ក្រុមហ៊ុនព័ត៌មានវិទ្យាចិន ចង់សហការជាមួយក្រសួងទេសចរណ៍ ប្រែក្លាយប្រទេសកម្ពុជា ជាទេសចរណ៍គោលដៅប្រកបដោយភាពឆ្លាតវៃ

29-04-2026 11:30

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោក Jim Ye អនុប្រធានក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើគម្រោង Super App សម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។

ការចូលជួបពិភាក្សានេះមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រុមហ៊ុន IG Anachak Tech និងសហការី។ កិច្ចប្រជុំនេះ បានផ្តោតសំខាន់ទៅលើប្រព័ន្ធគ្រប់គ្រងក្នុងវិស័យទេសចរណ៍រួមមាន៖ ១៖ ប្រព័ន្ធគ្រប់គ្រងវិស័យទេសចរណ៍ប្រកបដោយភាពឆ្លាតវៃ (Smart tourism management), ២៖ ប្រព័ន្ធគ្រប់គ្រងទិន្នន័យវិភាគទេសចរណ៍ (Tourism Data Analytics Dashboard), ៣៖ ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពដោយប្រើប្រាស់បញ្ញាសប្បនិមិត្ត AI + Safety Management, ៤៖ កម្មវិធីsuper app tourism + AI។

ជាការឆ្លើយតប រដ្ឋមន្រ្តី ហួត ហាក់ បានសម្តែងនូវការគាំទ្រលើគម្រោងរបស់ក្រុមហ៊ុន ដែលបំណងក្នុងការប្រែក្លាយប្រទេសកម្ពុជា ប្រទេសកម្ពុជាជាទេសចរណ៍គោលដៅប្រកបដោយភាពឆ្លាតវៃ និងបានអនុញ្ញាតឱ្យក្រុមហ៊ុនiSoftStone Information Technology (Group) Co., Ltd. និងក្រុមហ៊ុន IG Anachak Tech សិក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការនេះ៕