បណ្ឌិត កៅ ថាច និង លោក នុត អ៊ុនវ័ណរ៉ា ក្នុងនាមផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងសុន្ទរកថាបើក និងធ្វេីជាវាគ្មិននៅក្នុងកម្មវិធីសិក្ខាសាលាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត

28-04-2026 21:33

(កំពង់ចាម និងព្រៃវែង)៖ បណ្ឌិត កៅ ថាច និងលោក នុត អ៊ុនវ័ណរ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សនិងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះបានអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលាចំនួន២ ស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគតដែលរៀបចំឡើងដោយយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេងស្ថិតនៅខេត្តកំពង់ចាម និងខេត្តព្រៃវែង។

កម្មវិធីសិក្ខាសាលាទី១ គឺពេលព្រឹកនៃថ្ងៃដដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារ ប៊ី អិន អាស៊ាន ក្នុងខេត្តកំពង់ចាម ដែលមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់លោក អ៊ុន ចាន់ដា ប្រធា នគណៈកម្មាធិការបក្សខេត្តកំពង់ចាម និងដោយមានវត្តមានចូលរួមពីសមាជិកសហគ្រិនវ័យក្មេងរបស់គណបក្សខេត្ត និងក្រៅប្រព័ន្ធសរុបចំនួន ១៥០នាក់ និងនៅពេលរសៀលនៃថ្ងៃដដែលសិក្ខាសាលាទី២ត្រូវបានរៀបចំឡើងនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានវត្តមានអញ្ជើញចូលរួមជាអធិបតីផងដែរពីសំណាក់លោក សួន សុម៉ាលីន អនុប្រធានគណកម្មាធិការបក្ស និងជាប្រធានយុវជនខេត្តព្រៃវែង និងឧកញ៉ា ប៉ិច ប៉ូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងមានអ្នកចូលរួមចំនួន ២៦០នាក់ ដែលជាសហគ្រិនវ័យក្មេង និងនិស្សិតមកពីសាលកវិទ្យាល័យជាតិជាសុីមកំចាយមារ។

ក្នុងឱកាសនោះ លោក នុត អ៊ុនវ័ណរ៉ា បានធ្វើបទបង្ហាញអំពីការវិនិយោគផ្ទាល់ពីបរទេស(FDI) , ស្ថានភាពវិនិយោគនៅកម្ពុជា, វិស័យវិនិយោគអទិភាព និងផលប្រយោជន៍នៃការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអនុគណកម្មការវិនិយោគខេត្ត ។ បន្ទាប់មក បណ្ឌិត កៅ ថាច បានថ្លែងថា សិក្ខាសាលាថ្ងៃនេះ បង្ហាញពីការត្រៀមខ្លួនសម្រាប់ការវិនិយោគនៅពេលអនាគត ស្របពេលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជាកាន់តែខ្ពស់ ខណៈដែលសេដ្ឋកិច្ចកម្ពុជាយើងកំពុងតែងើបឡើងវិញ និងបន្តកំណេីនពីមួយឆ្នាំទៅមួយឆ្នាំតាមការព្យាករណ៍សេដ្ឋកិច្ច និងបានបង្ហាញឲ្យឃើញពីសារសំខាន់ពីវិស័យសហគ្រិនភាពកម្ពុជាដែលកំពុងតែដើរតួជាកម្លាំងចលករមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតឱកាសការងារថ្មីៗជាដើម។

ជាមួយគ្នានោះ បន្ទាប់ពីបានធ្វើបទបង្ហាញអំពីម៉ូឌែលអាជីវកម្មខ្មែរពីសម័យអង្គររហូតមកដល់បច្ចុប្បន្នហេីយនឹងបានពន្យល់ដល់សហគ្រិនវ័យក្មេងនៅក្នុងខេត្តកំពង់ចាមនិងខេត្តព្រៃវែងដែរថា ការវិនិយោគសម្រាប់អនាគតដ៏ពិតប្រាកដ គឺមិនត្រូវបានវាស់វែងជាហិរញ្ញវត្ថុឬទ្រព្យសម្បត្តិតែម្យ៉ាងនោះទេ គឺត្រូវរួមបញ្ចូលទាំងការវាស់វែងទៅលើទស្សនវិស័យ ការច្នៃប្រឌិត និងសុចរិតភាព ជាដេីម។

ជាចុងក្រោយ បណ្ឌិត កៅ ថាច បានផ្តល់អនុសាសន៍ដ៏មានតម្លៃសម្រាប់សហគ្រិន និងម្ចាស់អាជីវកម្មដែលបានចូលរួម និងបានផ្តល់នូវសារសម្រាប់ការចងចាំមួយឃ្លាដ៏មានអត្ថន័យប្រកបដោយខ្លឹមសារសេ្នហាជាតិ «សហគ្រិនមិនត្រឹមតែកសាងធុរកិច្ចទេ ប៉ុន្តែថែមទាំងកំពុងតែចូលរួមកសាងជាតិយើងផងដែរ»៕