មន្រ្តីជាន់ខ្ពស់ក្រសួងការងារ ទទួលជួបសម្តែងការគួរសមជាមួយលេខាទូតទី១នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ខណៈចប់បេសកកម្មនៅកម្ពុជា

29-04-2026 10:39

(ភ្នំពេញ)៖ លោក សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសមជាមួយលោក Ando Kenta លេខាទូតទី១ នៃស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា ក្នុងឱកាសដែលលោកបញ្ចប់អាណត្តិបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។

នាឱកាសនោះ លោករដ្ឋលេខាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Ando Kenta ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងល្អជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាពេលកន្លងមក ជាពិសេសពាក់ព័ន្ធនឹងការបញ្ជូនកម្មសិក្សាការីខ្មែរទៅធ្វើការនៅប្រទេសជប៉ុន ការសម្របសម្រួលកិច្ចប្រជុំប្រចាំឆ្នាំស្តីពី ការបញ្ជូនកម្មសិក្សាការីបច្ចេកទេសទៅប្រទេសជប៉ុន និងកិច្ចប្រជុំពិភាក្សាលើ MOC ស្តីពីប្រព័ន្ធបញ្ជូនថ្មីផងដែរ។

ទន្ទឹមនឹងនេះ លោក Ando Kenta ក៏បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ហេង សួរ និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដែលបានធ្វើឱ្យការបំពេញបេសកកម្មការទូតរបស់លោកនៅប្រទេសកម្ពុជាបញ្ចប់ដោយជោគជ័យ និងបន្សល់ទុកនូវអនុវស្សាវរីយ៍ល្អៗ ជាមួយគ្នាជាច្រើន។ លោក Ando ក៏បានគូសបញ្ជាក់ពីផែនការសកម្មភាពការងាររបស់ រាជរដ្ឋាភិបាលជប៉ុន ក្នុងការអនុវត្តប្រព័ន្ធបញ្ជូនថ្មីជាមួយកម្ពុជា និងពីការផ្តល់ជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈគម្រោងរបស់ អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់គាំទ្រដល់អតីពលករខ្មែរដែលបានវិលត្រឡប់ពីប្រទេសថៃនាពេលកន្លងទៅ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក Ando ក៏បានណែនាំលោក Kazuhiro Tokuda ដែលជាលេខាទូតទី១ ទទួលបន្ទុកវិស័យការងារថ្មី ជំនួសលោកផងដែរ។ ជាមួយនឹងការជូនពរលេខាទូតទី១ ទទួលជោគជ័យក្នុងការបំពេញបេសកកម្មការងារថ្មី លោករដ្ឋលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Kazuhiro Tokuda ដែលនឹងត្រូវមកបំពេញបេសកកម្មការងារជាលេខាទូតទី១ ជំនួសលោក Ando Kenta៕