ក្រសួងប្រៃសណីយ៍ ជ្រើសរើសនិស្សិតអាហារូបករណ៍ ២៥នាក់ ទៅសិក្សានៅក្រៅប្រទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណប និងលំហអាកាស សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
28-04-2026 21:18
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានឱ្យដឹងថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេស ការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ ជំនាញផ្កាយរណបនិងលំហអាកាស នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក.ប.ទ. នឹងផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៥នាក់ ដើម្បីទៅសិក្សានៅសាកលវិទ្យាល័យដៃគូមួយចំនួននៅប្រទេសបារាំង ចិន ជប៉ុន កូរ៉េ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌា។
ដែលមានអត្ថប្រយោជន៍ និងលក្ខខណ្ឌដូចខាងក្រោម៖
ទី១. អត្ថប្រយោជន៍នៃការសិក្សា និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖
*ការរ៉ាប់រងថ្លៃសិក្សា ១០០%
*ថ្លៃសំបុត្រយន្ដហោះទៅមក
*ប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ថ្លៃស្នាក់នៅ និងហូបចុក
*ថ្លៃធានារ៉ាប់រងសុខភាព
*អាទិភាពក្នុងការជ្រើសរើសឱ្យចូលបម្រើការងារនៅ ក.ប.ទ. ឬនៅតាមបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យានានា ក្រោយពេលបញ្ចប់ការសិក្សា
*អត្ថប្រយោជន៍ផ្សេងៗទៀត។
ទី២. លក្ខខណ្ឌនៃការជ្រើសរើស បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
*មានសញ្ជាតិខ្មែរ
*ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជំនាញមេកានិក អេឡិចត្រូនិក ទូរគមនាគមន៍ វិស្វកម្មសុសវែ ឬសញ្ញាបត្រសមមូល
*ត្រូវមានចំណេះដឹងភាសាអង់គ្លេស IELTS ចាប់ពី ៥.៥ ឡើងទៅ
*ត្រូវមានព្រឹត្តិបត្រពិន្ទុថតចម្លង (Transcripts)
*ត្រូវមានជីវប្រវត្តិរូបសង្ខេប
*ត្រូវមានសុខភាពល្អ។
និងទី៣. កាលបរិច្ឆេទ និងការទទួលពាក្យប្រឡង
*បេក្ខជន និងបេក្ខនារី ដែលមានចំណាប់អារម្មណ៍ និងមានលក្ខណសម្បត្តិគ្រប់គ្រាន់ សូមបំពេញបែបបទពាក្យស្នើសុំតាមរយៈ QR Code ខាងក្រោម ឬតាមរយៈតំណភ្ជាប់ https://www.cadt.edu.kh/satellite ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី
*ការប្រឡងប្រជែងនឹងធ្វើឡើងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) តាមរយៈប្រព័ន្ធកុំព្យូទ័រដែលផ្តោតលើវិញ្ញាសា គណិតវិទ្យា រូបវិទ្យា តក្កវិទ្យា និង ភាសាអង់គ្លេស
*បេក្ខជន និងបេក្ខនារី ដែលជាប់ក្នុងវគ្គជម្រុះ (Shortlist) នឹងត្រូវសម្ភាសជាមួយនឹងគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
*សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមន្រ្តីទទួលបន្ទុកតាមរយៈទូរសព្ទលេខ ០១៥ ៣៣៥ ៨៧៧ ឬ ០៧៧ ៣៣៥ ៨៧៧ ឬអ៊ីមែល [email protected] នៅរៀងរាល់ម៉ោងធ្វើការ៕






