្នុងភារកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យ។ លោកថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ស៊ីជម្រៅអភិបាលកិច្ច និងការពង្រឹងអភិបាលកិច្ច ដោយអនុវត្តនូវអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាល និងវះកាត់ ដែលក្នុងនាមសមាជិកកគណបក្សត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបានមន្រ្តីគំរូ និងការកសាងទំនុកចិត្ត ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ មកលើគណបក្ស។
លោកក៏បានណែនាំដល់សិក្ខាកាមដែលជាមន្រ្តីគណបក្ស ត្រូវបន្តបង្កើនសាមគ្គីភាពផ្ទៃក្នុងគណបក្ស ខិតខំប្រឹងប្រែងបំពេញភារកិច្ចដែលគណបក្សប្រគល់ជូន កសាងអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីឱ្យគណបក្សទទួលបានជោគជ័យក្នុងការដឹកនាំកម្ពុជាជារៀងរហូតតរៀងទៅ និងយកចិត្តទុកដាក់អនុវត្តន៍នូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១-គ្រប់សមាជិក សមាជិកាគណបក្ស ពិសេសសិក្ខាកាមដែលមានវត្តមានក្នុងវគ្គដ៏មានសារសំខាន់នេះ ត្រូវក្តាប់ជាប់គោលការណ៍ដឹកនាំរបស់គណបក្ស គឺសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិច គោរពភាគច្រើន អនុវត្តរបៀបរបបការងាររបស់គណបក្សឱ្យបានម៉ត់ចត់ ប្រកាន់ខ្ជាប់អាកប្បកិរិយា រាបសារ ចាស់ទុំខាងនយោបាយ ប៉ុន្តែត្រូវតែម៉ឺងម៉ាត់ រឹងមាំខាងគោលជំហរ និងគោរពច្បាប់។
២-ធ្វើគំរូល្អដល់ថ្នាក់ក្រោម គឺគំរូក្នុងការគោរពលក្ខន្តិកៈរបស់គណបក្ស និងច្បាប់របស់រដ្ឋ គំរូល្អក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស គំរូល្អក្នុងការងារ និងគំរូល្អក្នុងជីវភាពរស់នៅ
៣-យកចិត្តទុកដាក់ចូលរួមជាមួយអង្គការចាត់តាំងគណបក្សនៅថ្នាក់របស់ខ្លួន ដើម្បីបន្តពង្រឹង និងពង្រីកអង្គការចាត់តាំងគណបក្សមន្ត្រី និងសមាជិកគណបក្សទាំងបរិមាណ និងគុណភាព ទាំងនយោបាយ
៤-លើកកកម្ពស់ស្មារតី អត់ធ្មត់ ព្យាយាម ចូលរួមពង្រឹងវិន័យរបស់គណបក្ស និងវិធានការណ៍មត់ចត់រកឱ្យឃើញនូវគុណសម្បត្តិ និងគុណវិបត្តិរបស់អង្គការចាត់តាំង និងមន្ត្រីគណបក្សដែលប្រព្រឹត្តខុស ឆ្គង និងលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃ
៥-បន្តរៀនសូត្រ និងដុសខាត់នូវចំណេះដឹងរបស់ខ្លួនឱ្យបានជាប្រចាំតាមស្មារតី «រៀនហើយរៀន ទៀត រៀនមួយជីវិត»។ ទន្ទឹមនេះ សូមយកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅជួយដល់គណៈកម្មាធិការគណបក្ស សាខាបក្ស នៅថ្នាក់របស់ខ្លួន ដើម្បីអប់រំបន្តដល់មន្ត្រី និងសមាជិក របស់ គណបក្សក្នុងអង្គភាពរបស់ខ្លួន ដែលពុំទាន់បានទទួលការបណ្តុះបណ្តាលនៅឡើយឱ្យបានយល់ដឹងស្របតាម ស្ថានភាព និងលទ្ធភាពជាក់ស្តែងនៃកន្លែងនីមួយៗ។
៦-ចូលរួមតាមដានក្តាប់ឱ្យជាប់រាល់សកម្មភាពខុសច្បាប់នានា ដែលកើតមាននៅតាមមូលដ្ឋាន ហើយផ្តល់មតិ ឬក៏ចូលរួមដោះស្រាយបញ្ហាទាំងអស់នោះ ដោយប្រើវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់។ ជាមួយនេះក្តាប់ជាប់សកម្មភាពរបស់ពួកប្រឆាំងជ្រុលនិយម និងពួកមជ្ឈដ្ឋានអមិត្ត ដែលធ្វើការវាយប្រហារមកលើគណបក្ស ថ្នាក់ដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល ដោយត្រូវអនុវត្តនូវ វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ មុតស្រួច និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា។
៧-បន្តចូលរួមយ៉ាងសកម្មក្នុងការចលនាទាក់ទាញកម្លាំងពីគណបក្សផ្សេងៗ នៅតាមមូលដ្ឋាន ដែលយើងកំពុងរស់នៅ ឬនៅតាមភូមិ សង្កាត់ដែលយើងកំពុងបំពេញការងារក្តីឱ្យងាកមកគាំទ្របុព្វហេតុត្រឹមត្រូវ និងយុត្តិធម៌របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលវិញ ហើយត្រូវថែបំប៉នស្មារតីរបស់គេឱ្យបានគត់មត់ និងត្រូវសហការជាមួយគណបក្សមូលដ្ឋានចាត់តាំងរៀបចំបញ្ចូលគេ ជាសមាជិកគណបក្សយើងស្របគោលការណ៍គណបក្ស។
៨-ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំដាច់ខាតក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ដោយប្រកាន់ខ្ជាប់នូវគោលជំហរ «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» ហើយលើក កម្ពស់ ស្មារតីប្រុងប្រយ័ត្ន និងប្រឆាំងដាច់ខាតចំពោះរាល់ឧបាយកល ល្បិចកលបំបែកបំបាក់ផ្ទៃក្នុង គណ បក្សយើង។
សូមបញ្ជាក់ថា៖វគ្គបណ្តុះបណ្តាលស្តីពីការងារត្រួតពិនិត្យគណបក្ស ជូនដល់មន្ត្រីគណបក្សស្រុករវៀង ខេត្តព្រះវិហារ បានប្រព្រឹត្តទៅរយះពេល២ថ្ងៃ ដោយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានរៀបចំពិធីបើកវគ្គក្រោមអធិបតីភាពលោក ខូយ ឃុនហ៊ អនុប្រធានគណបក្សខេត្ត និងជាប្រធានប្រចាំការគណបក្សខេត្ត តំណាងលោក ប្រាក់ សុវណ្ណ ប្រធានគណបក្សខេត្ត ដោយមានការចូលរួមពីសមាជិកអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការជាច្រើនរូបចុះមូលដ្ឋានស្រុករវៀង។ ដោយឡែកនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វគ្គបណ្តុះបណ្តាលនេះបានរៀបចំពិធីបិទ ក្រោមអធិបតីភាពលោក អ៊ុក គឹមសាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាស្រុករវៀង ដោយមានការប្រគល់វិញ្ញាបនបត្រលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមផងដែរ៕






















